ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមកីឡាការិនីជម្រើសជាតិហ្គាំ នាព្រលប់ម៉ោង៧ ថ្ងៃពុធនេះ ហើយពួកគេ ចង់ដណ្តើមបានជ័យជម្នះ ដើម្បីជាកម្លាំងចិត្ត សម្រាប់ចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 ក្នុងនាមជាម្ចាស់ផ្ទះ។
កីឡាការិនីជម្រើសជាតិ ហ៊ា ស្រីឡាស់ បានទទួលស្គាល់ថា ការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ពិតជាមានរយៈពេលខ្លីមែន ប៉ុន្តែនាងបានអះអាងថា ក្រុមទាំងមូលបានព្យាយាមស្វែងយល់ពីតាក់ទិច ទិចនិករបស់ក្រុម និងត្រៀមខ្លួនជាច្រើនជាមួយគ្រូបង្វឹក ហើយគ្រប់គ្នា ចង់ដណ្តើមយកជ័យជម្នះ សម្រាប់ការប្រកួតនេះ។
ស្រីឡាស់ បាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖ «នេះជាការប្រកួតមិត្តភាពអន្តរជាតិ លើកដំបូង នៅក្នុងប្រទេសរបស់យើង សម្រាប់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា អ៊ីចឹងយើងនឹងព្យាយាមធ្វើឱ្យបានល្អ ដើម្បីទទួលបានជ័យជម្នះ។ ខ្ញុំទទួលស្គាល់ថា ការប្រមូលផ្តុំរបស់យើង ពិតជាខ្លីមែន ប៉ុន្តែវាមិនជាមានបញ្ហាអ្វីប៉ុន្មានទេ ព្រោះឥឡូវនេះពួកយើងយល់ពីគ្នាបានច្រើន»។
យ៉ាងណាក៏ដោយ កីឡាការិនីជម្រើសជាតិរូបនេះ មើលឃើញថា ការគាំទ្របាល់ទាត់នារី នៅកម្ពុជា វាមិនទាន់ឈានដល់កម្រិតមួយដែលល្អទេ ហេតុនេះ ស្រីឡាស់ បានអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ ចូលរួមគាំទ្របាល់ទាត់នារីឱ្យបានច្រើន ដើម្បីជាកម្លាំងចិត្តដល់ពួកគេ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃនេះ ក៏ដូចជាត្រៀមខ្លួន ការប្រកួតវគ្គជម្រុះពាន AFC Women’s Asian Cup Australia 2026 ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះប្រចាំពូលG ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី៥ ខែកក្កដា។
ចំពោះការប្រកួតទាំង២នេះ ហ៊ា ស្រីឡាស់ បានចាត់ទុកថា ជាពេលវេលា ដែលក្រុមនារីកម្ពុជា ត្រូវបំពេញកាតព្វកិច្ចជូនជាតិ។ នាងបញ្ជាក់ថា៖ «ទម្រាំយើងមកដល់ចំណុចនេះ (ជាប់ជម្រើសជាតិ) អាចនិយាយបានថា វាជាកាតព្វកិច្ចមួយ ដែលយើងត្រូវបំពេញជូនជាតិ ដើម្បីជួយឱ្យបាល់ទាត់នារីនៅកម្ពុជា មានការរីកចម្រើន ហើយវាក៏ជាផ្នែកមួយ ជួយឱ្យក្មេងៗនារីជំនាន់ក្រោយ មានកម្លាំងចិត្ត ក្នុងការចូលរួមជាមួយបាល់ទាត់នារី»។
ចំណែកលោក Conor Nestor គ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា បានចាត់ទុកក្រុមកីឡាការិនីជម្រើសជាតិហ្គាំ ជាក្រុមខ្លាំងមួយ ហើយកីឡាការិនីភាគច្រើនរបស់ក្រុមនេះ មានមាឌធំ ហើយខ្ពស់ ដែលធ្វើឱ្យគ្រប់គ្នា នៅក្នុងក្រុមជម្រើសជាតិនារីកម្ពុជា កាន់តែអន្ទះសាចង់ឃើញ និងចង់ប្រកួតជាមួយក្រុមមួយនេះ កាន់តែខ្លាំង។
យ៉ាងណាក៏ដោយ គ្រូបង្គោលក្រុមបឹងកេត លោក Conor Nestor មានសុទិដ្ឋិនិយមខ្ពស់ទៅលើក្រុមជម្រើសជាតិនារីកម្ពុជា ដោយសារពួកគេ ធ្វើបានល្អ នៅក្នុងការប្រកួតពានរង្វាន់ AFF Women’s Cup 2024 គឺបានចំណាត់ថ្នាក់លេខ២ និងទទួលបានកៅអី ឡើងមកប្រកួតពានAFC Women’s Asian Cup Australia 2026 ដោយក្រុមនារីកម្ពុជា ជាម្ចាស់ផ្ទះ ឈរនៅពូល G ជាមួយក្រុមនារីជម្រើសជាតិហុងកុង ក្រុមនារីហ្វីលីពីន និងក្រុមនារីអារ៉ាប៊ីសាអូឌីត។
គ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Conor Nestor បាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖ «យើងឃើញហើយថា ក្រុមនារីកម្ពុជាធ្វើបានល្អ នៅក្នុងការប្រកួតពានរង្វាន់AFF Women’s Cup កាលពីឆ្នាំមុន ហើយភាពខ្លាំងរបស់បាល់ទាត់នារីកម្ពុជា គឺកម្ពុជាមានលីគនារីអាជីព»។