ក្រុមអ្នកនិយមកីឡារត់ជាច្រើនក្រុម នឹងបន្តប្រមូលផ្តុំជួបជុំគ្នា នៅរាជធានីភ្នំពេញ ដើម្បីបន្តចលនាស្មារតីរត់រួមគ្នាជាថ្មី ក្នុងកម្មវិធី Peace in Motion ក្នុងបំណងបង្ហាញស្មារតីស្នេហាជាតិ ការបញ្ចេញសំឡេងស្វែងរកសន្តិភាពពិតប្រាកដរបស់កម្ពុជាទៅពិភពលោក ខណៈថៃបានបន្តអូសទាញស្ថានការណ៍តាមបណ្តោយព្រំដែនឱ្យកាន់តែតានតឹង។ ការរត់នេះ ក៏ដើម្បីអបអរ សាមគ្គីភាព មិត្តភាព ការលើកទឹកចិត្ត និងបំណងពិតរបស់ពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកតាមលទ្ធភាពអាចធ្វើទៅបាន ដើម្បីប្រទេសជាតិ ក្នុងគ្រាលំបាក។
«បេះដូងមួយ សំឡេងមួយ កម្ពុជារួមគ្នាតែមួយ» នេះជាស្មារតីរួមរបស់ក្រុមរត់ជាង ១០ក្រុម ដែលគ្រោងនឹងបន្តរួមគ្នាធ្វើតាមរយៈការរត់កម្សាន្តចម្ងាយខ្លី ៦គីឡូម៉ែត្រ ដើម្បីចូលរួមបង្ហាញស្មារតីសាមគ្គីភាព សន្តិភាពពិតប្រាកដ ការគាំទ្រលើកទឹកចិត្តកងទ័ពឈរជើងជួរមុខការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។ កម្មវិធីនេះ ក៏ដូចជាការរួមគ្នាបន្តបំពងសំឡេងជាថ្មី ឱ្យអន្តរជាតិ និងពិភពលោក ដឹងឮកាន់តែខ្លាំង ពីស្ថានភាពកំពុងកើតមាននៅកម្ពុជា។
ការរត់ «Peace in Motion» នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៦ សីហា ក្នុងរយៈចម្ងាយ ៦គីឡូម៉ែត្រ ដោយចាប់ផ្តើមនៅម៉ោង ៥ និង៣០នាទីព្រឹក ពីវិមានឯករាជ្យជាតិ ឆ្ពោះទៅសួនច្បារមុនផ្សាររាត្រី តាមបណ្តោយមាត់ទន្លេ រាជធានីភ្នំពេញ។ តាមរយៈកីឡារត់ដ៏ពេញនិយម និងកំពុងចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន និងពលរដ្ឋកម្ពុជា ផ្តើមពីអ្នករត់ម្នាក់ ថតសកម្មភាពរត់ដើម្បីសន្តិភាព បញ្ចេញសំឡេងចង់បានសន្តិភាពមួយទៅពិភពលោក។ ប៉ុន្តែបើសិនមានអ្នករត់ចូលរួមច្រើន នោះការបំពងសំឡេងនឹងកាន់តែឮត្រហឹង ស្របពេលកម្ពុជាកំពុងរួមសាមគ្គីយ៉ាងខ្លាំងក្លា និងការផ្ញើសារតាមបណ្តាញសង្គមជារឿយៗទៅពិភពលោក។ នេះបើតាមលោក គ្រីសស្ទូបភឺ ជា (Christopher Chea) អ្នកតំណាងក្រុមរត់ NEAK Run Club ដែលនឹងរៀបចំកម្មវិធីរត់ «Peace in Motion»។
ក្លិបកីឡារត់ធំៗប្រចាំកម្ពុជា រួមមាន Night Runners Club, NEAK RUN Club (ជាអ្នករៀបចំ), Sabay Run Club, SuSu Run Club, សមញ្ញ, រត់ (RUTT) , Hanuman Run Club, Run With Sai និងក្រុមរត់ GRC ព្រមទាំងក្លិបរត់ជាក្រុមតូចៗជាច្រើនផ្សេងទៀត នឹងបន្តចូលរួមរត់ជុំគ្នាជាថ្មីតទៀត បន្ទាប់ពីមានការ «រត់ដើម្បីសន្តិភាព» ដែលបានរៀបចំកន្លងរួចមក។
កាលពីព្រឹកថ្ងៃទី២៤ រហូតថ្ងៃ២៨ខែកក្កដា យោធាថៃបានបើកការវាយប្រហារយ៉ាងកម្រោលមកលើទឹកកម្ពុជា។ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីក្នុងរយៈពេល៥ថ្ងៃ យោធាថៃបានប្រើសព្វាវុធធុនធ្ងន់ និងសាហាវមកលើកម្ពុជា។ ក្នុងនោះ កងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាត គ្រាប់បែក MK-84 MK-82…ជាដើម ដែលបង្កឱ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់-របួសជាច្រើននាក់។ ការវាយប្រហារយ៉ាងកម្រោលរបស់យោធានេះបានបង្ខំឱ្យប្រជាពលរាប់សិបម៉ឺននាក់ចាកចេញពីភូមិឋានរបស់ខ្លួន។
ដ្បិត បច្ចុប្បន្នមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានភាគីប្រទេសម៉ាឡេស៊ី ប្រធានអាស៊ាន សហរដ្ឋអាម៉េរិក និងចិន ជាធ្វើសាក្សីក្តី ក៏ប៉ុន្តែកម្ពុជាគឺនៅរងការឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ។ គិតដល់ថ្ងៃទី១៤ សីហា កងទ័ពឈ្លានពានថៃ បានរាយបន្លាលួស រំលោភលើទឹកដីកម្ពុជា និងមានផែនការចង់វាយប្រហារជាថ្មីចូលទឹកដីកម្ពុជា ម្តងហើយម្តងទៀត។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។
លើសពីនេះទៅទៀត កងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ កក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន គិតមកដល់ពេលនេះចំនួន ១៦ថ្ងៃហើយ ដែលកងទ័ពថៃមិនបានដោះលែងប្រគល់ឱ្យភាគីកម្ពុជាវិញ។ ភាពតានតឹងតាមបណ្តោយព្រំដែន បង្កឡើងពីសកម្មភាពយ៉ាងគឃ្លើនរបស់កងទ័ពថៃ បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់រូប បានរួមគ្នាជាសំឡេងមួយ និងជាចលនារួមសាមគ្គីមួយ បង្ហាញទៅពិភពលោក ក្នុងការទាមទាររកយុត្តិធម៌ សន្តិភាពពិតប្រាកដ គ្មានឈ្លានពានពីប្រទេសជិតខាង សម្រាប់កម្ពុជា។
លោក គ្រីសស្ទូបភឺ ជា អ្នកតំណាងក្លិបរត់ NEAK Run Club បានចាត់ទុក «Peace in Motion» ជាការរត់ដើម្បីបង្ហាញការសាទរអរគុណដល់សន្តិភាព ការរួមសាមគ្គី និងការបង្កើតមិត្តភាព ប្រមូលផ្តុំមនុស្សឱ្យមករួបរួមគ្នា ឈរបង្ហាញ ស្មារតីតែមួយសម្រាប់ក្តីសង្ឃឹម ចង់បានសន្តិភាព សេរីភាព និងគ្មានជម្លោះតាមព្រំដែនបន្តទៀត។
«ការរត់សន្តិភាពក្នុងចលនារួមគ្នានេះ ដើម្បីសាទរដល់សន្តិភាព សាមគ្គីភាព មិត្តភាព និងនាំមនុស្សគ្រប់រូបឱ្យមកជួបជុំគ្នាដើម្បីបន្តដំណើររួមគ្នាគ្រប់កាលៈទេសៈ។ ពិតណាស់ បរិបទពិភពលោកបច្ចុប្បន្ន ប្រព័ន្ធអ៊ីនធឺណិត ផ្តល់ឱកាសមនុស្សម្នាក់បញ្ចេញសំឡេងមួយ ឱ្យមនុស្សដទៃបានឮ ប៉ុន្តែបើសិនអ្នករត់ ៧០០នាក់ រត់រួមគ្នា បញ្ចេញសំឡេងរួម នោះសារមួយនេះនឹងកាន់តែមានភាពខ្លាំងក្លា កងរំពង នឹងមិនងាយអូសរំលងបាន។»។ នេះជាការលើកឡើងរបស់លោក លោក គ្រីសស្ទូបភឺ ជា ដែលបានអះអាងថា ៖«យើងរួមគ្នាក្នុងមានជាសហគមពលរដ្ឋខ្មែរ ស្រលាញ់សន្តិភាព នឹងរួមពង្រីកសាររបស់យើងទៅរាល់ប្រព័ន្ធបណ្តាញសង្គមទាំងអស់។»។
គូសបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្លិបអ្នកនិយមកីឡារត់ធំៗក្នុងប្រទេសកម្ពុជា និងអ្នករត់ប្រមាណជាង ៦០០នាក់ ក៏ធ្លាប់បានប្រមូលផ្តុំគ្នា ក្នុងការ «រត់ដើម្បីសន្តិភាព» ក្នុងចលនារត់រួមគ្នាបំពងសំឡេងស្វែងរកចង់បានសន្តិភាពពិតប្រាកដ និងលើកទឹកចិត្តដល់កងទ័ពឈរជើងនៅសមរភូមិមុខ តាមបណ្តោយព្រំដែនដែលកំពុងមានភាពតានតឹង ក៏ដូចជាការលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹក ដែលរងទុក្ខលំបាករស់ឆ្ងាយផ្ទះសម្បែង៕
ប្រភព៖ THMEYTHMEY