កីឡាករបាល់ទះកំពូល ៥ រូប​ជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុង​លោក​ ឆ្នាំ ២០២៥

សម្រាប់ឆ្នាំ ២០២៥ នេះ មានកីឡាករបាល់ទះលំដាប់កំពូល ៥ នាក់ ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ខណៈអ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ Wilfredo Leon នៅតែឈរចំណាត់ថ្នាក់លេខ ១។

ដកស្រង់ចេញពី Volley Box ខាងក្រោមនេះជាកីឡាករបាល់ទះទាំង ៥ ដែលត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក គិតត្រឹមខែ សីហា ឆ្នាំ ២០២៥៖

 

៥៖ អ្នកបាំងបាល់កណ្តាលសញ្ជាតិ ប្រេស៊ីល Lucas Saatkamp

 

កីឡាករវ័យ ៣៩ ឆ្នាំ កម្ពស់ ២.១០ ម៉ែត្ររូបនេះ ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ស្ថិតនៅលេខរៀងទី ៥ ក្នុងពិភពលោក។ កាលពីរដូវកាល ២០២៤-២០២៥ រូបគេបានឈ្នះពាន ២ ជាមួយក្លិប Sada Cruzeiro Vôlei ដូចជាលីគកំពូលប្រេស៊ីល Brazilian Superliga និងពានក្លិប​ទ្វីប​អាមេរិក​ខាង​ត្បូង South America Club Championship។ ចំណែកពានឯកត្តជនវិញ រូបគេបានឈ្នះពានអ្នកបាំងបាល់កណ្តាលល្អបំផុតប្រចាំព្រឹត្តិការណ៍ South America Club Championship។ ដោយឡែកនៅលីគកំពូល ប្រេស៊ីល រូបគេបានឈ្នះពាន ៣ ម្នាក់ឯងដូចជា កីឡាករប្រយុទ្ធល្អបំផុត អ្នកបាំងបាល់កណ្តាលល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំលីគ។ ជារួមរូបគេទទួលបានពិន្ទុសរុបចំនួន ៤៨៥.៥ ពិន្ទុ។

៤. អ្នកវាយផ្តាច់សញ្ជាតិ ម៉ាលី Noumory Keita

Keita ត្រូវបានគេផ្តល់ឱ្យចំណាត់ថ្នាក់ស្ថិតនៅលេខរៀងទី ៤។ កីឡាករវ័យ ២៤ ឆ្នាំ កម្ពស់ ២.០៦ ម៉ែត្ររូបនេះ បានឈ្នះពានចំនួន ៤ ជាមួយក្លិបរបស់គេ Al Rayyan S.C. កាលពីរដូវកាលមុន ២០២៤-២០២៥ ដូចជាពានលីគកំពូល កាតា Qatar League, Qatar Cup, Emir Cup និងពាន AVC Champions League។ ដោយឡែកពានឯកត្តជនវិញ រូបគេបានឈ្នះពានអ្នកវាយសេវាល្អបំផុតប្រចាំព្រឹត្តិការណ៍ AVC Champions League។ ក្នុងនោះរូបគេទទួលបានពិន្ទុសរុបចំនួន ៥៤៤.១០ ពិន្ទុ។

៣. អ្នកលើកបាល់សញ្ជាតិ អ៉ីតាលី Simone Giannelli

អ្នកលើកបាល់វ័យ ២៩ ឆ្នាំកម្ពស់ ២.០០ ម៉ែត្រ​រូបនេះ ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ស្ថិតនៅលេខរៀងទី ៣។ Simone Giannelli បានជួយឱ្យក្រុមរបស់គេ Sir Susa Vim Perugia ឈ្នះពាន Champions League កាលពីរដូវកាល ២០២៤-២០២៥ និងការប្រកួតក្នុងលីគ អ៉ីតាលី ឈរនៅចំណាត់ថ្នាក់លេខ ៣។ ចំណែកនៅព្រឹត្តិការណ៍លីគបាល់ទះពិភពលោក Volleyball Nations League ដែលទើបបញ្ចប់ថ្មីៗនេះ រូបគេបានជួយឱ្យ អ៉ីតាលី ទទួលបានចំណាត់ថ្នាក់លេខ ២។ រីឯពានឯកត្តជនវិញ រូបគេបានឈ្នះពានអ្នកលើកបាល់ល្អបំផុតប្រចាំព្រឹត្តិកាណ៍ VNL ១ និងនៅក្នុងពានរង្វាន់ Champions League បានឈ្នះពានអ្នកលើកបាល់ល្អបំផុត និងកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។ ជាមួយគ្នានេះ រូបគេត្រូវបានគេផ្តល់ពិន្ទុសរុបឱ្យចំនួន ៥៦៤ ពិន្ទុ។

២. អ្នកវាយផ្តាច់សញ្ជាតិ ហូល្លង់ Nimir Abdel-Aziz

Nimir Abdel-Aziz ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ឱ្យស្ថិតនៅលេខរៀងទី ២។ កីឡាករវ័យ ៣៣ ឆ្នាំ កម្ពស់ ២.០១ ម៉ែត្ររូបនេះ ពិតជាទទួលបានសមិទ្ធផលច្រើនមែនទែនជាមួយក្លិបរបស់គេ Al Rayyan S.C. កាលពីរដូវកាលមុន ២០២៤-២០២៥ ក្នុងនោះរូបគេបានឈ្នះពានលីគកំពូល កាតា Qatar League, Qatar Cup, Emir Cup និងពាន AVC Champions League។ ដោយឡែកពានឯកត្តជនវិញ រូបគេបានឈ្នះពានដល់ទៅ ៤ ក្នុងពាន AVC Champions League ដូចជា អ្នកវាយផ្តាច់ល្អបំផុត, កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍, អ្នករកពិន្ទុល្អបំផុត និងកីឡាករប្រយុទ្ធល្អបំផុត។ ជារួម រូបគេទទួលបានពិន្ទុសរុបចំនួន ៦៣៧.៥ ពិន្ទុ។

១. អ្នកវាយផ្តាច់សញ្ជាតិ ប៉ូឡូញ Wilfredo Leon

Leon នៅ​តែ​ជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ហើយនៅឆ្នាំ ២០២៥ នេះរូបគេនៅតែក្រសោបបានតំណែងចំណាត់ថ្នាក់លេខ ១។ កីឡាករវ័យ ៣២ ឆ្នាំកម្ពស់ ២.០១ ម៉ែត្ររូបនេះ បានឈ្នះពានចំនួន ២ ជាមួយក្រុមរបស់គេ BOGDANKA LUK Lublin ដូចជាពានលីគកំពូល ប៉ូឡូញ Polish PlusLiga និង Challenge Cup។ រីឯថ្មីៗនេះនៅជម្រើសជាតិ ប៉ូឡូញ រូបគេទើបតែបានឈ្នះពានលីគបាល់ទះពិភពលោក Volleyball Nations League។ ដោយឡែកពានឯត្តជន រូបគេបានឈ្នះពាន ៣ ម្នាក់ឯងក្នុងលីគកំពូល ប៉ូឡូញ ដូចជា អ្នកវាយផ្តាច់ល្អបំផុត, អ្នកចេញសេវាល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ និងនៅក្នុងពាន Challenge Cup រូបគេបានឈ្នះពាន អ្នកចេញសេវាល្អបំផុត។ បើក្រឡេកទៅមើលក្រុមជម្រើសជាតិ រូបគេបានឈ្នះពាន អ្នកវាយផ្តាច់ល្អបំផុតប្រចាំព្រឹត្តិការណ៍ Volleyball Nations League។ តាមរយៈសមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យ Leon ទទួលបានពិន្ទុដាច់គេដល់ទៅ ៦៤១.៥ ពិន្ទុ។

គួរបញ្ជាក់ថា លំដាប់ចំណាត់ថ្នាក់របស់កីឡាករទាំង ៥ នាក់ខាងលើ ត្រូវបានគេគិតលើចំណុចសំខាន់ៗដូចជា ការឈ្នះពានជាមួយក្លិប និងជម្រើសជាតិ និងពានឯកត្តជន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top