លោក អាំង សិរីពិសិដ្ឋ ៖«សួន ចាន់ណារ៉ូ អាច​ចូល​ជម្រើស​ជាតិវិញ បើចង់…»

អ្នក​ប៉ះ​សេឆ្នើម​ប្រចាំ​ស្រុក​ខ្មែរ សួន ចាន់ណារ៉ូ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីអាជីព​បាល់ទះ​របស់​ខ្លួន​​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​ពិត​ជា​ចង់​ឃើញ​រូប​គេវិល​ត្រឡប់​មក​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​វិញ។

ចុង​ក្រោយ​បំផុត កាល​ពី​ថ្ងៃ​សុក្រ ទី៨ ខែ​កក្កដា ឆ្នាំ ២០២៥ សួន ចាន់ណារ៉ូ បាន​បង្ហោះ​រូប​ភាព​ដែល​មាន​ឯកសណ្ឋាន​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​មាន​ខ្លឹមសារ​ខ្លី​ថា ៖«ជួប​គ្នា​ឆាប់ៗ»។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ស្មាត់​ឆ្នើម គួន ម៉ុម បាន​សរសេរ​ថា ៖«ជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត»។ សារ​ខ្លី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង ហើយ​​​គិត​ថា រូប​គេ​ប្រហែល​ជា​អាច​វិល​ត្រឡប់​មក​ចូល​រួម​ជា​មួយ​​ជម្រើស​ជាតិ​ឡើង​វិញ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ក៏​បាន​បង្ហាញ​រូប​ភាព​ពី​ការ​ជួប​កីឡាករ សួន ចាន់ណារ៉ូ និង​បាន​សរសេរ​សារ​ថា ៖«អតីតជម្រើសជាតិបាល់ទះមកទទួលសេវាសាធារណៈ ផ្តល់សេវាតម្រូវការដល់ពលរដ្ឋទូទៅអោយកាន់តែល្អប្រសើរ និងមានទំនុកចិត្ត….»។

ទោះ​បី​ជា​យ៉ាង​ណា ការ​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​កីឡាករ​ទាំង​ពីរ​ខាង​លើ ​មិន​មែន​មាន​ន័យ​ថា សួន ចាន់ណារ៉ូ វិល​ត្រឡប់​ទៅ​កាន់​ជម្រើស​ជាតិ​ក្នុង​នាម​ជា​កីឡាករ​ដែរ ប៉ុន្តែ​ក៏​​អាច​មាន​ន័យ​ក្នុង​លក្ខខណ្ឌ​​ផ្សេង​ដូច​ជា ​កីឡាករ​អាច​ចូល​រួម​ជា​មួយ​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​ក្នុង​នាម​ជា​​គ្រូ​ជំនួយ ឬការងារ​អ្វី​ដែល​អាចរួម​ចំណែក​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​បាន។

សារព័ត៌មាន​«កម្ពុជា​ថ្មី»​ក៏​បាន​សួរ​ទៅ​លោក អាំង សិរីពិសិដ្ឋ ជុំ​វិញ​ករណី​នេះ ​ដោយ​បាន​ឆ្លើយ​​ដោយ​​សញ្ញា​វិជ្ជមាន​ថា ៖«អាច​ដែរ ដូច​ខ្ញុំ​ធ្លាប់​និយាយ​អ៉ីចឹង យើង​អត់​ដែល​បិទ​ឱកាស​សម្រាប់​កីឡាករ​ណា​ម្នាក់​ទេ ឲ្យ​តែ​មាន​ឆន្ទៈ ហើយ​មាន​សមត្ថភាព​នៅ​ល្អ ដែល​អាច​ជួយ​​ជាតិ​បាន គឺ​យើង​អនុញ្ញាត​ឲ្យ​គាត់​ចូល»។

សូម​បញ្ជាក់​ថា សួន ចាន់ណារ៉ូ បាន​ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០២៤ បន្ទាប់​ពី​ចាប់​អាជីព​បាល់ទះ​អស់​រយៈ​ពេល​ ១៥ ឆ្នាំ។ រូប​គេ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ជួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​មេដាយ​សំរិទ្ធ​កីឡាស៊ីហ្គេម​ ឆ្នាំ ២០២១ និង​មេដាយ​​ប្រាក់​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ ព្រម​ទាំង​ឈ្នះ​ជើង​ឯក SEA V. League Challenge ឆ្នាំ ២០២៤។ បន្ទាប់​ពី​អវត្តមាន​អ្នក​ប៉ះ​សេ​ឆ្នើម​រូប​នេះ ក្រុម​បាល់ទះជម្រើស​ជាតិ​កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ទេ ក្នុង​ពានរង្វាន់ SEA V. League ឆ្នាំ ២០២៥ ដោយ​ឆ្លង​កាត់ ៨ ប្រកួត​គឺ​ចាញ់​ទាំង​អស់៕

ប្រភព៖ KAMPUCHEA THMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top