លោក ​ត្រាំ នឹងបង្កើតក្រុមការងារគ្រប់គ្រងកីឡាអូឡាំពិកឆ្នាំ ២០២៨ ដើម្បីគ្រប់គ្រងសន្តិសុខ និងធ្វើដំណើរ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងចុះហត្ថលេខាបង្កើតក្រុមការងារគ្រប់គ្រងរៀបចំកីឡាអូឡាំពិករដូវក្តៅទីក្រុង Los Angeles ឆ្នាំ ២០២៨ ពោលគឺមុនព្រឹត្តិការណ៍ជិត ៣ឆ្នាំ ដើម្បីដោះស្រាយបញ្ហាផ្នែកសន្តិសុខ និងបញ្ហាលិខិតធ្វើដំណើរផ្សេងៗ។

បើតាមមន្ត្រីរដ្ឋាភិបាលអាម៉េរិក ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ គ្រោងនឹងចុះហត្ថលេខាលើលិខិតបង្កើតក្រុមការងារអូឡាំពិកឆ្នាំ ២០២៨ នៅថ្ងៃទី៥ ខែសីហា នេះតែម្តង នៅឯសេតវិមាន។

ក្រុមការងាររៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៨ គ្រោងបង្កើតនោះ ភាគច្រើនជាសមាជិកក្បាលម៉ាស៊ីនចេញពីមន្ត្រីរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាលរបស់លោក ត្រាំ ផ្ទាល់ ហើយពួគគេនឹងចូលខ្លួនក្លាយជាអ្នកសម្របសម្រួលរាល់កិច្ចការងារទាក់ទងនឹងផែនការកីឡាអូឡាំពិក។ 

បញ្ហាចម្បងៗក្នុងការរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៨ នៅអាម៉េរិក ដែលត្រៀមដាក់ឱ្យដោះស្រាយ រួមមានប្រព័ន្ធដឹកជញ្ជូន បញ្ហាលិខិតឆ្លងដែនរបស់ក្រុមអត្តពលិក ប្រតិភូគ្រូប​ង្វឹក មន្រ្តីការប្រកួត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងជាពិសេសទីតាំងកីឡដ្ឋានរៀបចំការប្រកួត ស្ថិតក្នុងទីក្រុង Los Angeles។

បើតាមសម្តីរបស់អ្នកស្រី Karoline Leavitt លេខាធិការសារព័ត៌មានរបស់សេតវិមាន លោក ត្រាំ រីករាយចំពោះពេលវេលាកាន់តំណែងជាលើកទី២ របស់លោក ដែលមានការរៀបចំព្រឹត្តិការណ៍កីឡាធំៗមានដូចជា World Cup ឆ្នាំ ២០២៦ និងអូឡាំពិកឆ្នាំ ២០២៨។ អំឡុងពេលកាន់តំណែងលើកទីមួយ ជាប្រធានាធិបតីអាម៉េរិក លោក ត្រាំ ក៏ជាមនុស្សម្នាក់ជំរុញឱ្យអាម៉េរិកដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៨ ផងដែរ។

«អំឡុងពេលកាន់តំណែងលើកទីមួយ លោកប្រធានាធិបតី ត្រាំ មានតួនាទីសំខាន់ក្នុងការធានាឱ្យប្រទេសអាម៉េរិក អាចដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៨ ក្នុងទីក្រុង Los Angeles។ លោកប្រធានាធិបតីក៏បានចាត់ទុករឿងនេះជាកិត្តិយសបំផុតមួយ ដែលអាចនៅទស្សនាទស្សនីយភាពព្រឹត្តិការណ៍កីឡាអស្ចារ្យនៅនៅក្នុងអាណត្តិទីពីររបស់លោក។»។ នេះបើតាមសម្តីរបស់អ្នកស្រី Karoline Leavitt។ 

កាលពីខែកក្កដា អ្នករៀបចំអូឡាំពិក Los Angeles ឆ្នាំ ២០២៨ បានបង្ហាញអំពីកាលវិភាគនៃការប្រកួតតាមប្រភេទវិញ្ញាសាកីឡានីមួយៗ រួចរាល់ជាស្រេច។ ទីក្រុង Los Angeles ធ្លាប់ជាទីក្រុងរៀបចំព្រឹត្តិការណ៍អូឡាំពិក ២លើក រួចមកហើយនៅឆ្នាំ ១៩៣២ និង ១៩៨៤៕

ប្រភព៖​ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top