កម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននឹងកំពុងរៀបចំយុទ្ធសាស្រ្តជាមួយដៃគូចិន ដោយបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៅខេត្តយូណានរបស់ចិន ដើម្បីកៀរគរអ្នករត់ជាជនជាតិចិន មកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ (Angkor Empire Marathon) ឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹងថា តាមរយៈការចុះ MoU ជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៅខេត្តយូណាននេះ គឺដៃគូចិន បានសន្យាថា នឹងកៀរគរអ្នករត់ជាជនជាតិចិន ឱ្យមកចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ យ៉ាងហោច៥ពាន់នាក់ នៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។
លោក វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទកាសែត ស្តីពីទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៣ ខែមិថុនាថា៖ «យើងកំពុងតែរៀបចំនូវផែនការយុទ្ធសាស្ដ្រជាមួយដៃគូចិន នៅឆ្នាំក្រោយៗទៀត ព្រោះជាយុទ្ធសាស្ដ្ររបស់យើង ក្នុងការស្រូបទាញអ្នករត់ជនជាតិចិន យ៉ាងហោច ៥ពាន់នាក់ នាប៉ុន្មានឆ្នាំខាងមុខទៀត ដោយភាគីចិន បានធានាថា ២ ឬ ៣ឆ្នាំទៀត នឹងអាចឈានដល់គោលដៅនេះ»។
«អ៊ីចឹងនេះជាអ្វីដែលយើងខិតខំប្រឹងប្រែងរៀបចំ និងធ្វើការជាមួយក្រសួងទេសចរណ៍ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើម៉េចឱ្យការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងរបស់យើងបានកាន់តែល្អប្រសើរ និងមានសុវត្ថិភាពខ្ពស់ដល់អ្នករត់ទាំងអស់គ្នា»។ លោក វ៉ាត់ ចំរើន បានបន្ថែម។
ដោយឡែក ខួបលើកទី១០ នៃទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ដែលនឹងធ្វើនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ភាគីចិន បានបញ្ជូនអ្នករត់១០០នាក់ មកចូលរួម ដោយទទួលបានការអនុគ្រោះទិដ្ឋាការពីរាជរដ្ឋាភិបាលកម្ពុជា ហើយជាមួយគ្នានេះ គណៈកម្មការរៀបចំ បានផ្ដល់ការចុះឈ្មោះឥតគិតថ្លៃចំនួន៥០នាក់។
មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យ NOCC អញ្ជើញឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកនេះផងដែរ ខណៈដែលចំនួនអ្នកចុះឈ្មោះចូលរួមមកដល់ពេលនេះ បានប្រមាណ៣ពាន់នាក់ហើយ ស្មើនឹង ៥៧ជាតិសាសន៍ ហើយជនបរទេសចូលរួមច្រើនជាងគេ មានចិន ជប៉ុន ម៉ាឡេស៊ី និងអង់គ្លេសជាដើម។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានដាក់ក្តីរំពឹងថា ទម្រាំដល់ថ្ងៃប្រកួតផ្លូវការ ចំនួនអ្នកចូលរួមរត់ អាចមានកំណើនដល់ ៤ពាន់ ទៅ ៥ពាន់នាក់ ពោលគឺរំពឹងមានការកើនឡើងយ៉ាងហោចពី ២៥ភាគរយ ទៅ ៥០ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានអ្នកចូលរួមរត់ប្រមាណ ២,៨០០នាក់ប៉ុណ្ណោះ។
នៅក្នុងចំណោមអ្នកចុះឈ្មោះប្រមាណ៣ពាន់នាក់ នាពេលនេះ លោក វ៉ាត់ ចំរើន បានបង្ហាញការភ្ញាក់ផ្អើល ទៅនឹងអ្នករត់ជាពលរដ្ឋខ្មែរ ប្រមាណ ៦០០នាក់ ដែលបានចុះឈ្មោះរត់ចម្ងាយ ៤២គីឡូម៉ែត្រ ហើយនេះជាចំនួនដ៏ច្រើន មិនធ្លាប់មានពីមុនមកនោះទេ ដែលបង្ហាញពីសុខភាពបេះដូងដ៏ល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាចំណង់ចំណូលចិត្តកាន់តែកើនឡើងលើការរត់ចម្ងាយឆ្ងាយ។
លោកបញ្ជាក់ថា៖ «នេះជាតួរលេខដ៏ខ្ពស់ និងគួរឱ្យចាប់អារម្មណ៍ ដែលបញ្ជាក់ពីសុខភាពកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ ស្របពេលមានជនបរទេសប្រមាណ ២០០នាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះរត់ចម្ងាយ៤២គីឡូម៉ែត្រ ហើយនេះជាចំណុចពិសេសមួយ ដែលយើងមានមោទនភាព ចំពោះសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរ និងការយល់ដឹងពីអត្ថប្រយោជន៍របស់ពលរដ្ឋខ្មែរ ចំពោះការរត់ និងលេងកីឡា»។
អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ ក៏ដូចជាជួយដល់ប្រតិបត្តិករទេសចរណ៍ ក្នុងអំឡុងរដូវភ្លៀង ឬរដូវបៃតង់ (Green Season) ដែលមានការថយចុះភ្ញៀវទេសចរណ៍ ហើយគណៈកម្មការរៀបចំ ក៏បានផ្សារភ្ជាប់ព្រឹត្តិការណ៍នេះ ទៅនឹងសកម្មភាពសប្បុរសធម៌ ដោយការកៀរគរថវិកាសេសសល់ពីការរៀបចំ សម្រាប់បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារមួយចំនួនផងដែរ។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិព្រឹត្តិការណ៍ម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ មាន ៤វិញ្ញាសា គឺមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និងរត់កម្សាន្ដលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ។
ជាមួយគ្នា លោក ផល្លា បានអំពាវនាវដល់អ្នកមានបំណងចង់ចូលរួមទិវារត់ប្រណាំងនេះ រួសរាន់ធ្វើការចុះឈ្មោះឱ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលគណៈកម្មការរៀបចំសម្ភារៈជូន ពិសេសគឺការចូលរួមឱ្យបានច្រើនកុះករ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ម៉ារ៉ាតុងតែមួយគត់នៅកម្ពុជានេះ ទៅលើឆាកអន្ដរជាតិ ក្នុងនាមសមាជិកគណៈកម្មាធិការម៉ារ៉ាតុងអន្ដរជាតិមួយ ក្នុងចំណោមសមាជិកទាំង ១១២ប្រទេសលើពិភពលោក៕