ស្មាត់ស្ដាំរបស់វិសាខា កីឡាករ សឿន ហេង ចាត់ទុកអ្នកប៉ះសេ សួន ចាន់ណារ៉ូ ដូចជាសម្លរម្ជូរគ្រឿងអីចឹងគឺឆ្ងាញ់ត្រូវមាត់ លេងយល់ចិត្តគ្នា និងជាអ្នកដឹកនាំក្រុមបានល្អនៅពេលប្រកួតម្ដងៗដែលពិបាករកអ្នកមកជំនួសបានណាស់នាពេលឥលូវនេះ។
សឿន ហេង បានឲ្យដឹងថា រូបគេសប្បាយរីករាយជាខ្លាំងនៅពេលរៀមច្បង សួន ចាន់ណារ៉ូ បានវិលត្រឡប់មកកាន់វិសាខា ឬក្រុមជម្រើសជាតិវិញនេះ។ រយៈពេលប៉ុន្មានថ្ងៃមកនេះបានហាត់ និងលេងជាមួយគ្នាចុះសម្រុងបានប្រហែល ៦០% មកហើយ។
ស្មាត់ស្ដាំរបស់វិសាខាខាងលើនេះបន្ថែមទៀតថា ពីមុនធ្លាប់តែញុំម្ជូរគ្រឿងត្រូវមាត់ឆ្ងាញ់ណាស់ ដល់ប្ដូរម្ហូបថ្មីប្លែកមិនទាន់ត្រូវចិត្តនៅឡើយទេ។ ណារ៉ូ គឺលើកបាល់យល់ចិត្តស្មាត់ល្អណាស់ និងយល់ពីការលេងរបស់កីឡាករគ្រប់គ្នា។ មួយវិញទៀតរៀមច្បងរូបនេះចេះដឹកនាំក្រុមក្នុងការប្រកួត និងចេះចាត់ចែងផ្លាស់ប្ដូរទម្រង់លេងបែបណាវិញ ដូច្នេះហើយខ្លួនពិតជាសប្បាយរីករាយចំពោះការវិលត្រឡប់របស់ ណារ៉ូ ខ្លាំងណាស់។
បញ្ជាក់ដែរថា កាលពីជិតមួយឆ្នាំមុន សួន ចាន់ណារ៉ូ បន្ទាប់ពីមានបញ្ហារបួស និងការចំណាយពេលរាប់ឆ្នាំជាមួយបាល់ទះរួចមករូបគេក៏សុំចូលនិវត្តន៍ពីកីឡាមួយនេះ។ យ៉ាងណាបន្ទាប់ពីមើលឃើញពីស្ថានភាពធ្លាក់ទម្រង់ជាខ្លាំងរបស់ក្រុមជម្រើសជាតិកម្ពុជា រួមផ្សំសហព័ន្ធបានហៅរូបគេឲ្យមកហ្វឹកហាត់វិញផងនោះក៏សម្រេចវិលចូលមកវិញជាមួយវិសាខា និងពង្រឹងសមត្ថភាពត្រៀមចូលជម្រើសជាតិផងដែរឆ្ពោះទៅការប្រកួតនៅ ស៊ីហ្គេម លើកទី៣៣ ខាងមុខនេះ៕
ប្រភព៖ KAMPUCHEATHMEY