សឿន​ ហេង​ ចាត់ទុកអ្នក​ប៉ះសេ សួន​ ចាន់ណារ៉ូ​ ដូចជា​សម្ល​​ម្ជូរគ្រឿង​ឆ្ងាញ់​ត្រូវ​មាត់

ស្មាត់​ស្ដាំ​របស់​វិសាខា​ កីឡាករ សឿន​ ហេង​ ចាត់ទុក​អ្នក​ប៉ះ​សេ​ សួន​ ចាន់ណារ៉ូ​ ដូច​ជា​សម្លរ​ម្ជូរគ្រឿង​អីចឹង​គឺឆ្ងាញ់​ត្រូវ​មាត់​ ​លេង​យល់​ចិត្ត​គ្នា​ និង​ជា​អ្នក​ដឹកនាំ​ក្រុមបាន​ល្អ​នៅពេល​ប្រកួត​ម្ដងៗ​ដែល​ពិបាក​រក​អ្នក​មក​ជំនួស​បាន​ណាស់​នា​ពេល​ឥលូវ​នេះ។​

សឿន​ ហេង​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​សប្បាយ​រីករាយ​ជាខ្លាំង​នៅ​ពេល​រៀមច្បង​ សួន​ ចាន់ណារ៉ូ​ បាន​វិល​ត្រឡប់​មក​កាន់​វិសាខា​ ឬ​ក្រុម​ជម្រើសជាតិ​វិញ​នេះ។​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​បាន​ហាត់​ និង​លេង​ជា​មួយ​គ្នា​ចុះសម្រុង​បាន​ប្រហែល​ ៦០%​ មក​ហើយ។​

ស្មាត់​ស្ដាំ​របស់​វិសាខា​ខាង​លើ​នេះ​បន្ថែមទៀត​ថា​ ពី​មុន​ធ្លាប់​តែ​ញុំ​ម្ជូរគ្រឿង​ត្រូវ​មាត់​ឆ្ងាញ់​ណាស់​ ដល់​ប្ដូរ​ម្ហូប​ថ្មី​ប្លែក​មិន​ទាន់​ត្រូវ​ចិត្ត​នៅ​ឡើយ​ទេ។​ ណារ៉ូ​ គឺ​លើក​បាល់​​យល់​ចិត្ត​ស្មាត់​ល្អ​ណាស់​ និង​យល់​ពី​ការ​លេង​របស់​កីឡាករ​គ្រប់​គ្នា។​ មួយ​វិញ​ទៀត​រៀមច្បង​រូប​នេះ​ចេះ​ដឹកនាំ​ក្រុម​ក្នុង​ការ​ប្រកួត និង​ចេះ​ចាត់ចែង​ផ្លាស់ប្ដូរ​ទម្រង់​លេង​បែប​ណា​វិញ​​ ដូច្នេះ​ហើយ​ខ្លួន​ពិត​ជា​សប្បាយ​រីករាយ​ចំពោះ​ការ​វិលត្រឡប់​របស់​ ណារ៉ូ​ ខ្លាំង​ណាស់។​

បញ្ជាក់​ដែរ​ថា​ កាល​ពី​ជិត​មួយ​ឆ្នាំមុន​ សួន​ ចាន់ណារ៉ូ​ បន្ទាប់​ពី​មាន​បញ្ហា​របួស​ និង​ការ​ចំណាយ​ពេល​រាប់​ឆ្នាំ​ជា​មួយ​បាល់ទះ​រួចមក​រូប​គេ​ក៏​សុំ​ចូល​និវត្តន៍​ពី​កីឡា​មួយ​នេះ។​ យ៉ាងណា​បន្ទាប់​ពី​មើល​ឃើញ​ពី​ស្ថានភាព​ធ្លាក់​ទម្រង់​ជា​ខ្លាំង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ រួម​ផ្សំ​សហព័ន្ធ​បាន​ហៅ​រូប​គេ​ឲ្យ​មកហ្វឹកហាត់​វិញ​ផង​នោះ​ក៏​សម្រេច​វិល​ចូលមកវិញ​ជា​មួយ​​វិសាខា​ និង​ពង្រឹង​សមត្ថភាព​ត្រៀម​ចូល​ជម្រើសជាតិ​​ផងដែរឆ្ពោះ​ទៅ​ការ​ប្រកួត​នៅ ​ស៊ីហ្គេម​ លើក​ទី៣៣​ ខាង​មុខ​នេះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top