រឿង​ល្អ​​​​៤​យ៉ាង​ពី ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន លេង​ពាន​ AC​GL ឆ្នាំ​នេះ

កម្ពុជា​បាន​បង្កើត​ស្ថិតិ​ថ្មី​មួយ​ទៀត​​​ដោយ​​មាន​ក្លិប​ ២ បាន​ទៅ​លេង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​ AFC Challenge League រដូវ​កាល ២០២៥-២៦។

ពីរ​រដូវ​កាល​ចុង​ក្រោយ កម្រិត​លីគ​បាល់ទាត់​កម្ពុជា បាន​កើន​ឡើង​ខ្ពស់​គួរ​​​​ជាទី​មោទនភាព​នៅ​ក្នុង​​ពាន​​អាស៊ី ដោយ​បាន​ឡើង​ទៅ​នៅ​លើ​ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ព្រុយណេ និង ទីម័រ​ខាង​កើត។​​ សមិទ្ធផល​ទាំងនេះ​បាន​មក​ពី​ក្លិប​ធ្វើ​បាន​ល្អ​លើ​ឆាក​អន្តរជាតិ។ ភ្នំពេញ​ក្រោន បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​តំបន់​អាស៊ាន នៃ​ពាន AFC Cup រដូវ​កាល ២០២៣-២៤ និង​​ជា​ពិសេស​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​ AFC Challenge League រដូវ​កាល ២០២៤-២៥។

 

ឥឡូវ​នេះ ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន ​ចូល​ដល់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​​ពាន​ AFC Challenge League។ ​ប្រសិន​បើ​ក្លិប​ទាំង​ពីរ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ហើយ​ឈាន​ដល់​វគ្គ​ ៨​ ក្រុម​ វគ្គ​​៤​ក្រុម​ ឬ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​គឺ​កាន់​តែ​ល្អ​សម្រាប់​លីគ​បាល់ទាត់​​​កម្ពុជា។

 

សូម​បង្ហាញផល​ចំណេញ​សំខាន់​ ៤ យ៉ាង​​សម្រាប់​កម្ពុជា​ ប្រសិន​បើ​ក្រុម​តំណាង​កម្ពុជា​ទាំង​ពីរ​ធ្វើ​បាន​ល្អ។

  • ទី១. កើន​ពិន្ទុ

ក្រោយ​ចប់​រដូវ​កាល ២០២៤-២៥ កម្ពុជា រក​បាន ១៩.៣៥០​ពិន្ទុ នៅ​ពី​លើ ឥណ្ឌូណេស៊ី (១៨.២១៦​ពិន្ទុ) និងហ្វីលីពីន (១៤.៤៦៥​ពិន្ទុ) ដោយ​​មាន​តែ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​មួយ​គត់​​លេង​ពាន​អាស៊ី។ ចូល​រដូវ​កាល​ថ្មី កម្ពុជា​មាន​ក្លិប​២ ដូច្នេះ​កម្ពុជា​នឹង​កាន់​កើន​ឡើង​​ពិន្ទុ ប្រសិន​បើ​ធ្វើ​បាន​ល្អ​ទៀត។

  • ទី​២. ប្រកួត​ប្រជែង​នឹង​​ប្រទេស​ផ្សេង

ការ​កើន​ពិន្ទុ​កាន់​តែ​ច្រើន គឺ​កាន់​តែ​ល្អ​សម្រាប់​ក្លិប​កម្ពុជា​ដើម្បី​ប្រជែង​នឹង ហុងកុង (២១.៦០០​ពិន្ទុ) សិង្ហបុរី (២៦.៣៩៤​ពិន្ទុ) និង​វៀតណាម (៣១.៣៥៣ពិន្ទុ)។ ​ក្រុម​ ៨ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ក៏​មាន​ក្រុម​ខ្លះ​ខ្លាំង ហើយ​ក្រុម​ខ្លះ​ក៏​មិន​លើស​ក្រុម​កម្ពុជា​ដែរ ដូច្នេះសង្ឃឹម​ទទួល​បាន​ពិន្ទុ​ច្រើន។ ក្រុមទាំង​ ៨​ មាន ​Manila Digger (ហ្វីលីពីន) Dewa United Bantem (ឥណ្ឌូណេស៊ី) ព្រះ​ខ័នរាជ​ស្វាយរៀង (កម្ពុជា) ភ្នំពេញ​ក្រោន (កម្ពុជា) Shan United (មីយ៉ាន់ម៉ា) Tainan City (ឆាយនីសតៃប៊ិ)SP Falcons (ម៉ុងហ្គោលី) និង Ezra (ឡាវ)។

  • ទី​៣. ឱកាស​លេង​ពានអាស៊ី​​កាន់​តែ​ខ្ពស់

នៅ​ពេល​ពិន្ទុ​កាន់​តែ​ច្រើន តារាង​ចំណាត់​ថ្នាក់​លីគ​កាន់​តែ​ខ្ពស់ នោះ​ក្លិប​កម្ពុជា​កាន់​តែ​មាន​ឱកាស​លេង​ពាន​​អាស៊ី​កម្រិត​ខ្ពស់។ ជាក់​ស្តែង ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League រដូវ​កាល​មុន​គឺ​ផ្តល់​ឲ្យ​កម្ពុជា ទទួល​បាន ១កៅអី​កន្លះ​ក្នុង​ពានកម្រិត​ទី២ AFC Champions League Two នៅ​រដូវ​កាល ២០២៦-២៧។ ប្រសិន​បើ រដូវ​កាល​ថ្មី ​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន ធ្វើ​បាន​ល្អ​ទៀត​ ដោយ​ឈាន​ដល់​កម្រិត​ខ្ពស់ នោះ​គឺ​កាន់​តែ​ល្អ​សម្រាប់​ក្លិប​កម្ពុជា​លេង​ពាន​កម្រិត​ខ្ពស់។ យ៉ាង​ណា អ្វី​ៗ​រង់​ចាំ​មើល​លទ្ធផល​ជាក់​ស្តែងជា​មុន​សិន។

  • ទី​៤. កេរ្តិ៍ឈ្មោះ​បាល់ទាត់​កម្ពុជា​កាន់​តែ​ល្បី

ប្រមាណ ២ ឆ្នាំ​ចុង​ក្រោយ ប្រទេស​នៅ​តំបន់​អាស៊ាន និង​អាស៊ី​បាន​ចាប់​អារម្មណ៍​ច្រើន​ពី​លីគ​បាល់ទាត់​កំពូល​កម្ពុជា តាម​រយៈ​ក្លិប​លេង​នៅពាន​អន្តរជាតិ។ កីឡាករ​បរទេស​ជា​ច្រើន​ដែល​ធ្លាប់​លេង​នៅ​កម្ពុជា​​ទទួល​បាន​ឱកាស​ទៅ​លេង​លីគ​ធំ​ៗ​នៅ​តំបន់​អាស៊ី ដូច​ជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ ថៃ​ ជា​ដើម ហើយ​ក៏​ចេញ​ទៅ​លេង​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត។ នៅរដូវ​កាល​ក្រោយ ក្លិប​កម្ពុជាកាន់​តែ​បង្ហាញ​គុណផលល្អ​លើ​ឆាក​អន្តរជាតិ កេរ្តិ៍​ឈ្មោះ​​បាល់ទាត់​កម្ពុជា​​កាន់​តែ​ល្បី​សុះ​សាយ​លើ​ឆាក​អន្តរជាតិ។

ទាំង​នេះ​គ្រាន់​​តែការ​គិតទុក​ជា​មុន​។ អ្វី​ៗ​ចាំ​មើល​លទ្ធផល​ជាក់​ស្តែង​ថា​តើ​ក្លិប​តំណាង​កម្ពុជា​ធ្វើ​​បាន​ល្អ​កម្រិត​ណា​នៅ​រដូវ​កាល ២០២៥-២៦​ ប៉ុន្តែ​កម្ពុជា​បាន​ត្រួសត្រាយ​ផ្លូវ​​ដើរ​​រួច​ហើយ​លើ​ឆាក​អន្តរជាតិ ខណៈ​ម្ចាស់​ក្លិប​នៅ​កម្ពុជា​បាន​កំពុង​យក​ចិត្ត​ដាក់​អភិវឌ្ឍ​កាន់​តែ​ច្រើន។ ទាំង​​នេះ​ជា​សញ្ជាវិជ្ជមាន​៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top