រដ្ឋាភិបាលស្វ៊ីស ចង់ឱ្យវីរបុរសកីឡាវាយកូនបាល់ Roger Federer ឬលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចូលរួមអន្តរាគមន៍ចរចាជាមួយលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយបន្ទុកពន្ធ បន្ទាប់ពីអាម៉េរិកដាក់ពន្ធនាំចូល ៣៩ ភាគរយលើទំនិញរបស់ស្វ៊ីស។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីស្វ៊ីសលោកស្រី Karin Keller-Sutter។
ក្រៅពីមានទំនាក់ទំនងល្អជាមួយប្រធាន FIFA លោក ត្រាំ ក៏ជាអ្នកគាំទ្រអតីតតារាវាយកូនបាល់ដ៏ល្បី Federer មួយរូបដែរ។ Federer វ័យ៤៤ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈកីឡាវាយកូនបាល់ មុនសម្រេចចូលនិវត្តន៍នៅឆ្នាំ ២០២២។
អ្នកស្រី Keller-Sutter ប្រធានាធិបតីស្វ៊ីស បានប្រាប់ទូរទស្សន៍ Tele Zueri ថារវាងលោក Infantino ឬ Federer ទំនងជាអាចបញ្ចុះបញ្ចូលលោក ត្រាំ បានខ្លះជុំវិញការបន្ធូបន្ថយពន្ធនាំចូលទៅអាម៉េរិក។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលស្វ៊ីសក៏ត្រូវមានយុទ្ធសាស្ត្រចរចាផ្លូវការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនផងដែរ។
កាលពីសប្តាហ៍មុន អាម៉េរិកបានសម្រេចដាក់ពន្ធនាំចូល ៣៩ភាគរយពីប្រទេសស្វ៊ីស ដែលជាកម្រិតខ្ពស់បំផុតមួយនៃការអនុវត្តក្រោមការកំណត់ឡើងវិញនៃពាណិជ្ជកម្មសកលរបស់លោក ត្រាំ។ អ្នកស្រី Keller-Sutter សង្ឃឹមថាកិច្ចពិភាក្សាដើម្បីកាត់បន្ថយពន្ធគយរបស់អាម៉េរិកលើការនាំចេញរបស់ស្វ៊ីសអាចត្រូវបានដោះស្រាយនៅខែតុលា។
កន្លងមកប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កាលពីដើមខែឧសភា បានរួមដំណើរជាមួយកីឡាករវាយកូនគោលក្នុងគណៈប្រតិភូរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយសង្ឃឹមថានឹងពិភាក្សាអំពីពាណិជ្ជកម្ម និងកំណត់ឡើងវិញនូវទំនាក់ទំនងដ៏តានតឹងជាមួយអាម៉េរិក៕
ប្រភព៖ THMEYTHMEY