កីឡាករជឺជិតស៊ូ គង់ម៉ូណា មិថុរ៉ា ដាក់គោលដៅអភិវឌ្ឍខ្លួន ឆ្ពោះទៅប្រជែងកម្រិតពិភពលោក

បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) នៅទីក្រុង Chengdu ប្រទេសចិន កីឡាករជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា យល់ថាសមត្ថភាពខ្លួននៅមានកម្រិតទាប ហើយត្រូវការពង្រឹង និងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំង ដើម្បីអាចមានសមត្ថភាពប្រកួតប្រជែងក្នុងព្រឹត្តការណ៍កម្រិតពិភពលោក។

កីឡាករ គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា គឺជាកីឡាករជឺជិតស៊ូកម្ពុជា ២រូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ នៅប្រទេសចិន។ កីឡាករកម្ពុជាទាំង២រូបនេះ បានបរាជ័យក្នុងព្រឹត្តិការណ៍នេះ ដោយបានចំណាត់ថ្នាក់លេខ៧ ក្នុងវិញ្ញាសាសម្ដែងគូបុរស កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៥។

បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្រិតពិភពលោកនេះ កីឡាករ គង់ម៉ូណា មិថុរ៉ា យល់ថាកម្រិត និងសមត្ថភាពខ្លួននៅទាប ហើយត្រូវការពង្រឹងបន្ថែមទៀត។ ចំពោះការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ កីឡាករកម្ពុជាទាំង២ រូបនេះ ធ្វើបានល្អ ដោយធ្លាប់ជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានតាំងចិត្តពង្រឹងសមត្ថភាពបន្ថែម ដោយចង់បានមេដាយកម្រិតពិភពលោកបន្ថែមទៀត។ គង់ម៉ូណា មិថុរ៉ា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ចំណុចសំខាន់ គឺជាបទពិសោធន៍ នៃការប្រកួត ទោះជាការចូលរួមដំបូងរបស់យើង មិនទទួលបានលទ្ធផលល្អ ប៉ុន្ដែយើងទទួលបានបទពិសោធន៍ច្រើនពីដៃគូប្រកួត និងបច្ចេកទេសប្រកួតផ្សេងទៀត។ ដូច្នេះ យើងអាចយកមកអភិវឌ្ឍកែប្រែ ដើម្បីអាចមានឱកាស។ យើង នឹងពង្រឹងសមត្ថភាពឲ្យបានល្អហើយត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ខាងក្រោយទៀត។ យើង ត្រូវតែពង្រឹង និងអភិវឌ្ឍ ដើម្បីឲ្យកម្រិតរបស់យើង កើនឡើងពី១ ចំណុច ទៅមួយចំណុច។ រាល់ថ្ងៃកម្រិតយើង គ្រាន់តែអាចប្រកួតប្រជែងក្នុងកម្រិតអាស៊ី ប៉ុន្ដែឡើងមកកម្រិតពិភពលោក យើងនៅខ្សោយជាងគេច្រើន។ យើង ត្រូវពង្រឹងទាំងបច្ចេកទេស ស្មារតី និងកម្លាំងកាយសម្បទា។»

គួរបញ្ជាក់ផងដែរថា ចិន ធ្វើជាម្ចាស់ផ្ទះកីឡាពិភពលោក លើកទី១២ នៅទីក្រុង Chengdu ដោយមានអត្ដពលិកជាង ៤០០០នាក់ មកពី១១៨ប្រទេស ចូលរួមប្រកួតលើ ៣៤ប្រភេទកីឡា។ កម្ពុជា បានបញ្ជូនអត្ដពលិកចំនួន ១៥នាក់ លើ ៣ប្រភេទកីឡា ក្នុងនោះមាន ទូកនាគ ១២នាក់, ជឺជិតស៊ូ ២នាក់ និងឌូអាត្លុង ១នាក់។ អត្ដពលិកកម្ពុជាទាំង ៣ប្រភេទកីឡានេះ មានវត្តមានប្រកួតព្រឹត្តិការណ៍កីឡាពិភពលោក គឺមិនមែនដោយសារសិទ្ធអនុគ្រោះឡើយ ប៉ុន្ដែជាសមត្ថភាព ដែលកីឡាករ-កីឡាការិនីជម្រើសជាតិទាំងនោះ បានប្រឹងប្រែងប្រកួតជាប់វគ្គជម្រុះនានា ក្នុងតំបន់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top