Man City ទម្លាក់ម្ចាស់ការពារជើងឯក Newcastle ឡើងប៉ះ Arsenal ប្រជែងជើងឯក League Cup ខែក្រោយ

(បរទេស)៖ Manchester City បានបញ្ចប់បេសកកម្មរបស់សារិកាព្រៃ Newcastle United ក្នុងនាមជាជើងឯក League Cup រដូវកាលមុន តាមរយៈយកឈ្នះ ៣-១ ក្នុងជើងទី២ នាយប់មិញទៀត ដើម្បីឡើងទៅប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រនាខែក្រោយនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមរបស់លោក Pep Guardiola បន្តធ្វើបានល្អថែមទៀត ក្នុងកីឡដ្ឋាន Etihad របស់ខ្លួន បន្ថែមលើជ័យជម្នះ ២-០ កាលជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងផ្ទះរបស់ Newcastle។

កីឡាករ Omar Marmoush ធ្វើបាន ២គ្រាប់ម្នាក់ឯង មុនពេលមិត្តរួមក្រុម Tijjani Reijnder ក៏រួមចំណែករកបាន ១គ្រាប់ផងដែរ នៅមុនពេលបញ្ចប់វគ្គទី១ ហើយ Anthony Elanga ធ្វើការវាយបកបានតែ ១គ្រាប់សម្រាប់ក្រុមភ្ញៀវរបស់លោក Eddie Howe នៅនាទី៦២ ដ្បិតគ្រាប់បំប៉ោងសំណាញ់ទីរបស់ Harvey Barnes ត្រូវបានបដិសេធ។

ក្រោយបញ្ចែបញ្ចប់ការប្រកួតពេញ ៩០នាទីក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស City ត្រូវបានប្រកាសជាបេក្ខភាពប្រជែងជើងឯកពានលំដាប់ទី៣ អង់គ្លេស League Cup 2025-26 ទល់នឹងក្រុមកំពូលតារាង Premier League បច្ចុប្បន្នគឺ កាំភ្លើងធំ Arsenal ដែលនឹងធ្វើឡើងនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅកីឡដ្ឋានជាតិ Wembley៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top