Nick Taylor ប្រាប់​​ថា អ្វី​ៗ​ល្អ​ប្រសើរ​នៅ​ថៃ ​ដោយ​រូប​គេ​ផ្តោត​លើ​ការ​ប្រកួត​ជា​ចម្បង

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា Nick Taylor បាន​ក្លាយ​ជា​កីឡាករ​ទី១​សម្រាប់​ការ​រក​បាន​គ្រាប់​​បាល់​​ក្នុង​លីគ​បាល់ទាត់​កំពូល​​ថៃ Thai League 1 រដូវ​កាល​ថ្មី​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា ឆ្នាំ ២០២៥។

កម្ពុជា​មាន​កីឡាករ​ជម្រើស​ជាតិ ២ នាក់ ដែលបាន​ទៅ​​ប្រកប​អាជីព​​បាល់ទាត់​នៅ​ប្រទេស​ថៃ គឺ Nick Taylor នៅ​ក្លិប PT Prachuap និងកីឡាករ Takaki Ose នៅក្លិប BG Pathum United ខណៈ​កម្ពុជា និង ថៃ កំពុង​មាន​ជម្លោះ​ព្រំ​ដែន ដែល​អ្នក​គាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​ដល់​កីឡាករ​ទាំង​ពីរ​នាក់។ ទោះ​បី​ជា​យ៉ាង​ណា លីគ​ថៃ​បាន​ចាប់​ដំណើរ​ការ​ប្រកួត ហើយ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​​ទាំង​ពីរ​សុទ្ធ​តែ​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ដូច​គ្នា។

កីឡាករ Nick Taylor បាន​ប្រាប់​«កម្ពុជា​ថ្មី»​ថា សម្រាប់​ការ​ប្រកប​បាល់ទាត់​របស់​ខ្លួន​នៅ​ថៃ​ដំណើរ​ការ​ធម្មតា។ រូប​គេ​មិន​បាន​គិត​អ្វី​ច្រើន​ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ហ្វឹក​ហាត់ និង​ការ​ប្រកួត​ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។

កីឡាករ​បាន​និយាយ​ថា ៖«អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ទី​នេះ​ល្អ​ ខ្ញុំ​ផ្តោត​តែ​លើ​ការ​ហ្វឹក​ហាត់ និង​ការប្រកួត​លីគ​ដែល​ទើបចាប់​ផ្តើម។ លីគ​ថៃ​ពិត​ជា​ល្អ ​ប្រកួត​ប្រជែង​ខ្លាំង និង​មាន​កីឡាករ​ល្អ​ៗ​ច្រើន។ ​យើង​ទើប​តែ​ប្រកួត​បាន​១មួយ​លើក​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីក​រាយ​រាយ ហើយ​​យើង​នឹង​ប្រឹង​ប្រែង​សម្រាប់​ការ​ប្រកួត​បន្ត​បន្ទាប់​ទៀត។ ខ្ញុំ​សង្ឃឹម​ថា យើង​​អាច​បន្ត​ទទួល​បាន​លទ្ធផល​វិជ្ជមាន»។

កីឡាករ Nick Taylor រក​បាន​គ្រាប់​បាល់​ឲ្យក្លិប PT Prachuap នៅ​នាទី​១៥ ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ ជា​មួយ​ក្លិប​ BG Pathum United ។ កីឡាករ​កម្ពុជា​រូប​នេះ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ដំបូង​គេ​ដែល​​រក​បាន​គ្រាប់​​បាល់​នៅ​​លីគ​កំពូល​ថៃ ​រដូវ​កាល​ថ្មី។ ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​បាន​ផ្លាស់​ប្តូរ​អាវ​គ្នា​ថែម​ទៀត។

Nick Taylor ក្នុង​នាម​ជា​កីឡាករ​ខ្មែរ-អាមេរិក បាន​ចូល​រួម​ជា​មួយ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ២​រដូវ​កាល​ដោយ​បានឈ្នះ​ជើង​ឯកលីគ​កំពូល​កម្ពុជា ២ លើក និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ១ លើក។ រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​តាំង​ពី​ចុង​ឆ្នាំ​ ២០២២​ ហើយ​តែង​តែ​ត្រូវ​បាន​កោះ​ហៅ​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top