យុវតី រឿន ស្រីម៉ុច កំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥ ដែលក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំនៅថ្ងៃទី២៨-២៩ ខែសីហា។ ជាអ្នកហ្វឹកហាត់ហាប់គីដូផង យុវតី វ័យ ១៨ឆ្នាំរូបនេះ បានជ្រើសរើសយកការលេងកីឡា ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹង អំឡុងពេលផ្ដោតលើការសិក្សាត្រៀមប្រឡងបាក់ឌុប។
សិស្ស ដែលរៀនថ្នាក់ទី១២ តែងតែសម្រុកសិក្សាទាំងក្នុងម៉ោង និងបំប៉នក្រៅម៉ោង ដើម្បីត្រៀមប្រឡងបាក់ឌុប។ សិស្សមួយចំនួន តែងដាក់គោលដៅយកនិទ្ទេសខ្ពស់ៗ ដូចជា A ឬ B ជាដើម ដើម្បីអាចឲ្យខ្លួនយកសញ្ញាបត្រនោះ ស្វែងរកអាហារូបករណ៍ នៅសកលវិទ្យាល័យណាមួយ។ ដោយឡែក ការត្រៀមខ្លួនខ្លាំងពេក និងការបារម្ភចំពោះលទ្ធផលប្រឡង ពេលខ្លះអាចក្លាយជាសម្ពាធសម្រាប់សិស្ស ប្រៀបដូចជាការដាក់បន្ទុកមកលើខ្លួនឯង។ ជាឧទាហរណ៍ កន្លងមក មានករណី សិស្សធ្វើអត្ដឃាត ព្រោះតែប្រឡងធ្លាក់បាក់ឌុប ជាដើម។
យុវតី រឿន ស្រីម៉ុច ដែលបច្ចុប្បន្ន ក៏ជាកីឡាការិនីកីឡាហាប់គីដូ យល់ឃើញថា បេក្ខជនប្រឡងទាំងឡាយ មិនគួរដាក់សម្ពាធខ្លួនឯងខ្លាំងពេក ចំពោះការសិក្សាត្រៀមប្រឡងបាក់ឌុបឡើយ បើទោះជាត្រូវប្រឹងប្រែងឲ្យជាប់ដាច់ខាតក៏ដោយ។ កីឡាការិនីវ័យ ១៨ឆ្នាំរូបនេះ ប្រាប់ពីបទពិសោធន៍ ក៏ដូចជាការអនុវត្តន៍របស់ខ្លួនក្នុងការត្រៀមប្រឡងថា នៅពេលខ្លះ ស្រីម៉ុច មានអារម្មណ៍តានតឹងខ្លាំង បន្ទាប់ពីការប្រឹងប្រែងសិក្សាច្រើនម៉ោង។ យុវតីរូបនេះ ត្រូវរៀនបន្ធូរអារម្មណ៍តានតឹងតាមរយៈការលេងកីឡា ដូចជាវាយសីជាមួយមិត្តភក្ដិ និងចំណាយពេលនិយាយលេងជាមួយរៀមច្បងក្នុងវិស័យកីឡាហាប់គីដូ ដោយចែករំលែកបទពិសោធន៍ទាក់ទងជាមួយការសិក្សាផង និងការហាត់កីឡានេះផង។
«វាតែងតែមានភាពតានតឹងហើយ នៅពេលដែលយើងត្រៀមច្រើន រៀនច្រើន សម្រាប់ការប្រឡង។ ពេលខ្លះខ្ញុំ ក៏ដាក់វាចុះសិន នឹងធ្វើអីដែលខ្លួនឯងសប្បាយចិត្ត ដូចជាជួបជុំគ្រួសារ ព្រមទាំងមិត្តភក្ដិ ហើយខ្ញុំទៅហាត់កីឡា ដូចជាវាយសីជាមួយមិត្តភក្ដិជាដើម។ ពេលហាត់ ខ្ញុំ ធូរស្រាល លែងមានអារម្មណ៍តានតឹង ហើយរៀមច្បងនៅកន្លែងហាត់ តែងលើកទឹកចិត្ត និងនាំនិយាយលេង ព្រមទាំងចែករំលែកបទពិសោធន៍ ធ្វើឲ្យខ្ញុំលែងភ័យ និងលែងតានតឹង។»។ យុវតី រឿន ស្រីម៉ុច បានប្រាប់តាមតេលេក្រាមដូច្នេះ។
ដោយឡែក នៅឆ្នាំសិក្សា២០២៤-២០២៥ ស្រីម៉ុច ដែលជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលអំពិល ក្រុងភ្នំពេញ បានកាត់បន្ថយពេលវេលាហ្វឹកហាត់កីឡាហាប់គីដូ ព្រោះតែចង់ផ្ដោតលើការប្រឡងសិន ប៉ុន្ដែយុវតីរូបនេះ ក៏នៅតែទៅលេងវាយសី ពេលដែលតានតឹងខ្លាំងពីការសិក្សាត្រៀមប្រឡង។ កីឡាការិនី បានបន្ដហាត់កីឡាហាប់គីដូ នៅថ្ងៃចុងសប្ដាហ៍តែប៉ុណ្ណោះ ខណៈថ្ងៃដើមសប្ដាហ៍សម្រុកសិក្សាត្រៀមប្រឡង។ ស្រីម៉ុច អះអាងថាខ្លួនជាសិស្សពូកែមុខវិជ្ជាគណិតវិទ្យា។
«ខ្ញុំនៅហ្វឹកហាត់នៅឡើយទេ។ ខ្ញុំហ្វឹកហាត់នៅចុងសប្ដាហ៍ ពេលទៅហ្វឹកហាត់នៅចុងសប្ដាហ៍ មានអារម្មណ៍ធូរស្រាលខ្លះដែរ ព្រោះពេលយើងរៀនពេញមួយអាទិត្យ ហើយយើងគិតតែមើលមេរៀន ហើយធ្វើលំហាត់អី មានអារម្មណ៍ថាតានតឹង។ នៅពេលខ្លះ ខ្ញុំ ក៏ត្រូវចំណាយពេលសម្រាកដើរលេងជាមួយគ្រួសារ និងមិត្ដភក្ដិខ្លះដែរ ដើម្បីកុំឲ្យតានតឹងពេក។ យើង កុំដាក់សម្ពាធខ្លួនឯងពេក ពេលខ្លះ ចាំធូរស្រាលចាំយើង មកបន្ដប្រឹងសិក្សាទៀត។»។ សិស្សទី១២រូបនេះ បានប្រាប់ដូច្នេះ។
ស្រីម៉ុច ដាក់គោលដៅប្រឡងយកនិទ្ទេស B ដោយសារតែខ្លួនបានប្រឹងប្រែងតាំងពីដើមឆ្នាំ២០២៤-២០២៥។ ការដាក់គោលដៅនេះ ដោយសារខ្លួនជឿជាក់លើសមត្ថភាព រួមផ្សំជាមួយការខិតខំប្រឹងប្រែងសិក្សាផង៕
ប្រភព៖ THMEYTHMEY



