អ្នកនិយមកីឡារត់ នឹងបន្តរួមគ្នារត់បញ្ចេញសំឡេងរកសន្តិភាព «Peace in Motion»

ក្រុមអ្នកនិយមកីឡារត់ជាច្រើនក្រុម នឹងបន្តប្រមូលផ្តុំជួបជុំគ្នា នៅរាជធានីភ្នំពេញ ដើម្បីបន្តចលនាស្មារតីរត់រួមគ្នាជាថ្មី ក្នុងកម្មវិធី Peace in Motion ក្នុងបំណងបង្ហាញស្មារតីស្នេហាជាតិ ការបញ្ចេញសំឡេងស្វែងរកសន្តិភាពពិតប្រាកដរបស់កម្ពុជាទៅពិភពលោក ខណៈថៃបានបន្តអូសទាញស្ថានការណ៍តាមបណ្តោយព្រំដែនឱ្យកាន់តែតានតឹង។ ការរត់នេះ​ ក៏ដើម្បីអបអរ សាមគ្គីភាព មិត្តភាព ការលើកទឹកចិត្ត និងបំណងពិតរបស់ពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកតាមលទ្ធភាពអាចធ្វើទៅបាន ដើម្បីប្រទេសជាតិ ក្នុងគ្រាលំបាក។

«បេះដូងមួយ សំឡេងមួយ កម្ពុជារួមគ្នាតែមួយ» នេះជាស្មារតីរួមរបស់ក្រុមរត់ជាង ១០ក្រុម ដែលគ្រោងនឹងបន្តរួមគ្នាធ្វើតាមរយៈការរត់កម្សាន្តចម្ងាយខ្លី ៦គីឡូម៉ែត្រ ដើម្បីចូលរួមបង្ហាញស្មារតីសាមគ្គីភាព សន្តិភាពពិតប្រាកដ ការគាំទ្រលើកទឹកចិត្តកងទ័ពឈរជើងជួរមុខការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។ កម្មវិធីនេះ ក៏ដូចជាការរួមគ្នាបន្តបំពងសំឡេងជាថ្មី ឱ្យអន្តរជាតិ និងពិភពលោក ​ដឹងឮកាន់តែខ្លាំង ពីស្ថានភាពកំពុងកើតមាននៅកម្ពុជា។ 

​​ការរត់ «Peace in Motion» នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៦ សីហា ក្នុងរយៈចម្ងាយ ៦គីឡូម៉ែត្រ ដោយចាប់ផ្តើមនៅម៉ោង ៥ និង៣០នាទីព្រឹក ពីវិមានឯករាជ្យជាតិ ឆ្ពោះទៅសួនច្បារមុនផ្សាររាត្រី តាមបណ្តោយមាត់ទន្លេ រាជធានីភ្នំពេញ។ តាមរយៈកីឡារត់ដ៏ពេញនិយម និងកំពុងចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន និងពលរដ្ឋកម្ពុជា ផ្តើមពីអ្នករត់ម្នាក់ ថតសកម្មភាពរត់ដើម្បីសន្តិភាព បញ្ចេញសំឡេងចង់បានសន្តិភាពមួយទៅពិភពលោក។ ប៉ុន្តែបើសិនមានអ្នករត់ចូលរួមច្រើន នោះការបំពងសំឡេងនឹងកាន់តែឮត្រហឹង ស្របពេលកម្ពុជាកំពុងរួមសាមគ្គីយ៉ាងខ្លាំងក្លា និងការផ្ញើសារតាមបណ្តាញសង្គមជារឿយៗទៅពិភពលោក។ នេះបើតាមលោក ​គ្រីសស្ទូបភឺ ជា​ (Christopher Chea) ​អ្នកតំណាងក្រុមរត់ NEAK Run Club ដែលនឹងរៀបចំកម្មវិធីរត់ «Peace in Motion»​​។

ក្លិបកីឡារត់ធំៗប្រចាំកម្ពុជា រួមមាន  Night Runners Club, NEAK RUN Club (ជាអ្នករៀបចំ), Sabay Run Club, SuSu Run Club, សមញ្ញ, រត់ (​RUTT) , Hanuman Run Club, Run With Sai និងក្រុមរត់ GRC ព្រមទាំងក្លិបរត់ជាក្រុមតូចៗជាច្រើនផ្សេងទៀត នឹងបន្តចូលរួមរត់ជុំគ្នាជាថ្មីតទៀត បន្ទាប់ពីមានការ «រត់ដើម្បីសន្តិភាព» ដែលបានរៀបចំកន្លងរួចមក។

កាលពីព្រឹកថ្ងៃទី២៤ រហូតថ្ងៃ២៨ខែកក្កដា យោធាថៃបានបើកការវាយប្រហារយ៉ាងកម្រោលមកលើទឹកកម្ពុជា។ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីក្នុងរយៈពេល៥ថ្ងៃ យោធាថៃបានប្រើសព្វាវុធធុនធ្ងន់ និងសាហាវមកលើកម្ពុជា។ ក្នុងនោះ កងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16   គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាត គ្រាប់បែក MK-84 MK-82…ជាដើម ដែលបង្កឱ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់-របួសជាច្រើននាក់។ ការវាយប្រហារយ៉ាងកម្រោលរបស់យោធានេះបានបង្ខំឱ្យប្រជាពលរាប់សិបម៉ឺននាក់ចាកចេញពីភូមិឋានរបស់ខ្លួន។

ដ្បិត បច្ចុប្បន្នមានបទឈប់បាញ់រវាងកម្ពុជា-ថៃ​ ដែលមានភាគីប្រទេសម៉ាឡេស៊ី ប្រធានអាស៊ាន សហរដ្ឋអាម៉េរិក និងចិន ជាធ្វើសាក្សីក្តី ក៏ប៉ុន្តែកម្ពុជា​គឺនៅរងការឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ​។ គិតដល់ថ្ងៃទី១៤ សីហា កងទ័ពឈ្លានពានថៃ បានរាយបន្លាលួស រំលោភលើទឹកដីកម្ពុជា​ និងមានផែនការចង់វាយប្រហារជាថ្មីចូលទឹកដីកម្ពុជា ម្តងហើយម្តងទៀត។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

លើសពីនេះទៅទៀត កងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់​ខ្លួន កាលពីថ្ងៃទី២៩ កក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន គិតមកដល់ពេលនេះចំនួន ១៦ថ្ងៃហើយ ដែលកងទ័ពថៃមិនបានដោះលែងប្រគល់ឱ្យភាគីកម្ពុជាវិញ។ ភាពតានតឹងតាមបណ្តោយព្រំដែន បង្កឡើងពីសកម្មភាពយ៉ាងគឃ្លើនរបស់កងទ័ពថៃ បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់រូប បានរួមគ្នាជាសំឡេងមួយ និងជាចលនារួមសាមគ្គីមួយ បង្ហាញទៅពិភពលោក ក្នុងការទាមទាររកយុត្តិធម៌ សន្តិភាពពិតប្រាកដ គ្មានឈ្លានពានពីប្រទេសជិតខាង សម្រាប់កម្ពុជា។

លោក ​គ្រីសស្ទូបភឺ ជា អ្នកតំណាងក្លិបរត់ NEAK Run Club បានចាត់ទុក «Peace in Motion» ជាការរត់ដើម្បីបង្ហាញការសាទរអរគុណដល់សន្តិភាព ​ការរួមសាមគ្គី និងការបង្កើតមិត្តភាព ប្រមូលផ្តុំមនុស្សឱ្យមករួបរួមគ្នា ឈរបង្ហាញ ស្មារតីតែមួយសម្រាប់ក្តីសង្ឃឹម​ ចង់បានសន្តិភាព សេរីភាព និងគ្មានជម្លោះតាមព្រំដែនបន្តទៀត​។ 

«ការរត់សន្តិភាពក្នុងចលនារួមគ្នានេះ ដើម្បីសាទរដល់សន្តិភាព សាមគ្គីភាព មិត្តភាព និងនាំមនុស្សគ្រប់រូបឱ្យមកជួបជុំគ្នាដើម្បីបន្តដំណើររួមគ្នាគ្រប់កាលៈទេសៈ។ ពិតណាស់ បរិបទពិភពលោកបច្ចុប្បន្ន ប្រព័ន្ធអ៊ីនធឺណិត ផ្តល់ឱកាសមនុស្សម្នាក់បញ្ចេញសំឡេងមួយ ឱ្យមនុស្សដទៃបានឮ ប៉ុន្តែបើសិនអ្នករត់ ៧០០នាក់ រត់រួមគ្នា បញ្ចេញសំឡេងរួម នោះសារមួយនេះនឹងកាន់តែមានភាពខ្លាំងក្លា កងរំពង នឹងមិនងាយអូសរំលងបាន។»។ នេះជាការលើកឡើងរបស់លោក លោក ​គ្រីសស្ទូបភឺ ជា ដែលបានអះអាងថា ៖«យើងរួមគ្នាក្នុងមានជាសហគមពលរដ្ឋខ្មែរ ស្រលាញ់សន្តិភាព នឹងរួមពង្រីកសាររបស់យើងទៅរាល់ប្រព័ន្ធបណ្តាញសង្គមទាំងអស់។»។ 

គូសបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្លិបអ្នកនិយមកីឡារត់ធំៗក្នុងប្រទេសកម្ពុជា និងអ្នករត់ប្រមាណជាង ៦០០នាក់ ក៏ធ្លាប់បានប្រមូលផ្តុំគ្នា ក្នុងការ «រត់ដើម្បីសន្តិភាព» ក្នុងចលនារត់រួមគ្នាបំពងសំឡេងស្វែងរកចង់បានសន្តិភាពពិតប្រាកដ និងលើកទឹកចិត្តដល់កងទ័ពឈរជើងនៅសមរភូមិមុខ តាមបណ្តោយព្រំដែនដែលកំពុងមានភាពតានតឹង ក៏ដូចជាការលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹក ដែលរងទុក្ខលំបាករស់ឆ្ងាយផ្ទះសម្បែង៕  

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top