Ronaldo ធ្វើឱ្យអ្នកគាំទ្រហុងកុងភ្ញាក់ផ្អើល នៅសារមន្ទីរ CR7 Life

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលចំពោះមុខអ្នកគាំទ្រហុងកុងរាប់រយនាក់ នៅសារមន្ទីរ CR7 Life នៅពេលរូបគេធ្វើដំណើរទៅទីក្រុងហុងកុង ត្រៀមប្រកួតពានរង្វាន់ Saudi Super Cup ជាមួយ Al Nassr។

អ្នកគាំទ្រហុងកុងរាប់រយនាក់​ បានជួបជុំគ្នាកុះករនៅមុខសារមន្ទីរ CR7 Life  ក្រោយឮដំណឹងថាកីឡាករវ័យ ៤០ឆ្នាំ នឹងទៅទស្សនាសារមន្ទីរ របស់គេក្នុងទីក្រុង Tsim Sha Tsui ក្រោយផ្ទុះព័ត៌មានពេញបណ្តាញសង្គមរបស់ចិន។

មុន Ronaldo ទៅដល់សារមន្ទីរ អ្នកគាំទ្រហុងកុងរាប់រយនាក់ ឈររង់ចាំជាច្រើនម៉ោង នៅក្រៅទីតាំង ដែលស្ថិតក្នុងផ្សារទំនើបមួយកន្លែងឈ្មោះ K11 Musea ក្នុងទីក្រុង ​Tsim Sha Tsui កាលពីថ្ងៃទី១៧ សីហា។ បើតាមការចុះផ្សាយរបស់កាសែត​ South China Morning Post អ្នកគាំទ្រឈររង់ចាំ និងបានស្រែកហៅឈ្មោះ កីឡាករវ័យ ៤០ឆ្នាំ ដើម្បីជាការបង្ហាញការផ្តល់កិត្តិយស។

អំឡុងពេលធ្វើទស្សនកិច្ចក្នុងសារមន្ទីរខ្លួន ខ្សែប្រយុទ្ធក្រុម Al Nassr ក៏បានឈ្លាតពេលខ្លីចេញក្រៅសារន្ទីរ ជួបជាមួយនឹងក្រុមអ្នកគាំទ្រ ហើយគេក៏បានចុះហត្ថលេខាលើអាវមួយចំនួនរបស់ក្រុមអ្នកគាំទ្រហុងកុង។ Ronaldo ចាយពេលជាង ១ម៉ោងកន្លះ ​នៅទស្សនាសារមន្ទីររបស់គេនោះ ​ហើយគេបានចាកចេញពីទីតាំងសារមន្ទីរនោះ ក្រោយពេលអ្នកគាំទ្រហុងកុងព្យាយាមរុញគ្នា ដើម្បីឱ្យបានជួបគេ។

មែនទែនទៅសារមន្ទីរ CR7 Life បានបើកដំណើរកាលពីខែកក្កដា មកម្ល៉េះ ហើយដែលជាសារមន្ទីរមួយគត់ក្នុងទ្វីបអាស៊ី បានបើកដំណើរការ ដើម្បីបង្ហាញអំពីរឿងរ៉ាវនៃអាជីពរបស់ អតីតកីឡាករក្រុម Real Madrid, Manchester United និងម្ចាស់ពាន Ballon d’Or ៥សម័យ។

ហុងកុងនឹងរៀបចំការប្រកួតពានរង្វាន់ Saudi Super Cup ចាប់ពីថ្ងៃទី១៩-២៣ សីហា ស្ថិតក្នុងកីឡដ្ឋាន Hong Kong។ ក្លិបចំនួន ៤ រួមមាន Al Nassr របស់ Ronaldo, Al Ittihad, Al Qadisiyah និង Al Ahli នឹងប្រកួតប្រជែងគ្នាដណ្តើមពាន មុនបើករដូវកាលថ្មី Saudi Pro League ដែលជាពានរង្វាន់របស់អារ៉ាប៊ីសាអូឌីតដំបូងរៀបចំនៅអាស៊ីបូព៌ា។​

គួររំលឹកថា សារមន្ទីរ CR7 Life ស្ថិតក្នុងទីក្រុងហុងកុង គឺជាសារមន្ទីរទី២ របស់ ​Ronaldo បន្ទាប់ពីសារមន្ទីរដំបូងរបស់គេបានបើកនៅទីក្រុងកំណើតនៅប្រទេសព័រទុយហ្កាល់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top