Chelsea ជាក្លិបតែមួយគត់នៅ EPL នឹងគ្មានស្លាកឧបត្ថម្ភធំលើអាវ រដូវកាលថ្មី

ក្លិប Chelsea នឹងបន្តជាក្លិបតែមួយគត់ នៅក្នុងក្របខណ្ឌ Premier League ដែលនឹងប្រកួតដោយគ្មានស្លាកអ្នកឧបត្ថម្ភធំនៅលើអាវ ក្នុងលីគកំពូលអង់គ្លេស រដូវកាលថ្មី ២០២៥-២៦។

កាលពីពេលថ្មីៗនេះក្លិប Nottingham Forest រកបានដៃគូឧបត្ថម្ភធំថ្មីជាក្រុមហ៊ុនល្បែងភ្នាល់របស់អាម៉េរិក ឈ្មោះ ​Bally Corporation។ រឿងនេះបានបន្តធ្វើឱ្យក្លិប Chelsea នឹងក្លាយជាក្លិបតែមួយប្រចាំលីគកំពូលអង់គ្លេស​ នឹងត្រូវប្រកួតដោយគ្មានស្លាកឧបត្ថម្ភធំលើអាវក្រុម។

ប៉ុន្តែយ៉ាងណានៅពីក្រោយ នៃការគ្មានស្លាកសញ្ញាក្រុមហ៊ុនឧបត្ថម្ភធំលើក្លិបរហស្សនាមតោខៀវ គឺពោរពេញដោយការប្រជែងពីសំណាក់ក្រុមហ៊ុនធំៗទាំងអស់នោះ ដើម្បីអាចក្លាយជាដៃគូជាមួយនឹង Chelsea សម្រាប់រដូវកាលថ្មី។ ក្លិប Chelsea ត្រូវបានគេដឹងថា​ បច្ចុប្បន្នកំពុងតែផ្តោតទៅលើឱកាសជាដៃគូនឹងក្រុមហ៊ុនឧបត្ថម្ភធំថ្មីមួយ ដែលនឹងអាចក្លាយជាដៃគូរយៈពេលវែងតែម្តង មិនមែនត្រឹមតែពេល ២ ឬ ៣ឆ្នាំ នោះទេ។

គោលដៅក្លិប Chelsea ក៏សម្លឹងមើលឱកាសទទួលបានប្រាក់ពីចន្លោះ ៨១លាន ទៅ ៨៨លានដុល្លារ ពីដៃគូជាមួយក្រុមហ៊ុនឧបត្ថម្ភនោះ ក្រោយក្រុមមានកៅអីលេងក្នុង UEFA Champions League និងឈ្នះពាន FIFA Club World Cup ឆ្នាំ ២០២៥។ មូលហេតុទាំងអស់នេះ ជាការតាំងចិត្តស្វែងរកដៃគូឧបត្ថម្ភដ៏ស័ក្តិសមតាមបំណងរបស់ក្លិប Chelsea។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរដ៏ធំរបស់អារ៉ាប៊ីសាអូឌីត ​Riyadh Air កំពុងតែក្លាយជាអ្នកប្រជែងខ្លាំង ក្នុងការក្លាយជាដៃគូសហការជាមួយនឹងក្លិប Chelsea។ 

កាលពីរដូវកាលមុន Chelsea ក៏ប្រកួតដោយគ្មានស្លាកក្រុមហ៊ុនអ្នកឧបត្ថម្ភលើអាវដូចគ្នានេះ ហើយអំឡុងការប្រកួត Club World Cup ក្រុមតោខៀវ បានដាក់ស្លាកសញ្ញាក្រុមហ៊ុនមួយលើអាវ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

​ដោយឡែកនៅរដូវកាលថ្មី ២០២៥-២៦ របស់ក្របខណ្ឌ Premier League ក្លិបចំនួន ១១ បានក្លាយជាដៃគូសហការជាមួយនឹងក្រុមហ៊ុនល្បែងភ្នាល់ ហើយត្រៀមដាក់បង្ហាញនៅលើអាវក្រុមរបស់ពួកគេ ដែលចំនួនក្លិបកើតឡើងចំនួន ៣ បើធៀបរដូវកាលចាស់។ មានតែក្លិបធំៗប៉ុណ្ណោះ រួមមាន Arsenal, Man City, Man Utd, Liverpool, Tottenham Hotspur ជាដើមដែលគ្មានដៃគូឧបត្ថម្ភជាក្រុមហ៊ុនល្បែងភ្នាល់។

គូសរំឭកថា នៅចុងបញ្ចប់រដូវកាល ២០២៥-២៦ ក្របខណ្ឌ Premier League នឹងហាមឃាត់មិនឱ្យក្រុមស្ថិតក្នុងការប្រកួតដាក់ស្លាកសញ្ញាដៃគូឧបត្ថម្ភជាក្រុមហ៊ុនល្បែងភ្នាល់ទៀតឡើយ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top