អាយ អេស អាយ ដង្កោសែនជ័យ នឹងត្រូវស្វាគមន៍ ណាហ្គាវើលដ៍ នៅថ្ងៃទី២៣សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន AIA KMH Park វេលាម៉ោង ៦:០០ ល្ងាច ក្នុងពានរង្វាន់លីគកម្ពុជា (Cambodian Premier League 2025-2026)។ គ្រូបង្វឹកតំណាងក្លិបទាំងពីរ សុទ្ធតែបង្ហាញគោលជំហរយ៉ាងរឹងមាំ ក្នុងការដណ្ដើម ៣ពិន្ទុ ឲ្យទាល់តែបាន ពីការប្រកួតមួយនេះ។
ឆ្លងកាត់២សប្ដាហ៍ ក្នុងក្របខ័ណ្ឌលីគ ក្រុមណាហ្គាវើលដ៍ ស្មើ១ និងចាញ់ ១ប្រកួត។ លទ្ធផលនេះ ណាហ្គាវើលដ៍ ដែលមានលោក ឃឹម បូរី ជាគ្រូបង្វឹក មិនពេញចិត្តទាល់តែសោះ។ ដោយឡែក ការប្រកួតនៅ AIA KMH Park ដែលជាការប្រកួតក្នុងទឹកដីក្រុមអាយ អេស អាយ ដង្កោសែនជ័យ នាថ្ងៃទី២៣ សីហា វេលាម៉ោង ៦:០០ល្ងាច លោក ឃឹម បុរី ប្ដេជ្ញាថា ក្រុមណាហ្គាវើលដ៍ នឹងយក៣ពិន្ទុ ឲ្យទាល់តែបាន។
ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត នាថ្ងៃទី២២ សីហា គ្រូបង្វឹករូបនេះ បាននិយាយថា៖«យើងត្រូវការរក ៣ពិន្ទុឲ្យទាល់តែបាន។ នេះជាការប្រកួត ដែលយើងត្រូវការប្រយ័ត្នប្រយែងមែនទែន ព្រោះពីរប្រកួតហើយដែលយើង ធ្វើមិនបានល្អ។ ដូច្នេះចំពោះយើង ចំពោះកីឡាករទាំងអស់ ប្ដេជ្ញាចិត្តសម្រាប់ យក៣ពិន្ទុ លើកដំបូង ក្នុងការប្រកួត។»។
ដោយឡែក ការប្ដេជ្ញាចិត្តរបស់គ្រូបង្វឹករូបនេះ ហាក់បីដូចជាមិនបានបង្ហាញពីជំនឿចិត្តថាក្រុមខ្លួន អាចឈ្នះ ១០០ភាគរយឡើយ។ នោះគឺដោយសារតែលោក ឃឹម បូរី សម្លឹងឃើញពីសមាសភាពកីឡាករ របស់គូប្រកួត មានសក្ដានុពលខ្លាំង។ ម្យ៉ាងទៀត ការប្រកួតនេះ គឺស្ថិតនៅទឹកដីរបស់ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ហើយក្រុមនេះ បានចាញ់ ១ប្រកួតដំបូងរួចហើយ ក្នុងរដូវកាលថ្មីនេះ ដែលក៏ជាមូលហេតុជំរុញឲ្យកីឡាករ ស្រេកឃ្លានជ័យជម្នះខ្លាំង ដើម្បីក្រុម និងអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន AIA KMH Park។
លោក ឃឹម បូរី បាននិយាយថា៖«យើង យល់ថា អាយ អេស អាយ ឆ្នាំនេះ ប្រែប្រួលច្រើនជាពិសេសកីឡាករបរទេស។ ដូច្នេះ យើង ត្រូវការប្រយ័ត្នប្រយែងការប្រកួតថ្ងៃស្អែកនេះមែនទែន ព្រោះការប្រកួតទី១ គាត់បានចាញ់ ហើយនឹងលេងនៅទឹកដីរបស់គាត់ទៀត។»។
ក្នុងសន្និសីទដដែលនោះ ខ្សែការពារណាហ្គាវើលដ៍ កីឡាករ សុះ ស៊ូហាណា ក៏តាំងចិត្តដូចគ្រូបង្វឹកខ្លួនដែរ ដោយនឹងយក ៣ពិន្ទុឲ្យបានសម្រាប់ក្រុម បន្ទាប់ពីបរាជ័យ ២សប្ដាហ៍ជាប់គ្នា។ «សម្រាប់ខ្ញុំ ដូចជាលោកគ្រូបាននិយាយអំបាញ់មិញចឹង ២ប្រកួតនេះ យើងធ្វើមិនបានសូវបានល្អ។ ប៉ុន្ដែប្រកួតនៅថ្ងៃស្ងែកនេះ យើងធ្វើយ៉ាងមិចដណ្ដើម ៣ពិន្ទុពីម្ចាស់ផ្ទះឲ្យទាល់តែបាន។»។ កីឡាកររូបនេះ បានតាំងចិត្តបែបនេះ។
រីឯគ្រូបង្វឹកអាយ អេស អាយ ដង្កោសែនជ័យ លោក ទុំ សារ៉ាយ ក៏ប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយក ៣ពិន្ទុ ពីណាហ្គាវើលដ៍ ផងដែរ។ ដ្បិតការប្រកួតដំបូងក្នុងទឹកដីខ្លួន ជាមួយគិរីវង់សុខសែន ក្រុមរបស់លោក ទុំ សារ៉ាយ បានចាញ់ម្ដងរួចហើយ ក្នុងលទ្ធផល២-១។ ចំណែកក្នុងជំនួបជាមួយណាហ្គាវើលដ៍ កីឡាករអាយ អេស អាយ ដង្កោសែនជ័យ ដែលដឹកនាំដោយលោក ទុំ សារ៉ាយ ប្ដេជ្ញាចិត្តមិនឲ្យបរាជ័យ ក្នុងទឹកដីខ្លួន ម្ដងទៀតឡើយ។
គ្រូបង្វឹកអាយ អេស អាយ ដង្កោសែនជ័យ បាននិយាយថា៖«ការប្រកួតលើកទី១ យើងធ្វើមិនសូវបានល្អ យើងសង្ឃឹមថាការត្រៀមខ្លួនជាមួយណាហ្គាវើលដ៍នៅថ្ងៃស្អែកនេះ យើងនឹងអាចរៀបចំឲ្យបានល្អជាងការប្រកួតលើកទី១។ យើងប្ដេជ្ញាទាំងអស់គ្នាថា នឹងអាចរក ៣ពិន្ទុ។ ក្នុងទឹកដីរបស់យើងសារជាថ្មីបាន។»។
គ្រូបង្វឹកទាំង២ក្រុម គឺលោក ឃឹម បូរី និងលោក ទុំ សារ៉ាយ មិនមានអំនួតលើក្រុមរបស់ខ្លួនពេកឡើយ ទោះជាភាគីទាំង២ រំពឹងថាដណ្ដើមបាន ៣ពិន្ទុដូចគ្នា ក៏ដោយ។ តំណាងក្រុមទាំងពីរ សុទ្ធតែយល់ថា ក្រុមក្នុងលីគកម្ពុជា នារដូវកាលនេះ កីឡាករជាតិ និងអន្ដរជាតិ សុទ្ធតែមានកម្រិត និងគុណភាពខ្ពស់ជាងរដូវកាលមុន។
ក្នុងថ្ងៃជាមួយគ្នានោះ ក្នុងពេលទន្ទឹមគ្នា កងយោធពលខេមរភូមិន្ទ ត្រូវទទួល ភ្នំពេញក្រោន នៅកីឡដ្ឋានស្ដាតចាស់។
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២ ព្រះខ័នរាជស្វាយរៀង នៅចំណាត់ថ្នាក់លេខ១ ឆ្លងកាត់២ប្រកួត មាន៦ពិន្ទុ។ ចំណែកលេខ២ បឹងកេត មាន៤ពិន្ទុ ស្មើគ្នាជាមួយកងយោធពលខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៣។ អង្គរថាយហ្គឺរ លេខ៤, វិសាខា លេខ៥, អឹម អូ អាយ កំពង់ដេវ៉ា លេខ៦ និងគិរីវង់សុខសែនជ័យ លេខ៧ សុទ្ធតែមាន ៣ពិន្ទុស្មើគ្នា។
ភ្នំពេញក្រោន ឆ្លងកាត់ ១ប្រកួត មាន១ពិន្ទុ នៅចំណាត់ថ្នាក់លេខ៨ តាមពីក្រោយដោយណាហ្គារើលដ៍ មាន១ពិន្ទុស្មើគ្នា ដែលនៅចំណាត់ថ្នាក់លេខ៩។ ចំណែកអាយ អេស អាយ ដង្កោសែនជ័យ នៅចំណាត់ថ្នាក់លេខ១០ និង ឡាយហ្វ៍ ព្រះសីហនុ នៅលេខ១១ មិនមានពិន្ទុ ដូចគ្នា៕
ប្រភព៖ THMEYTHMEY