អ្នកបាំងបាល់កណ្តាលរបស់ជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបគេបានឈ្នះពានឯកត្តជនគឺ កីឡាករល្អបំផុត (MVP) ប្រចាំព្រឹត្តិការណ៍លីគបាល់ទះកម្រិតពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។
នៅក្នុងព្រឹត្តិការណ៍លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥ ដែលទើបបញ្ចប់ថ្មីៗនេះ កីឡាករជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski បានឈ្នះពានឯកត្តជន ២ ម្នាក់ឯង គឺពានអ្នកបាំងបាល់កណ្តាលល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បន្ទាប់ពីជួយឱ្យ ប៉ូឡូញ ឈ្នះជើងឯក។
ជាការពិត នេះអាចថាជារឿងភ្ញាក់ផ្អើលមួយដែរ ដែលកីឡាករវ័យ ២៨ ឆ្នាំកម្ពស់ ១.៩៩ ម៉ែត្រ អាចដណ្តើមបានពាន MVP ក្នុងចំណោមមិត្តរួមក្រុមខ្លាំងៗជាច្រើនដូចជា Wilfredo Leon, Kewin Sasak និងកីឡាករមួយចំនួនទៀត។ យ៉ាងណាបើក្រឡេកមកមើលអំពីស្ថិតិរបស់ Kochanowski នៅក្នុងពាន Nations League ២០២៥ នេះ រូបគេពិតជាដើរតួនាទីសំខាន់មែនទែន ក្នុងនោះក្នុងនាមជាអ្នកបាំងបាល់រូបគេបានបាំងជាប់ការវាយរបស់គូប្រកួតចំនួន ១៤ លើក និងរកបាន ៥៥ ពិន្ទុជូនក្រុមផងដែរ។
គួរឱ្យដឹងថា Jakub Kochanowski បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទះដំបូងជាមួយក្រុម SMS PZPS Spala ក្នុងប្រទេស ប៉ូឡូញ នៅឆ្នាំ ២០១៣។ ដោយឡែកបច្ចុប្បន្នរូបគេកំពុងលេងនៅក្លិប PGE Projekt Warszawa ក្នុងលីគប្រទេស ប៉ូឡូញ ហើយកាលពីរដូវកាលមុន ២០២៤-២០២៥ រូបគេបានជួយឱ្យក្រុមបញ្ចប់ការប្រកួតលីគ ដោយឈរនៅចំណាត់ថ្នាក់ទី ៣៕
ប្រភព៖ KAMPUCHEATHMEY