NOCC យក​ទិវា​អូឡាំពិក ជំរុញ​មនុស្សជាតិ​ឱ្យ​លេង​កីឡា

ថ្នាក់ដឹកនាំ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន​យក​ការប្រារព្ធ​ខួបលើក​ទី​១៣១ នៃទិវា​អូឡាំពិក​ (Olympic Day) ឆ្នាំ​២០២៥ ដែ​លបាន​រៀបចំ​ឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃ​ទី​២២ ខែមិថុនា ដើម្បីជា​ការ​លើក​ទឹក​ចិត្ត និងជំរុញ​ឱ្យមនុស្សជាតិ​គ្រប់​វ័យ ចាប់​យក​ការ​លេង​កីឡា ឬ​ធ្វើលំហាត់ប្រាណ​ឱ្យបាន​ទៀត​ទាត់ ដើម្បី​លើកកម្ពស់​សុខុមាលភាពជា​សកល។

លោក ថោន ខុន ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​ជំរុញ​ការ​អភិវឌ្ឍ​ចលនា​កីឡា និងជា​ប្រធាន NOCC អះអាង​ថា ទាំង​ចលនាអូឡាំពិកកម្ពុជា និង​ចលនា​អូឡាំពិក​ទូទាំង​ពិភព​លោក បាន​ប្រារព្វ​ខួប លើក​ទី១៣១ នៃទិវា​អូឡាំពិក ដើម្បី​រំឭក​អំពីការ​បង្កើត​ចលនា​អូឡាំ​ពិក​សម័យ​ទំនើប (២៣ មិថុនា ១៨៩៤ – ២៣ មិថុនា ២០២៥) ដែល​ផ្តួច​ផ្តើម​បង្កើត​ឡើង​វិញ ដោយ​ស្ថាបនិក​ជនជាតិ​បារាំង លោក Pierre de Coubertin។

លោក​បន្ថែម​ថា ខួបនៃ​ទិវា​អូឡាំពិក ឆ្នាំ​នេះ រៀបចំ​ឡើង​ក្រោម​មូល​បទ “ធ្វើ​ចលនា​ទាំង​អស់​គ្នា – Let’s Move” ជាមួយ​យុទ្ធនា​ការ​ជាតិ “យុវជន​ម្នាក់ ចេះ​កីឡា​មួយ​ប្រភេទ​យ៉ាង​តិច ប្រចាំ​ជីវិត” ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​យុទ្ធបញ្ចកោណ-ដំណាក់ទី១ របស់​រាជរដ្ឋាភិ​បាល ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

ជាមួយគ្នា​នេះ អង្គការ​សុខ​ភាព​ពិភព​លោក (WHO) បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អសកម្មជាសកល​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ និងការ​លេង​កីឡា​របស់​កុមារ យុវជន និង​មនុស្សពេញ​វ័យ ព្រោះ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់ WHO បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ ១ នាក់​ក្នុង​ចំណោម ៤ នាក់ និង ៨០ភាគ​រយ នៃយុវជន​មិន​បាន​ធ្វើ​លំហាត់​ប្រាណ ឬលេង​កីឡា​ឱ្យបាន​គ្រប់​គ្រាន់​តាម​កម្រិត​អប្បបរមា ដែល​ត្រូវ​ការ​សម្រាប់​ទទួល​បាន​សុខភាព​ល្អ​នោះទេ។

ជាមួយ​ក្តីបារម្ភ​នេះ លោក ​​ថោន ខុន បញ្ជាក់​​ថា៖​ «គណៈកម្មាធិការ​អូឡាំពិក​អន្តរ​ជាតិ (IOC) បាន​យក​ឱកាស​នៃ​វេទិកាប្រារព្វ​ពិធី​អបអរ​សាទរ​ខួប លើកទី១៣១ នៃទិវា​អូឡាំពិក ឆ្នាំ​២០២៥ នៅទូទាំង​ពិភព​លោក​នេះ ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​របស់​អង្គការ WHO ក្នុង​ការ​បំផុសស្មារតី “ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ” សម្រាប់​កុមារ និង​យុវជន និង “៤៥នាទី ក្នុង ១ថ្ងៃ” សម្រាប់​មនុស្ស​ពេញ​វ័យ នៅ​ទូទាំង​ពិភព​លោក  ឱ្យ​​មាន​ទម្លាប់​ហាត់​ប្រាណ និងលេងកីឡា​ជា​ប្រចាំ ដើម្បីលើក​កម្ពស់​សុខុមាលភាព»។ ​​​​

ចំពោះ​ខ្លឹមសារ​រួម​នៃចលនាអូឡាំពិក​នេះ គឺ​ជា​ចលនា​កីឡា​ទូទាំង​ពិភព​លោក ក្នុង​ទិស​ដៅរួម​ចំណែក​កសាង​ពិភព​លោក ប្រកបដោយសន្តិភាព និង​កាន់​តែ ស្រស់បំព្រង​ តាម​រយៈ​កីឡា ​ស្រប​តាមទស្សន​​វិជ្ជា​​អូឡាំពិក “To Build a Peaceful and Better World through Sport and Olympism” ជាមួយ​គុណ​​តម្លៃ​​ស្នូល​ទាំង ៣ រួម​មាន ឧត្តមភាព ការ​គោរព និង​មិត្ត​ភាព “Excellence, Respect and Friendship”។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top