ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង និងក្លិបបាល់ទាត់នារី ភ្នំពេញក្រោន បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គសន្សំពិន្ទុក្នុងពានរង្វាន់កម្រិតអាស៊ី ដែលបានក្លាយជាប្រវត្តិសាស្ត្រថ្មីដំបូងនៅរដូវកាលថ្មី។
- ក្រុមនារី ភ្នំពេញក្រោន ធ្វើម្ចាស់ផ្ទះពាន AFC Women’s Champions League
ក្រុមនារី ភ្នំពេញក្រោន ស្ថិតនៅពូល E ដែលមានក្រុមនារីជើងឯកលីគឥណ្ឌា East Bengal និងក្រុមជើងឯកលីគនារីហុងកុង Kitchee សម្រាប់ការប្រកួតជម្រុះក្នុងពូលពានរង្វាន់ក្លិបនារីអាស៊ី AFC Women’s Champions League ចាប់ពីថ្ងៃទី២៥ ដល់ ទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រុមនារីភ្នំពេញក្រោន បានក្លាយជាក្រុមនារីរបស់កម្ពុជាដំបូងគេបង្អស់ដែលបានលេងពានរង្វាន់នារីអាស៊ីកម្រិតទី១ ហើយបានទទួលធ្វើជាម្ចាស់ផ្ទះថែមទៀត។ ការប្រកួតទី១ ក្រុមនារី ភ្នំពេញក្រោន ប៉ះ ក្រុមនារីឥណ្ឌា East Bengal នៅថ្ងៃទី២៥ ខែសីហា និងចុងក្រោយប៉ះក្រុមនារីហុងកុង Kitchee នៅថ្ងៃទី ២៨ ខែសីហា។ ក្រុមចំណាត់ថ្នាក់លេខ ១ ក្នុងត្រូវឡើងទៅជុំចុងក្រោយ។
- ព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះ AFC Challenge League
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រះខ័នរាជស្វាយរៀង ជាក្រុមកម្ពុជាទី៣ ដែលបានធ្វើម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូល បន្ទាប់ពីភ្នំពេញក្រោន ធ្លាប់ធ្វើ ២ ដងគឺឆ្នាំ ២០១១ និង ២០១២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយ បឹងកេត ធ្វើនៅឆ្នាំ ២០១៣ ក៏នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង នៅមិនទាន់ដឹងពីការធ្វើម្ចាស់ផ្ទះពូលណានៅឡើយទេ ដោយសារការចាប់ឆ្នោតត្រូវធ្វើនៅថ្ងៃទី ២៨ ខែសីហា ទើបដឹងពូល និងក្រុមណាខ្លះត្រូវធ្វើដំណើរមកកម្ពុជា។
ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមកម្ពុជាដំបូងគេបានធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League រដូវកាលមុននៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីលាននៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលរដូវកាលថ្មី។
សូមបញ្ជាក់ថា រដូវកាលថ្មី ២០២៥-២៦ កម្ពុជា មានក្លិបចំនួន ៣ លេងពានរង្វាន់កម្រិតអាស៊ីគឺ ព្រះខ័នរាជស្វាយរៀង ប្រកួតពាន AFC Challenge League និង ASEAN Club Championship ខណៈ ក្រុមបុរសភ្នំពេញក្រោន លេងពាន AFC Challenge League ហើយក្រុមនារីភ្នំពេញក្រោន លេងពាន AFC Women’s Champions League៕
ប្រភព៖ KAMPUCHEATHMEY