Morata រិះគន់ក្លិបតួកគី Galatasaray នៅពេលបញ្ចប់កិច្ចសន្យាខ្ចីជើងដ៏ភ្ញាក់ផ្អើល

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Alvararo Morata បានសំដែងការខកចិត្តជាខ្លាំង ចំពោះក្លិប Galatasaray លេងក្នុងលីគកំពូលតួកគី Turkish Super Lig ដែលបានបញ្ចប់កិច្ចសន្យាខ្ចីជើងដ៏ឆាប់រហ័សរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣២ឆ្នាំរូបនេះ រកបាន ៦គ្រាប់ ពីការចូលលេងសរុបចំនួន ១២ប្រកួតជាមួយ Galatasaray គិតចាប់តាំងពីចុះកិច្ចសន្យាខ្ចីជើងពីក្លិបអ៉ីតាលី AC Milan នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងជម្រើសទិញដាច់ក្នុងតម្លៃ ៨.៦លានផោនទៀតផង ក៏ប៉ុន្តែពួកគេបានបញ្ចប់កិច្ចសន្យាដ៏លឿនបំផុតក្នុងសប្តាហ៍នេះទៅវិញ។

ទាក់ទិននឹងបញ្ហានេះ Morata បាននិយាយថា «គ្មានជម្រើសឡើយ ក្រៅតែពីការចាកចេញ» ក៏ប៉ុន្តែបដិសេធចំពោះការកាត់ប្រាក់ខែ ដ្បិតក្លិបបានបាត់បង់ចំពោះការប្តេជ្ញាចិត្តបែបនេះ។

បច្ចុប្បន្ន Morata បានផ្លាស់ទៅចូលរួមជាមួយក្លិប Como ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ នៅ Serie A របស់អ៉ីតាលីរដូវកាលមុនហើយ ដោយមានអតីតមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញ និងតោខៀវ Chelsea គឺ Cesc Fabregas ធ្វើជាអ្នកចាត់ការនៅទីនោះ ក្រោមកិច្ចសន្យាខ្ចីជើង ១រដូវកាលពី AC Milan។

គួរបញ្ជាក់ផងថា Morata ដែលធ្លាប់លេងឱ្យ Juventus និង Real Madrid ផងនោះ បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំលេងជាមួយ AC Milan នារដូវក្តៅមុន តាមរយៈផ្ទេរចេញពីក្លិបអេស្ប៉ាញ Atletico Madrid មុនពេលត្រូវបានបញ្ជូនទៅលេងខ្ចីជើង ១រដូវកាលនៅ Galatasaray នាអំឡុងខែកុម្ភៈ រហូតដល់ខែមករា ឆ្នាំ២០២៦៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top