សហព័ន្ធប្រដាល់គុនខ្មែរ ផ្អាកកម្មវិធីប្រកួតតាមទូរទស្សន៍ និងខេត្ត ​ដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចចិត្តផ្អាករាល់ការប្រកួតគុនខ្មែរ តាមស្ថានីយ៍ទូរទស្សន៍ និងសង្វៀនតាមបណ្តាខេត្តនានា ដែលស្ថិតក្រោមការគ្រង់គ្រងរបស់សហព័ន្ធ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដា តទៅ រហូតមានការផ្តល់តំណឹងជាថ្មី។ ការសម្រេចផ្អាកនេះ ធ្វើឡើងក្រោយពីមានបញ្ហាជម្លោះប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា និងថៃ មុនបទឈប់បាញ់នៅថ្ងៃទី២៩ ខែកក្កដា។

«សហព័ន្ធស្នើសុំផ្អាករាល់ការប្រកួតកីឡាប្រដាល់គុនខ្មែរនៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងសង្វៀននានាតាមបណ្តាខេត្ត ក្រោមការគ្រង់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។»។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រឹកថ្ងៃទី៣០ កក្កដា។

ចាប់តាំងពីមានបញ្ហាជម្លោះប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា និងថៃ ដ៏ក្តៅគគុក ស្ថាប័នគ្រង់គ្រងកីឡាមួយចំនួន និងការរៀបចំព្រឹត្តិការណ៍កីឡាមួយចំនួន ក៏ដូចជាព្រឹត្តិការណ៍កីឡារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរជាដើម ត្រូវអ្នករៀបចំសម្រេចចិត្តផ្អាក។ 

ជម្លោះព្រំដែន រយៈពេល ៥ថ្ងៃ បានបិទបញ្ចប់ក្រោយពីមានបទឈប់បាញ់ ត្រឹមម៉ោង ១២យប់ ថ្ងៃទី២៨ កក្កដា ប៉ុន្តែជនរងគ្រោះ ជាប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានភៀសសឹក​ ចេញពីផ្ទះសម្បែងរកទីកន្លែងសុវត្ថិភាព កំពុងជួបទុក្ខលំបាក ដែលមិនអាចមើលរំលងបាន។ កងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា មុន នៅតំបន់ប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ កក្កដា។

ព្រោះតែស្ថានភាពជនភៀសសឹកមានច្រើនរហូតដល់ជាង ១៥ម៉ឺននាក់ សុទ្ធសឹងជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែន មានជម្លោះរួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ កំពុងរងគ្រោះ ទើបជំរុញឱ្យស្ថាប័នកីឡា និងអ្នករៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗសម្រេចចិត្តផ្អាកលើកពេលការប្រកួត ជាបន្តបន្ទាប់៕

ប្រភប៖​ ThmeyThmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top