កីឡា​ជឺជីតស៊ូ​កម្ពុជា​បញ្ចប់​អាណត្តិទី២ដោយ​ជោគជ័យ​​ ជា​មួយ​មេដាយ​អន្តរជាតិ ១១៦​ គ្រឿង

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា ​ទទួល​បាន​ជោគជ័យ​គួរ​ជា​ទី​មោទនៈ​សម្រាប់​អាណត្តិ​ទី​២ ​ដែល​បាន​បញ្ចប់​ទៅ​ជា​មួយ​មេដាយ​អន្តរជាតិ​ចំនួន ១១៦ គ្រឿង។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ ២០២៥ សហព័ន្ធ​កីឡា​ជឺជីតស៊ូកម្ពុជា​បាន​រៀប​ចំ​សន្និបាត​បញ្ចប់​អាណត្តិ​ទី​២ (២០២២ – ២០២៥) ​និង​បោះ​ឆ្នោត​ជ្រើស​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី។ តាម​របាយ​ការណ៍​បង្ហាញ​ក្នុង​សន្និបាត​បញ្ចប់​អាណត្តិ​ទី​២ គឺ​​​​​ទទួល​​បាន​មេដាយ​ចំនួន ១១៦ គ្រឿង​ពី​ការ​ប្រកួត​អន្តរជាតិ។

នៅ​ឆ្នាំ២០២២ សហព័ន្ធ​រក​បាន​មេដាយ​ ៧ ​គ្រឿង (មាស ៣ ប្រាក់ ២ និង សំរឹទ្ធ ២)។ ឆ្នាំ ២០២៣​រក​បានមេដាយ​ ២៩ គ្រឿង (មាស ៨ ប្រាក់ ១០ និង សំរឹទ្ធ ១១) និង​ ឆ្នាំ២០២៤ រក​បាន​មេដាយ​ ៥០ គ្រឿង (មាស ១៦, ប្រាក់ ១៤, និង សំរឹទ្ធ ២០)។

សម្រាប់ ឆ្នាំ ២០២៥ គិតត្រឹមខែមិថុនា សហព័ន្ធ​រក​បាន​មេដាយ​ ៣០ គ្រឿង (មាស ១១, ប្រាក់ ១០, សំរឹទ្ធ ៩) ព្រមទាំង ២៩ ​ទៀត​ដែលកីឡាករ កីឡាការិនី​ជីជីតស៊ូកម្ពុជា ដណ្តើមបានពីការប្រកួតជ្រើសរើសជើងឯកជឺជីតស៊ូអាស៊ីអាគ្នេយ៍កាលពី​សីហា។

បន្ទាប់​ពី​ជោគជ័យ​អាណត្តិ​ទី​២ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា បាន​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ និង​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ទី​៣ ពី​ឆ្នាំ ២០២៥ -២០២៩ ដោយ​មាន​ចក្ខុវិស័យ​៣​ចំណុច។

១- ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលនឹង​ក្លាយ​ជាព្រឹត្តិការណ៍អន្តរជាតិដំបូងដែលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ  បន្ទាប់ពីបានសហការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កាលពីឆ្នាំ២០២៣។

២- ពង្រីកវិសាលភាព និងបន្តគាំទ្រក្លឹបកីឡាជឺជីតស៊ូទូទាំងប្រទេស ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី។

៣- សហការរៀបចំការប្រកួតវិញ្ញាសាកីឡាជឺជីតស៊ូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) នៅឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top