កម្ពុជាបានបង្កើតស្ថិតិថ្មីមួយទៀតដោយមានក្លិប ២ បានទៅលេងវគ្គសន្សំពិន្ទុក្នុងពូលពាន AFC Challenge League រដូវកាល ២០២៥-២៦។
ពីររដូវកាលចុងក្រោយ កម្រិតលីគបាល់ទាត់កម្ពុជា បានកើនឡើងខ្ពស់គួរជាទីមោទនភាពនៅក្នុងពានអាស៊ី ដោយបានឡើងទៅនៅលើ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ព្រុយណេ និង ទីម័រខាងកើត។ សមិទ្ធផលទាំងនេះបានមកពីក្លិបធ្វើបានល្អលើឆាកអន្តរជាតិ។ ភ្នំពេញក្រោន បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងតំបន់អាស៊ាន នៃពាន AFC Cup រដូវកាល ២០២៣-២៤ និងជាពិសេស ព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៤-២៥។
ឥឡូវនេះ ក្លិប ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ចូលដល់វគ្គសន្សំពិន្ទុក្នុងពូលពាន AFC Challenge League។ ប្រសិនបើក្លិបទាំងពីរធ្វើបានល្អនៅវគ្គសន្សំពិន្ទុក្នុងពូល ហើយឈានដល់វគ្គ ៨ ក្រុម វគ្គ៤ក្រុម ឬវគ្គផ្តាច់ព្រ័ត្រនោះគឺកាន់តែល្អសម្រាប់លីគបាល់ទាត់កម្ពុជា។
សូមបង្ហាញផលចំណេញសំខាន់ ៤ យ៉ាងសម្រាប់កម្ពុជា ប្រសិនបើក្រុមតំណាងកម្ពុជាទាំងពីរធ្វើបានល្អ។
- ទី១. កើនពិន្ទុ
ក្រោយចប់រដូវកាល ២០២៤-២៥ កម្ពុជា រកបាន ១៩.៣៥០ពិន្ទុ នៅពីលើ ឥណ្ឌូណេស៊ី (១៨.២១៦ពិន្ទុ) និងហ្វីលីពីន (១៤.៤៦៥ពិន្ទុ) ដោយមានតែក្លិបព្រះខ័នរាជស្វាយរៀងមួយគត់លេងពានអាស៊ី។ ចូលរដូវកាលថ្មី កម្ពុជាមានក្លិប២ ដូច្នេះកម្ពុជានឹងកាន់កើនឡើងពិន្ទុ ប្រសិនបើធ្វើបានល្អទៀត។
- ទី២. ប្រកួតប្រជែងនឹងប្រទេសផ្សេង
ការកើនពិន្ទុកាន់តែច្រើន គឺកាន់តែល្អសម្រាប់ក្លិបកម្ពុជាដើម្បីប្រជែងនឹង ហុងកុង (២១.៦០០ពិន្ទុ) សិង្ហបុរី (២៦.៣៩៤ពិន្ទុ) និងវៀតណាម (៣១.៣៥៣ពិន្ទុ)។ ក្រុម ៨ នៅវគ្គសន្សំពិន្ទុក្នុងពូលក៏មានក្រុមខ្លះខ្លាំង ហើយក្រុមខ្លះក៏មិនលើសក្រុមកម្ពុជាដែរ ដូច្នេះសង្ឃឹមទទួលបានពិន្ទុច្រើន។ ក្រុមទាំង ៨ មាន Manila Digger (ហ្វីលីពីន) Dewa United Bantem (ឥណ្ឌូណេស៊ី) ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ភ្នំពេញក្រោន (កម្ពុជា) Shan United (មីយ៉ាន់ម៉ា) Tainan City (ឆាយនីសតៃប៊ិ)SP Falcons (ម៉ុងហ្គោលី) និង Ezra (ឡាវ)។
- ទី៣. ឱកាសលេងពានអាស៊ីកាន់តែខ្ពស់
នៅពេលពិន្ទុកាន់តែច្រើន តារាងចំណាត់ថ្នាក់លីគកាន់តែខ្ពស់ នោះក្លិបកម្ពុជាកាន់តែមានឱកាសលេងពានអាស៊ីកម្រិតខ្ពស់។ ជាក់ស្តែង ព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League រដូវកាលមុនគឺផ្តល់ឲ្យកម្ពុជា ទទួលបាន ១កៅអីកន្លះក្នុងពានកម្រិតទី២ AFC Champions League Two នៅរដូវកាល ២០២៦-២៧។ ប្រសិនបើ រដូវកាលថ្មី ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ធ្វើបានល្អទៀត ដោយឈានដល់កម្រិតខ្ពស់ នោះគឺកាន់តែល្អសម្រាប់ក្លិបកម្ពុជាលេងពានកម្រិតខ្ពស់។ យ៉ាងណា អ្វីៗរង់ចាំមើលលទ្ធផលជាក់ស្តែងជាមុនសិន។
- ទី៤. កេរ្តិ៍ឈ្មោះបាល់ទាត់កម្ពុជាកាន់តែល្បី
ប្រមាណ ២ ឆ្នាំចុងក្រោយ ប្រទេសនៅតំបន់អាស៊ាន និងអាស៊ីបានចាប់អារម្មណ៍ច្រើនពីលីគបាល់ទាត់កំពូលកម្ពុជា តាមរយៈក្លិបលេងនៅពានអន្តរជាតិ។ កីឡាករបរទេសជាច្រើនដែលធ្លាប់លេងនៅកម្ពុជាទទួលបានឱកាសទៅលេងលីគធំៗនៅតំបន់អាស៊ី ដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ថៃ ជាដើម ហើយក៏ចេញទៅលេងនៅប្រទេសផ្សេងៗទៀត។ នៅរដូវកាលក្រោយ ក្លិបកម្ពុជាកាន់តែបង្ហាញគុណផលល្អលើឆាកអន្តរជាតិ កេរ្តិ៍ឈ្មោះបាល់ទាត់កម្ពុជាកាន់តែល្បីសុះសាយលើឆាកអន្តរជាតិ។
ទាំងនេះគ្រាន់តែការគិតទុកជាមុន។ អ្វីៗចាំមើលលទ្ធផលជាក់ស្តែងថាតើក្លិបតំណាងកម្ពុជាធ្វើបានល្អកម្រិតណានៅរដូវកាល ២០២៥-២៦ ប៉ុន្តែកម្ពុជាបានត្រួសត្រាយផ្លូវដើររួចហើយលើឆាកអន្តរជាតិ ខណៈម្ចាស់ក្លិបនៅកម្ពុជាបានកំពុងយកចិត្តដាក់អភិវឌ្ឍកាន់តែច្រើន។ ទាំងនេះជាសញ្ជាវិជ្ជមាន៕
ប្រភព៖ KAMPUCHEATHMEY



