រដ្ឋាភិបាលស្វ៊ីសឱ្យ Federer ឬប្រធាន FIFA ជួយចរចាពន្ធគយអាម៉េរិក ជាមួយត្រាំ

រដ្ឋាភិបាលស្វ៊ីស ចង់ឱ្យវីរបុរសកីឡាវាយកូនបាល់ Roger Federer ឬលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចូលរួមអន្តរាគមន៍ចរចាជាមួយលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយបន្ទុកពន្ធ បន្ទាប់ពីអាម៉េរិកដាក់ពន្ធនាំចូល ៣៩ ភាគរយលើទំនិញរបស់ស្វ៊ីស។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីស្វ៊ីសលោកស្រី Karin Keller-Sutter។

អ្នកនយោបាយស្វ៊ីស មួយចំនួនបានស្នើលោក Infantino ដែលជាជនរួមជាតិខ្លួន ជាបណ្តាញចរចាក្រៅផ្លូវការជាមួយលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ បានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅរដ្ឋ New Jersey កាលពីខែកក្កដា។

 

ក្រៅពីមានទំនាក់ទំនងល្អជាមួយប្រធាន FIFA លោក ត្រាំ ក៏ជាអ្នកគាំទ្រអតីតតារាវាយកូនបាល់ដ៏ល្បី Federer មួយរូបដែរ។ Federer វ័យ៤៤ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈកីឡាវាយកូនបាល់ មុនសម្រេចចូលនិវត្តន៍នៅឆ្នាំ ២០២២។

អ្នកស្រី Keller-Sutter ប្រធានាធិបតីស្វ៊ីស បានប្រាប់ទូរទស្សន៍ Tele Zueri ថារវាងលោក Infantino ឬ Federer ទំនងជាអាចបញ្ចុះបញ្ចូលលោក ត្រាំ បានខ្លះជុំវិញការបន្ធូបន្ថយពន្ធនាំចូលទៅអាម៉េរិក។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលស្វ៊ីសក៏ត្រូវមានយុទ្ធសាស្ត្រចរចាផ្លូវការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនផងដែរ។

កាលពីសប្តាហ៍មុន អាម៉េរិកបានសម្រេចដាក់ពន្ធនាំចូល ៣៩ភាគរយពីប្រទេសស្វ៊ីស ដែលជាកម្រិតខ្ពស់បំផុតមួយនៃការអនុវត្តក្រោមការកំណត់ឡើងវិញនៃពាណិជ្ជកម្មសកលរបស់លោក ត្រាំ។ អ្នកស្រី Keller-Sutter សង្ឃឹមថាកិច្ចពិភាក្សាដើម្បីកាត់បន្ថយពន្ធគយរបស់អាម៉េរិកលើការនាំចេញរបស់ស្វ៊ីសអាចត្រូវបានដោះស្រាយនៅខែតុលា។

កន្លងមកប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កាលពីដើមខែឧសភា បានរួមដំណើរជាមួយកីឡាករវាយកូនគោលក្នុងគណៈប្រតិភូរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយសង្ឃឹមថានឹងពិភាក្សាអំពីពាណិជ្ជកម្ម និងកំណត់ឡើងវិញនូវទំនាក់ទំនងដ៏តានតឹងជាមួយអាម៉េរិក៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top