កីឡាករបាល់ទាត់ទាំង ១០ មានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក

ពិតណាស់កីឡាបាល់ទាត់ជាកីឡាដ៏ពេញនិយមបំផុតមួយលើពិភពលោកពេលបច្ចុប្បន្ននេះ។ មិនត្រឹមតែបានបង្កើនវីរបុរសបាល់ទាត់លើទីលាន ពីការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់កីឡាករម្នាក់ៗឡើយ ប៉ុន្តែកីឡានេះក៏បានបង្កើតឱ្យមានមហាសេដ្ឋីប្រាក់រាប់លានដុល្លារជាច្រើនអ្នកផងដែរ។

ស្របពេលប្រជាប្រិយភាពកីឡាបាល់ទាត់កំពុងបន្តរីកលូតលាស់បានយ៉ាងល្អ ដូច្នេះការរកបានចំណូលរបស់កីឡាករ ក៏មានភាពល្អប្រសើរខ្លាំងឡើងដូចគ្នា ទៅតាមកិច្ចសន្យាជាមួយក្លិប ការធ្វើជាអ្នកតំណាងម៉ាកផលិតផល និងការបង្កើតជំនួញផ្សេងៗតាមភាពល្បីល្បាញក្នុងវិស័យបាល់ទាត់នេះ។

យ៉ាងណាមិញ ប្រហែលជាមនុស្សគ្រប់រូបពុំសូវបានដឹង ឬក៏បានដឹងរួចស្រេចទៅហើយ ថាតើកីឡាកររូបណា ត្រូវបានគេដឹងថារកបានចំណូលច្រើនជាងគេបំផុតលើពិភពលោក និងកីឡាករខ្លះជាកីឡាករមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកនៅឆ្នាំ ២០២៥ នេះ។

បច្ចុប្បន្នកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi សុទ្ធសឹងតែត្រូវបានមនុស្សជាច្រើនលើកមកនិយាយថាជាកីឡាករដែលមានទ្រព្យសម្បត្តិច្រើន ដែលកើតចេញពីវិស័យបាល់ទាត់ តាមរយៈសមត្ថភាពអស្ចារ្យបំផុតរបស់តារាបាល់ទាត់ជើងចាស់ទាំង ២។ កំពូលកីឡាករទាំង ២ សុទ្ធសឹងតែមានកម្រិតការប្រកួតប្រជែងខ្ពស់រៀងៗខ្លួន ព្រមទាំងទទួលបានប្រាក់ពីកិច្ចសន្យាជាមួយក្លិបរៀងៗខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីនេះទៀតនោះការមុខរបរ ជំនួញនៅក្រៅវិស័យបាល់ទាត់ជាច្រើនផ្សេងទៀត និងធ្វើជាអ្នកតំណាងឱ្យម៉ាកផលិតផលកីឡាល្បីៗ។

ខាងក្រោមនេះជាកំពូលកីឡាករបាល់ទាត់ចំនួន ១០រូប មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០២៥ ហើយដែលការផ្តល់ចំណាត់ថ្នាក់នេះគឺផ្អែកទៅលើ ប្រាក់ចំណូលដែលរកបានក្នុងអាជីព ប្រាក់ខែ ការតំណាងម៉ាកផលិតផល ការវិនិយោគ​ និងភាគហ៊ុនផ្សេងៗ៖

១. កីឡាករ Faiq Bolkiah សញ្ជាតិព្រុយណេលេងឱ្យក្រុម Ratchaburi ប្រទេសថៃ មានទ្រព្យសម្បត្តិសរុប ២០ពាន់លានដុល្លារ។ Bolkiah ជាសមាជិកគ្រួសារស៊ុលតង់ព្រុយណេ។

២. កីឡាករ Cristiano Ronaldo តារាបាល់ទាត់ព័រទុយហ្កាល់ លេងឱ្យក្រុម Al Nassr បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១ពាន់លានដុល្លារ ទទួលបានពីប្រាក់ខែនៅក្លិប និងធ្វើជាអ្នកតំណាងម៉ាកផលិតផលកីឡាល្បីៗ។

៣. កីឡាករ Lionel Messi តារាបាល់ទាត់អាហ្សង់ទីន លេងឱ្យក្រុម Inter Miami មានទ្រព្យសម្បត្តិសរុប ៨៥០លានដុល្លារ ទទួលបានពីប្រាក់ខែនៅក្លិប និងធ្វើជាអ្នកតំណាងម៉ាកផលិតផលកីឡាល្បីៗ។

៤. លោក David Beckham អតីតកីឡាករក្រុម Manchester United និងជម្រើសជាតិអង់គ្លេស បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៤៥០លានដុល្លារ រកបានពីធ្វើជាអ្នកតំណាងម៉ាកផលិតផល និងជំនួញ ព្រមទាំងជាសហម្ចាស់ក្លិប Inter Miami។

៥. កីឡាករ Neymar Jr តារាបាល់ទាត់ប្រេស៊ីល លេងឱ្យក្លិប Santos FC ដោយគេមានទ្រព្យសម្បត្តិសរុបប្រមាណ ២៥០លានដុល្លារ ទទួលបានពីប្រាក់ខែលេងនៅក្លិប និងតំណាងម៉ាកផលិតផលល្បីៗ។

៦. លោក Dave Whelan អតីតកីឡាករជម្រើសជាតិអង់គ្លេស មានទ្រព្យសម្បត្តិសរុប ២៣០លានដុល្លារ រកបានចំណូលពីការធ្វើជំនួញ។

៧. លោក Wayne Rooney អតីតកីឡាករជម្រើសជាតិអង់គ្លេស និង Manchester United មានចំណូល ២១៦លានដុល្លារ រកបានពីការធ្វើជាគ្រូបង្វឹក កីឡាករ និងប្រព័ន្ធផ្សព្វផ្សាយ។

៨. កីឡាករ Karim Benzema សញ្ជាតិបារាំង លេងឱ្យក្រុម Al Ittihad មានទ្រព្យសម្បត្តិសរុប ២០០លានដុល្លារ ទទួលបានពីប្រាក់ខែក្លិប និងតំណាងម៉ាកផលិតផល។

៩. លោក Zlatan Ibrahimovic អតីតកីឡាករជម្រើសជាតិស៊ុយអែត មានទ្រព្យសម្បត្តិសរុប ១៩០លានដុល្លារ ទទួលបានពីប្រាក់ខែក្លិបពេលកន្លងទៅ និងអ្នកឧបត្ថម្ភផ្សេងៗ។

១០. Kylian Mbappe កីឡាករសញ្ជាតិបារាំងកំពុងលេងឱ្យក្រុម Real Madrid រូបគេមានទ្រព្យសម្បត្តិសរុប ១៨០លានដុល្លារ ទទួលបានពីប្រាក់ថ្លៃពលកម្មរបស់ក្លិប និងតំណាងម៉ាកផលិតផលកីឡាល្បីៗ៕

ប្រភព៖ThmeyThmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top