Yudai Ogawa ចង់​បង្កើតប្រវត្តិសាស្រ្តជាមួយព្រះខ័នរាជស្វាយរៀង រីឯ សឿត បារាំង ក៏ប្តេជ្ញា​​ជួយ​ដល់​ក្លិបនេះ

កីឡាករជប៉ុន មានសញ្ជាតិ​ខ្មែរ Yudai Ogawa បានបង្ហាញ​ឆន្ទៈ​ខ្ពស់ ក្នុងការ​រួម​ចំណែក​បង្កើតប្រវត្តិសាស្រ្តថ្មី​ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ចំណែក​​មិត្ត​រួមក្រុម​របស់​គេ សឿត បារាំង ក៏បានបង្ហាញ​ពីគោលជំហរ ក្នុងការ​ស្វែង​រក​សមិទ្ធផល​ថ្មី ជូន​ក្រុមមាន​មូលដ្ឋាន​នៅខេត្ត​ស្វាយរៀងមួយ​នេះផងដែរ។

ការ​បង្ហាញពី​ឆន្ទៈ និងគោលជំហរ ​ជួយ​ដល់ក្រុម​​​ព្រះខ័នរាជស្វាយរៀងនេះ ក៏ព្រោះ​តែ​កីឡាករ​ធ្លាប់លេង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន ជាច្រើន​ឆ្នាំ​ Yudai Ogawa និង សឿត បារាំង បានសម្រេចចិត្តមកចូលរួមជាមួយ​ស្វាយរៀង សម្រាប់ការ​ប្រកួតប្រជែង​ នៅរដូវ​កាលថ្មី ឆ្នាំ​២០២៥-២០២៦ ជាផ្លូវការហើយ​ ដោយ​ស្វាយរៀង បានប្រកាស​ស្វាគមន៍​អ្នកទាំង​២នេះ កាលពី​ថ្ងៃ​អង្គារ។

អ្នកគាំ​ទ្រ​បាល់​ទាត់​កម្ពុជា បានបង្ហាញការ​សាទរ​ខ្លាំង នៅពេលឃើញ Yudai Ogawa បាន​សម្រេច​ចិត្តចូលរួមជាមួយក្រុម​ស្វាយរៀង ព្រោះ​ពួកគេ​ចង់​ឃើញ​កីឡាករជប៉ុន​មានសញ្ជាតិ​ខ្មែររូបនេះ បន្ត​លេង​នៅលីគកម្ពុជា ខណៈ​​​កីឡាករ​បរទេស​មានសញ្ជាតិ​ខ្មែរ​២នាក់​ទៀត គឺ Nieto Rondon និង Takaki Ose សុទ្ធតែ​បានសម្រេចចាកចេញ​ពីកម្ពុជា ​​ក្រោយ​ចែក​ផ្លូវ​ជាមួយ​​​ភ្នំពេញ​ក្រោន​នោះ។

នៅក្នុង​បទសម្ពាស​ជាមួយក្លិបព្រះខ័នរាជស្វាយរៀងជផ្ទាល់ នៅថ្ងៃពុធ​នេះ Yudai បាន​​ចាត់ទុក ​ព្រះខ័នរាជស្វាយរៀង ជា​ក្លិបអាជីពកំពូលមួយនៅប្រទេស​កម្ពុជា ដែល​មានការទំនុក​បម្រុង​បាន​ល្អ​​​ទៅលើ​ក្រុមកីឡាករ​ទាំង​​អាហារ សម្ភារបរិក្ខារ និង​កន្លែង​ហាត់ប្រាណ​ ហើយ Yudai មាន​​ការអន្ទះសា​ចង់​បង្ហាញ​សមត្ថ​ភាព​ជាមួយ​ក្រុមស្វាយរៀង ក្នុង​ការ​ប្រកួយ​អន្តរជាតិ ជាពិសេស​ការ​ប្រកួត​វគ្គ​ចែកពូល​ពាន​ AFC Challenge League ដែល​កាលពី​រដូវកាលមុន ស្វាយរៀង បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្តលើកដំបូង។

រំឭក​ទៅដល់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រពាន​រង្វាន់ AFC Challenge League 2024-2025 ដែល​ក្រុមស្វាយរៀង បានចាញ់​ក្រុម FK Arkadag របស់តួកមេគីស្ថាន ២-១ នោះ Yudai Ogawa បាននិយាយ​ថា៖ «ខ្ញុំមានបទពិសោធន៍រួច​ហើយ ប៉ុន្តែ​ស្វាង​រៀង បានឈាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយវាកៀកខ្លាំងណាស់​។ ខ្ញុំបាន​មើល​ការ​ប្រកួត​នោះ គឺ​ពួកគេ​លេង​បាន​ល្អណាស់ ហើយនេះ​ជា​អ្វីដែល​ខ្ញុំ​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លិប​នេះ»។

សម្រាប់ការ​ប្រកួត​រដូវ​កាល​ ឆ្នាំ​២០២៤-២០២៥ កន្លងមកនេះ Yudai បាន​មើល​ឃើញ​ថា កម្រិត​ក្លិបកម្ពុជា នៅលើប្រទេស​ឥណ្ឌូនេស៊ី តាម​រយៈការ​បង្ហាញ​ទម្រង់លេងយ៉ាងល្អ។ «ក្រុម​កម្ពុជា លេងបាន​ល្អណាស់ ក្នុងការប្រកួត AFC ហើយនោះជា​អ្វីដែលខ្ញុំ​មាន​មោទនភាព ចំណែក​គោលដៅបន្ទាប់ គឺការ​ឈ្នះ​ពាន ដូច្នេះខ្ញុំ​ទន្ទឹង​រង់ចាំ​យ៉ាងខ្លាំង ក្នុងការ​ប្រកួតប្រជែង និងការ​ប្រកួតបន្ទាប់»​។

កីឡាករ​រូបនេះ បានបន្ថែម​ថា៖ «ខ្ញុំត្រៀមខ្លួន​រួច​ហើយ ហើយខ្ញុំ​ទន្ទឹង​រង់ចាំ​លេងជាមួយមិត្ត​រួមក្រុម ជាមួយ​អ្នកគាំ​ទ្រ និងជាមួយទម្រង់លេង​ដ៏ទាក់​ទាញនេះ។ វាជាការ​ពិតណាស់ ខ្ញុំចង់បង្កើតប្រវត្តិសាស្រ្ត​ជាមួយ​ក្រុម​ និងជាមួយអ្នកគាំទ្រ សម្រាប់រដូវ​កាលខាងមុខ និងការ​ប្រកួតក្នុងពេល​ខាងមុខ ដូច្នេះ​ខ្ញុំរំភើបណាស់»។

ចំណែក សឿត បារាំង ក៏​បានបង្ហាញ​ភាពសប្បាយ​រីក​រាជាមួយ​បរិយាកាស​ថ្មី និងភាពស្តង់ដា ដែល​ក្លិប​ព្រះខ័នរាជស្វាយរៀង មាននៅពេល​នេះ ខណៈ​រូបគេ ក៏ចង់បាន​អ្វីដែល​ថ្មី។ បារាំង និយាយថា៖ «មូលហេតុដែលខ្ញុំ​ចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង គឺ​ខ្ញុំ​ចង់ស្វែង​រកបទពិសោធន៍ថ្មី ក៏ដូចជា​ការ​ប្រកួត​ប្រជែង​ថ្មី និង​បាន​មើល​ពីបរិយាកាស​ខាង​ក្រៅថា វាយ៉ាងណា? សំខាន់​ចង់បានបទពិសោធន៍ និងជោគជ័យ​បន្ថែម​ទៀត ជាមួយ​អ្វីដែល​ថ្មី»។

យ៉ាង​ណាក៏​ដោយ សឿត បារាំង បានអះអាង​ថា វាពិតជាមានការពិបាក ក្នុងការ​សម្រេច​ដើរចេញពី​ក្រុម​ភ្នំពេញក្រោន ដើម្បីមកចូលរួមជាមួយក្រុម​ស្វាយរៀង នៅពេលនេះ ព្រោះកីឡាករ ដែល​អាច​លេង​ទាំង​តំណែង​ជា​ខ្សែ​ការពារ និង​បម្រើ​រូបនេះ បានរួមរស់ជាមួយ​ក្លិប​ភ្នំពេញក្រោន តាំងពីនៅជាយុវជន ក្នុងឆ្នាំ​២០១១ មុនពេល​រូប​គេ បានវិវឌ្ឍ​ខ្លួន​ឡើងមកលេង​នៅ​ក្រុម​ធំ​​របស់​ភ្នំពេញ​ក្រោន នៅឆ្នាំ២០១៦ រហូតដល់ពេល​នេះ។

សឿត បារាំង បានបញ្ជាក់​ថា៖ «សម្រាប់ការ​សម្រេច​ចិត្ត​ (ចាក​ចេញពី​ក្លិបភ្នំពេញ​ក្រោន) វាពិបាក ព្រោះ​យើង​នៅទី​នោះ​តាំងពីក្មេង ប៉ុន្តែ​នេះជាបាល់​ទាត់។ បើ​សិនជា​យើង ចង់ស្វែង​រក​អ្វីដែល​ថ្មី យើង​ត្រូវ​ហ៊ាន​ទៅមុខ​បន្តទៀត។ ខ្ញុំមានការ​ប្តេជ្ញា​ចិត្តខ្ពស់ថា នឹង​ខិតខំប្រឹងប្រែង​ឱ្យអស់ពីសមត្ថភាព​ ដើម្បីស្វែង​រកសមិទ្ធផល​ជូនក្លិប នាពេល​ខាងមុខ»៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top