យុទ្ធគុនបុរាណខ្មែរ ទំនងមានទំនាក់ទំនងនឹងក្បាច់គុនចិន តាំងពីសម័យអង្គរ

ក្រុមគណៈកម្មការជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរអាថ៌កំបាំងយុទ្ធគុន និងយុទ្ធមន្តបុរាណខ្មែរ កំពុងស្រាវជ្រាវ ចំណុចពិសេសមួយចំនួនអំពី ទំនាក់ទំនងរវាងក្បាច់គុនខ្មែរ និងក្បាច់គុនចិន អំឡុងពេលដែលកម្ពុជា-ចិន មាន ប្រវត្តិសាស្ត្រការទូតជាមួយគ្នានៅសម័យអង្គរ។

គណៈកម្មការជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរអាថ៌កំបាំងយុទ្ធគុន និងយុទ្ធមន្តបុរាណខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសជាមួយ សមាគមមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនទំនាក់ទំនងកម្ពុជា-ចិន ដោយផ្តោតសំខាន់លើទំនាក់ទំនងរវាងក្បាច់គុនបុរាណខ្មែរ និងចិន នៅរសៀលថ្ងៃទី១៤ ខែសីហា។ ក្នុងកិច្ចប្រជុំនៅស្នាក់ការ NOCC លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកពីសំណួរទៅកាន់សមាគមអ្នកស្រាវជ្រាវកម្ពុជា-ចិន ទៅនឹងទំនាក់ទំនងក្បាច់គុនខ្មែរ និងចិន តើនឹងអាចមានការផ្សារភ្ជាប់គ្នា ឬក៏ផ្លាស់ប្តូរនូវបច្ចេកទេសយុទ្ធគុន ឬទេ ស្របពេលប្រទេសទាំងពីរ ធ្លាប់មានប្រវត្តិសាស្រ្តការទូត និងទំនាក់ទំនងជាច្រើនរយឆ្នាំរួចមក។

គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង បង្ហាញបំណងចង់បានចម្លើយត្រឡប់ពីភាគីចិនជុំវិញទំនាក់ទំនងរវាងក្បាច់គុន និងក្បាច់គុននេះ ដើម្បីអាចទាញយកសេចក្តីសន្និដ្ឋានរួមគ្នា មានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ បញ្ជាក់ថាក្បាច់គុនប្រទេសទាំងពីរ នឹងអាចមានទំនាក់ទំនងគ្នាតាំងពីសម័យកាលបុរាណមកពិតមែន។

កិច្ចប្រជុំនោះ ក៏ផ្តល់សញ្ញាល្អៗ ដល់កម្ពុជា ក្នុងការស្រាវជ្រាវអំពីទំនាក់ទំនងក្បាច់គុនខ្មែរ និងចិន ដែលនឹងអាចជាប់ទាក់ទងគ្នា តាំងតែពីសម័យមុនអង្គរ និងនៅសម័យអង្គរ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិកា NOCC។

លោក វ៉ាត់ ចំរើន បន្ថែមក្នុងកិច្ចប្រជុំនោះទៀតថា៖ «យើងបានទទួលរៀបចំជំនុំមួយមានលក្ខណៈពិសេស ផ្តោតលើទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ហើយក៏មានជាប់ទាក់ទងនឹងយុទ្ធគុនរបស់យើង ស្របពេលគណៈកម្មការជំនុំស្រាវជ្រាវគម្ពីរអាថ៌កំបាំងរបស់យើង កំពុងស្វែងរកចំណុចពិសេសមួយ ថាតើយុទ្ធគុនខ្មែរយើងតាំងពីបុរាណមកនោះ មានជាប់ពាក់ព័ន្ធទៅនឹងក្បាច់គុនចិនឬទេ? យើងចង់បានចម្លើយពីមិត្តចិន និងពីអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយផ្ទាល់ ដោយពួកគេបានធ្វើបទបង្ហាញមួយចំនួន អាចឱ្យយើងទាញយកធ្វើជាទឡ្ហីករណ៍ ជំរុញដល់ការស្រាវជ្រាវ ព្រោះតែក្បាច់គុនចិន ក្នុងឯកសារប្រវត្តិសាស្រ្តខ្មែរយើង ក៏បានសរសេរថាក្បាច់គុនចិនក៏មានក្នុងចំណោមក្បាច់គុនខ្មែរកាលពីសម័យបុរាណផងដែរ។»។

អគ្គលេខាធិកា NOCC បានសន្និដ្ឋានថា ប្រសិនបើមានការដោះដូរឧបករណ៍អាវុធសឹកសង្គ្រាម ឬការជួយធ្វើសឹកគ្នាពីសំណាក់កងទ័ពចិន និងកងទ័ពខ្មែរ នោះក៏នឹងអាចមានការផ្លាស់ប្តូរនូវចំណេះវិជ្ជាក្បាច់គុនទៅមកដែរ។ លោក វ៉ាត់ ចំរើន បានសាទរដល់កិច្ចប្រជុំ ចំពោះការផ្តល់ពន្លឺ និងផ្លូវកិច្ចសហការដល់ក្រុមជំនុំស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនបុរាណខ្មែរ ជាមួយភាគីចិន ក្នុងការសម្របសម្រួល និងជំរុញឱ្យមានការស្រាវជ្រាវកាន់តែងាយស្រួល ពីទំនាក់ទំនងក្បាច់គុនបុរាណរវាងកម្ពុជា និងចិន។

ដោយឡែកបើតាមកំណត់ត្រា លោក ជីវ តាក្វាន់ បានបង្ហាញថាជនជាតិខ្មែរ និងចិន ធ្លាប់មានទំនាក់ទំនងការទូត សេដ្ឋកិច្ចជាមួយគ្នា តាំងពីពីសម័យអាណាចក្រភ្នំ សតវត្សរ៍ទី៣ ដែលកាលនោះប្រទេសចិនស្ថិតក្នុងសម័យនគរបី ឬហៅថាសាមកុក ដែលមាននគរវី (Cao-Wei) នរគស៊ូហាន (Shu Han) និងនគរស៊ុនអ៊ូ (Sun-Wu)។ តាមកំណត់ត្រាប្រវត្តិសាស្ត្រ ដដែលនោះ នគរស៊ុនអ៊ូ ដែលមានស្តេច ស៊ុន ឈាន ជាអ្នកកាន់អំណាច គឺជានគរ បានធ្វើទំនាក់ទំនង និងមានជំនួយពាណិជ្ជកម្មជាមួយនឹងអាណាចក្រភ្នំ ដែលកំពុងមមាញឹកវាយពង្រីកទឹកដី តាំងពីមុនសម័យអង្គរមកម្ល៉េះ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏បានលើកឡើងអំពីផ្ទាំងរូបចម្លាក់លើប្រាង្គប្រាសាទអង្គរធំ អំពីអត្ថន័យការពារជាតិ ការពារតំបន់ ដែលកងទ័ពរបស់ចិនរាជការសុង ក្នុងសតវត្សរ៍ទី១២ និងកងទ័ពខ្មែរ មានទំនាក់ទំនងជួយគ្នាទៅមកក្នុងសឹកចម្បាំង។ បើតាមការបកស្រាយរបស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ទំនាក់ទំនងការទូត ក៏មានភាពល្អប្រសើរសម្បើម ដោយមានសំបុត្រជាង ៦០សំបុត្រ និយាយអំពីការឆ្លើយឆ្លងគ្នា អំពីទំនាក់ទំនងការទូត ហើយក៏ជាមូលហេតុនាំឱ្យមានវត្តមានជនជាតិចិននៅលើទឹកដីខ្មែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top