សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនៈសម្រាប់អាណត្តិទី២ ដែលបានបញ្ចប់ទៅជាមួយមេដាយអន្តរជាតិចំនួន ១១៦ គ្រឿង។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានរៀបចំសន្និបាតបញ្ចប់អាណត្តិទី២ (២០២២ – ២០២៥) និងបោះឆ្នោតជ្រើសគណៈកម្មការប្រតិបត្តិអាណត្តិថ្មី។ តាមរបាយការណ៍បង្ហាញក្នុងសន្និបាតបញ្ចប់អាណត្តិទី២ គឺទទួលបានមេដាយចំនួន ១១៦ គ្រឿងពីការប្រកួតអន្តរជាតិ។
នៅឆ្នាំ២០២២ សហព័ន្ធរកបានមេដាយ ៧ គ្រឿង (មាស ៣ ប្រាក់ ២ និង សំរឹទ្ធ ២)។ ឆ្នាំ ២០២៣រកបានមេដាយ ២៩ គ្រឿង (មាស ៨ ប្រាក់ ១០ និង សំរឹទ្ធ ១១) និង ឆ្នាំ២០២៤ រកបានមេដាយ ៥០ គ្រឿង (មាស ១៦, ប្រាក់ ១៤, និង សំរឹទ្ធ ២០)។
សម្រាប់ ឆ្នាំ ២០២៥ គិតត្រឹមខែមិថុនា សហព័ន្ធរកបានមេដាយ ៣០ គ្រឿង (មាស ១១, ប្រាក់ ១០, សំរឹទ្ធ ៩) ព្រមទាំង ២៩ ទៀតដែលកីឡាករ កីឡាការិនីជីជីតស៊ូកម្ពុជា ដណ្តើមបានពីការប្រកួតជ្រើសរើសជើងឯកជឺជីតស៊ូអាស៊ីអាគ្នេយ៍កាលពីសីហា។
បន្ទាប់ពីជោគជ័យអាណត្តិទី២ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងគណៈកម្មការប្រតិបត្តិអាណត្តិទី៣ ពីឆ្នាំ ២០២៥ -២០២៩ ដោយមានចក្ខុវិស័យ៣ចំណុច។
១- ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលនឹងក្លាយជាព្រឹត្តិការណ៍អន្តរជាតិដំបូងដែលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបានសហការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កាលពីឆ្នាំ២០២៣។
២- ពង្រីកវិសាលភាព និងបន្តគាំទ្រក្លឹបកីឡាជឺជីតស៊ូទូទាំងប្រទេស ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី។
៣- សហការរៀបចំការប្រកួតវិញ្ញាសាកីឡាជឺជីតស៊ូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) នៅឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
ប្រភព៖ KAMPUCHEATHMEY