កីឡាករជប៉ុន មានសញ្ជាតិខ្មែរ Yudai Ogawa បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការរួមចំណែកបង្កើតប្រវត្តិសាស្រ្តថ្មីជាមួយក្លិបព្រះខ័នរាជស្វាយរៀង ចំណែកមិត្តរួមក្រុមរបស់គេ សឿត បារាំង ក៏បានបង្ហាញពីគោលជំហរ ក្នុងការស្វែងរកសមិទ្ធផលថ្មី ជូនក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះផងដែរ។
ការបង្ហាញពីឆន្ទៈ និងគោលជំហរ ជួយដល់ក្រុមព្រះខ័នរាជស្វាយរៀងនេះ ក៏ព្រោះតែកីឡាករធ្លាប់លេងឱ្យក្រុមភ្នំពេញក្រោន ជាច្រើនឆ្នាំ Yudai Ogawa និង សឿត បារាំង បានសម្រេចចិត្តមកចូលរួមជាមួយស្វាយរៀង សម្រាប់ការប្រកួតប្រជែង នៅរដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ជាផ្លូវការហើយ ដោយស្វាយរៀង បានប្រកាសស្វាគមន៍អ្នកទាំង២នេះ កាលពីថ្ងៃអង្គារ។
អ្នកគាំទ្របាល់ទាត់កម្ពុជា បានបង្ហាញការសាទរខ្លាំង នៅពេលឃើញ Yudai Ogawa បានសម្រេចចិត្តចូលរួមជាមួយក្រុមស្វាយរៀង ព្រោះពួកគេចង់ឃើញកីឡាករជប៉ុនមានសញ្ជាតិខ្មែររូបនេះ បន្តលេងនៅលីគកម្ពុជា ខណៈកីឡាករបរទេសមានសញ្ជាតិខ្មែរ២នាក់ទៀត គឺ Nieto Rondon និង Takaki Ose សុទ្ធតែបានសម្រេចចាកចេញពីកម្ពុជា ក្រោយចែកផ្លូវជាមួយភ្នំពេញក្រោននោះ។
នៅក្នុងបទសម្ពាសជាមួយក្លិបព្រះខ័នរាជស្វាយរៀងជផ្ទាល់ នៅថ្ងៃពុធនេះ Yudai បានចាត់ទុក ព្រះខ័នរាជស្វាយរៀង ជាក្លិបអាជីពកំពូលមួយនៅប្រទេសកម្ពុជា ដែលមានការទំនុកបម្រុងបានល្អទៅលើក្រុមកីឡាករទាំងអាហារ សម្ភារបរិក្ខារ និងកន្លែងហាត់ប្រាណ ហើយ Yudai មានការអន្ទះសាចង់បង្ហាញសមត្ថភាពជាមួយក្រុមស្វាយរៀង ក្នុងការប្រកួយអន្តរជាតិ ជាពិសេសការប្រកួតវគ្គចែកពូលពាន AFC Challenge League ដែលកាលពីរដូវកាលមុន ស្វាយរៀង បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្តលើកដំបូង។
រំឭកទៅដល់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024-2025 ដែលក្រុមស្វាយរៀង បានចាញ់ក្រុម FK Arkadag របស់តួកមេគីស្ថាន ២-១ នោះ Yudai Ogawa បាននិយាយថា៖ «ខ្ញុំមានបទពិសោធន៍រួចហើយ ប៉ុន្តែស្វាងរៀង បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ហើយវាកៀកខ្លាំងណាស់។ ខ្ញុំបានមើលការប្រកួតនោះ គឺពួកគេលេងបានល្អណាស់ ហើយនេះជាអ្វីដែលខ្ញុំសម្រេចចិត្តចូលរួមជាមួយក្លិបនេះ»។
សម្រាប់ការប្រកួតរដូវកាល ឆ្នាំ២០២៤-២០២៥ កន្លងមកនេះ Yudai បានមើលឃើញថា កម្រិតក្លិបកម្ពុជា នៅលើប្រទេសឥណ្ឌូនេស៊ី តាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អ។ «ក្រុមកម្ពុជា លេងបានល្អណាស់ ក្នុងការប្រកួត AFC ហើយនោះជាអ្វីដែលខ្ញុំមានមោទនភាព ចំណែកគោលដៅបន្ទាប់ គឺការឈ្នះពាន ដូច្នេះខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំង ក្នុងការប្រកួតប្រជែង និងការប្រកួតបន្ទាប់»។
កីឡាកររូបនេះ បានបន្ថែមថា៖ «ខ្ញុំត្រៀមខ្លួនរួចហើយ ហើយខ្ញុំទន្ទឹងរង់ចាំលេងជាមួយមិត្តរួមក្រុម ជាមួយអ្នកគាំទ្រ និងជាមួយទម្រង់លេងដ៏ទាក់ទាញនេះ។ វាជាការពិតណាស់ ខ្ញុំចង់បង្កើតប្រវត្តិសាស្រ្តជាមួយក្រុម និងជាមួយអ្នកគាំទ្រ សម្រាប់រដូវកាលខាងមុខ និងការប្រកួតក្នុងពេលខាងមុខ ដូច្នេះខ្ញុំរំភើបណាស់»។
ចំណែក សឿត បារាំង ក៏បានបង្ហាញភាពសប្បាយរីករាជាមួយបរិយាកាសថ្មី និងភាពស្តង់ដា ដែលក្លិបព្រះខ័នរាជស្វាយរៀង មាននៅពេលនេះ ខណៈរូបគេ ក៏ចង់បានអ្វីដែលថ្មី។ បារាំង និយាយថា៖ «មូលហេតុដែលខ្ញុំចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង គឺខ្ញុំចង់ស្វែងរកបទពិសោធន៍ថ្មី ក៏ដូចជាការប្រកួតប្រជែងថ្មី និងបានមើលពីបរិយាកាសខាងក្រៅថា វាយ៉ាងណា? សំខាន់ចង់បានបទពិសោធន៍ និងជោគជ័យបន្ថែមទៀត ជាមួយអ្វីដែលថ្មី»។
យ៉ាងណាក៏ដោយ សឿត បារាំង បានអះអាងថា វាពិតជាមានការពិបាក ក្នុងការសម្រេចដើរចេញពីក្រុមភ្នំពេញក្រោន ដើម្បីមកចូលរួមជាមួយក្រុមស្វាយរៀង នៅពេលនេះ ព្រោះកីឡាករ ដែលអាចលេងទាំងតំណែងជាខ្សែការពារ និងបម្រើរូបនេះ បានរួមរស់ជាមួយក្លិបភ្នំពេញក្រោន តាំងពីនៅជាយុវជន ក្នុងឆ្នាំ២០១១ មុនពេលរូបគេ បានវិវឌ្ឍខ្លួនឡើងមកលេងនៅក្រុមធំរបស់ភ្នំពេញក្រោន នៅឆ្នាំ២០១៦ រហូតដល់ពេលនេះ។
សឿត បារាំង បានបញ្ជាក់ថា៖ «សម្រាប់ការសម្រេចចិត្ត (ចាកចេញពីក្លិបភ្នំពេញក្រោន) វាពិបាក ព្រោះយើងនៅទីនោះតាំងពីក្មេង ប៉ុន្តែនេះជាបាល់ទាត់។ បើសិនជាយើង ចង់ស្វែងរកអ្វីដែលថ្មី យើងត្រូវហ៊ានទៅមុខបន្តទៀត។ ខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកសមិទ្ធផលជូនក្លិប នាពេលខាងមុខ»៕