លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងចុះហត្ថលេខាបង្កើតក្រុមការងារគ្រប់គ្រងរៀបចំកីឡាអូឡាំពិករដូវក្តៅទីក្រុង Los Angeles ឆ្នាំ ២០២៨ ពោលគឺមុនព្រឹត្តិការណ៍ជិត ៣ឆ្នាំ ដើម្បីដោះស្រាយបញ្ហាផ្នែកសន្តិសុខ និងបញ្ហាលិខិតធ្វើដំណើរផ្សេងៗ។
បើតាមមន្ត្រីរដ្ឋាភិបាលអាម៉េរិក ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ គ្រោងនឹងចុះហត្ថលេខាលើលិខិតបង្កើតក្រុមការងារអូឡាំពិកឆ្នាំ ២០២៨ នៅថ្ងៃទី៥ ខែសីហា នេះតែម្តង នៅឯសេតវិមាន។
ក្រុមការងាររៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៨ គ្រោងបង្កើតនោះ ភាគច្រើនជាសមាជិកក្បាលម៉ាស៊ីនចេញពីមន្ត្រីរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាលរបស់លោក ត្រាំ ផ្ទាល់ ហើយពួគគេនឹងចូលខ្លួនក្លាយជាអ្នកសម្របសម្រួលរាល់កិច្ចការងារទាក់ទងនឹងផែនការកីឡាអូឡាំពិក។
បញ្ហាចម្បងៗក្នុងការរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៨ នៅអាម៉េរិក ដែលត្រៀមដាក់ឱ្យដោះស្រាយ រួមមានប្រព័ន្ធដឹកជញ្ជូន បញ្ហាលិខិតឆ្លងដែនរបស់ក្រុមអត្តពលិក ប្រតិភូគ្រូបង្វឹក មន្រ្តីការប្រកួត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងជាពិសេសទីតាំងកីឡដ្ឋានរៀបចំការប្រកួត ស្ថិតក្នុងទីក្រុង Los Angeles។
បើតាមសម្តីរបស់អ្នកស្រី Karoline Leavitt លេខាធិការសារព័ត៌មានរបស់សេតវិមាន លោក ត្រាំ រីករាយចំពោះពេលវេលាកាន់តំណែងជាលើកទី២ របស់លោក ដែលមានការរៀបចំព្រឹត្តិការណ៍កីឡាធំៗមានដូចជា World Cup ឆ្នាំ ២០២៦ និងអូឡាំពិកឆ្នាំ ២០២៨។ អំឡុងពេលកាន់តំណែងលើកទីមួយ ជាប្រធានាធិបតីអាម៉េរិក លោក ត្រាំ ក៏ជាមនុស្សម្នាក់ជំរុញឱ្យអាម៉េរិកដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៨ ផងដែរ។
«អំឡុងពេលកាន់តំណែងលើកទីមួយ លោកប្រធានាធិបតី ត្រាំ មានតួនាទីសំខាន់ក្នុងការធានាឱ្យប្រទេសអាម៉េរិក អាចដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៨ ក្នុងទីក្រុង Los Angeles។ លោកប្រធានាធិបតីក៏បានចាត់ទុករឿងនេះជាកិត្តិយសបំផុតមួយ ដែលអាចនៅទស្សនាទស្សនីយភាពព្រឹត្តិការណ៍កីឡាអស្ចារ្យនៅនៅក្នុងអាណត្តិទីពីររបស់លោក។»។ នេះបើតាមសម្តីរបស់អ្នកស្រី Karoline Leavitt។
កាលពីខែកក្កដា អ្នករៀបចំអូឡាំពិក Los Angeles ឆ្នាំ ២០២៨ បានបង្ហាញអំពីកាលវិភាគនៃការប្រកួតតាមប្រភេទវិញ្ញាសាកីឡានីមួយៗ រួចរាល់ជាស្រេច។ ទីក្រុង Los Angeles ធ្លាប់ជាទីក្រុងរៀបចំព្រឹត្តិការណ៍អូឡាំពិក ២លើក រួចមកហើយនៅឆ្នាំ ១៩៣២ និង ១៩៨៤៕
ប្រភព៖ THMEYTHMEY