ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី នៃលីគកំពូល កម្ពុជា Cambodian Premier League បាននាំចូលខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យមួយរូបរបស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី Sulthan Zaky ពីក្រុម PSM Makassar ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។
ពាក់ព័ន្ធនឹងការផ្ទេរនេះ ក្លិប កំពង់ដេវ៉ា មិនទាន់បានប្រកាសនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្ទេរនេះត្រូវបានប្រកាសដោយក្លិប PSM Makassar ដែលជាក្លិបរបស់សាមីកីឡាករផ្ទាល់។ ក្លិបនៃលីគកំពូល ឥណ្ឌូណេស៊ី បានប្រកាសនៅលើគណនី IG របស់ខ្លួនយ៉ាងដូច្នេះថា៖ «ក្លិប PSM Makassar បានផ្ទេខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យ Sulthan Zaky ទៅកាន់ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ក្នុងលីគកំពូល កម្ពុជា»។
Sulthan Zaky ត្រូវបានគេចាត់ទុកជាខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យមួយរូបរបស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី និងក្លិប PSM Makassar។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះ ធ្លាប់បានជាប់នៅក្នុងក្រុមយុវជនរបស់ ឥណ្ឌូណេស៊ី សឹងតែគ្រប់ដំណាក់កាល ពោលតាំងពី U-16 ដល់ U-20។ ចំណែកនាមួយរយៈពេលចុងក្រោយនេះ នៅក្នុងក្រុមធំរបស់ជម្រើសជាតិ ឥណ្ឌូណេស៊ី រូបគេក៏ធ្លាប់បានជាប់ឈ្មោះផងដែរ គ្រាន់តែរូបគេមិនទាន់បានបង្ហាញខ្លួនជាមួយក្រុមនៅឡើយ។
គួរឱ្យដឹងថា ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី គឺជាក្លិបចំណូលថ្មីរបស់លីគកំពូល កម្ពុជា នៅរដូវកាលនេះ ប៉ុន្តែបើក្រឡេកមើលពីការត្រៀមខ្លួនរបស់ពួកគេវិញ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងគួរឱ្យកត់សម្គាល់។ ក្រៅអំពីការចុះកិច្ចសន្យាយក Sulthan Zaky គឺពួកគេបាននាំចូលកីឡាករបរទេស ២ រូបទៀត រួមមានខ្សែការពារ Ricardo de Lima ពីក្លិប Persis និងអ្នកចាំទី Wagner Augusto ពី Madura United៕
ប្រភព៖ KAPUCHEATHMEY