អត្ដពលិកឌូអាត្លុងកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ១០ នៅកីឡាពិភពលោក

កីឡាករឌូអាត្លុងកម្ពុជា Sokha Mickael Chiumond បានដណ្ដើមបានលេខ១០ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) នៅទីក្រុង Chengdu ប្រទេសចិន​ នាព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០២៥។ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ចាត់ទុកថាចំណាត់ថ្នាក់នេះ ល្អសម្រាប់កម្ពុជា ដ្បិតស្ថិតនៅលើកីឡាករអាស៊ី ដោយក្រោមតែកីឡាករអឺរ៉ុប។

កីឡាករ Sokha Michael Chiumond គឺជាកីឡាឌូអាត្លុងរបស់កម្ពុជា តែម្នាក់គត់ បានទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ នៅប្រទេសចិន។ វត្តមានរបស់កីឡាករកម្ពុជារូបនេះ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក មិនមែនបានដោយសារការផ្ដល់សិទ្ធិអនុគ្រោះឲ្យចូលរួមនោះទេ ប៉ុន្ដែបានមកដោយសារសមត្ថភាព នៃការប្រកួតប្រជែងវគ្គជម្រុះអន្ដរជាតិ។

Sokha Michael Chiumond ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១០ ក្នុងព្រឹត្តិការណ៍ World Games បានចូលរួមប្រកួតលើកីឡាឌូអាត្លុង ក្នុងចំណោមអត្តពលិកសរុបចំនួន ៣៤នាក់ ដែលមានវិញ្ញាសារត់ប្រណាំង ១០គីឡូម៉ែត្រ ប្រណាំងកង់ ៤០គីឡូម៉ែត្រ និងរត់ប្រណាំង ៥គីឡូម៉ែត្រ។ កីឡាករ CHOQUERT Benjamin របស់បារាំង ដណ្ដើមបាន មេដាយមាស, កីឡាករប៊ែលហ្ស៊ិក DELY Arnaud មេដាយប្រាក់ និងកីឡាករប៊ែលហ្ស៊ិក BIERINCKX Vincent មេដាយសំរឹទ្ធិ។ 

ដោយឡែក កីឡាករកម្ពុជារូបនេះ ស្ថិតនៅចំណាត់ថ្នាក់ល្អជាងគេ បើធៀបទៅកីឡាករក្នុងតំបន់អាស៊ីផ្សេងទៀត ដែលមានជប៉ុន នៅចំណាត់ថ្នាក់លេខ១២, ចិន លេខ១៥ និងហ្វីលីពីន ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២៩។

លោក ងិន សុបញ្ញា យល់ថា លទ្ធផលនេះ បង្ហាញថាសមត្ថភាពកីឡាករកម្ពុជា គឺមានកម្រិតប្រកួតប្រជែងជាមួយប្រទេស ដែលមានអត្ដពលិកខ្លាំងៗ។ 

«លទ្ធផលគឺល្អ ទទួលយកបាន ព្រោះកម្រិតពិភពលោក ហើយបារាំងឈ្នះមេដាយមាស។ ចំណុចសំខាន់គឺ យើងបានចូល World Games លើកដំបូងដោយការជាប់ប្រកួតជម្រុះ ទើបយើងមានសិទ្ធទៅបាន គឺមិនទៅដោយប្រព័ន្ធអនុគ្រោះទេ។»។ អគ្គលេខាធិការរូបនេះ បន្ថែមដូច្នេះ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៧-១៧ សីហា ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន។ ព្រឹត្តិការណ៍នេះ មាន ១១៨ប្រទេសចូលរួម ដោយមានអត្ដពលិកសរុប ជាង៤០០០នាក់ ក្នុង ៣៤ប្រភេទកីឡា លើ២៥៦វិញ្ញាសា៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top