ស្ថិតិ​ថ្មី! កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​​ក្នុង​ពូល ពាន​អាស៊ី ២ ផ្សេង​គ្នាក្នុង​​​ឆ្នាំ ២០២៥

ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្លិប​បាល់ទាត់​នារី ភ្នំពេញ​ក្រោន បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពាន​រង្វាន់​កម្រិត​អាស៊ី ​ដែល​បាន​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​ដំបូង​នៅ​រដូវ​កាល​ថ្មី។

  • ក្រុម​នារី ភ្នំពេញ​ក្រោន ធ្វើ​ម្ចាស់ផ្ទះពាន AFC Women’s Champions League

ក្រុម​នារី ភ្នំពេញ​ក្រោន ស្ថិត​នៅ​ពូល E ដែល​មាន​ក្រុម​នារី​ជើង​ឯក​លីគ​ឥណ្ឌា East Bengal និងក្រុម​ជើង​ឯក​លីគ​នារីហុងកុង Kitchee សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​ក្លិប​នារី​អាស៊ី AFC Women’s Champions League ចាប់​ពី​ថ្ងៃ​ទី​​២៥ ដល់ ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ក្រុម​នារី​របស់​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​លេង​ពាន​រង្វាន់​នារី​អាស៊ី​កម្រិត​ទី១ ហើយ​​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ថែម​ទៀត។ ការ​ប្រកួត​ទី១ ក្រុម​នារី ភ្នំពេញ​ក្រោន ប៉ះ ក្រុម​នារីឥណ្ឌា East Bengal នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា និង​ចុង​ក្រោយប៉ះ​ក្រុម​នារីហុងកុង Kitchee នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា។ ក្រុមចំណាត់​ថ្នាក់​លេខ ​១​ ក្នុង​ត្រូវ​ឡើង​ទៅ​ជុំ​ចុង​ក្រោយ។  

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​ម្ចាស់​ផ្ទះ AFC Challenge League

ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជស្វាយរៀង ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ AFC Challenge League រដូវ​កាល ២០២៥-២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​កម្ពុជា​ទី​៣ ដែល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ក្នុង​ពូល បន្ទាប់​ពី​ភ្នំពេញ​ក្រោន ធ្លាប់​​ធ្វើ​ ២ ​ដង​គឺ​ឆ្នាំ ២០១១ និង ២០១២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ហើយ បឹងកេត ធ្វើ​នៅ​ឆ្នាំ ២០១៣ ​ក៏​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

រហូត​ដល់​ពេល​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​មិន​ទាន់​ដឹងពី​ការ​​ធ្វើ​ម្ចាស់​ផ្ទះ​ពូល​ណា​នៅ​ឡើយ​ទេ ដោយសារ​ការ​ចាប់​ឆ្នោត​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា ទើប​ដឹង​ពូល និង​ក្រុម​ណា​ខ្លះ​ត្រូវ​ធ្វើ​ដំណើរ​មក​កម្ពុជា។

ព្រះ​ខ័ន​រាជ​ស្វាយរៀង បានក្លាយ​ជា​ក្រុម​កម្ពុជា​ដំបូង​គេ​បាន​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League រដូវ​កាល​មុន​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដែល​នឹង​ក្លាយ​ជា​ទី​លាន​នៃ​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​រដូវ​កាល​ថ្មី។

សូម​បញ្ជាក់​ថា រដូវ​កាល​ថ្មី ២០២៥-២៦ កម្ពុជា មាន​ក្លិប​ចំនួន ៣ លេង​ពាន​រង្វាន់​កម្រិត​អាស៊ី​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ពាន AFC Challenge League និង ASEAN Club Championship ខណៈ ក្រុម​បុរស​ភ្នំពេញ​ក្រោន លេង​ពាន AFC Challenge League ហើយ​ក្រុម​នារី​ភ្នំពេញ​ក្រោន លេង​​ពាន​ AFC Women’s Champions League៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top