គ្រូបង្វឹកណាហ្គា និងគ្រូបង្វឹក អាយ អេស អាយ ប្ដេជ្ញាដណ្ដើម ៣ពិន្ទុរៀងខ្លួន

អាយ អេស អាយ ដង្កោសែនជ័យ នឹងត្រូវស្វាគមន៍ ណាហ្គាវើលដ៍ នៅថ្ងៃទី២៣សីហា ឆ្នាំ​២០​២៥ នៅកីឡដ្ឋាន AIA KMH Park វេលាម៉ោង ៦:០០ ល្ងាច ក្នុងពានរង្វាន់លីគកម្ពុជា (Cambodian Premier League 2025-2026)។ គ្រូបង្វឹកតំណាងក្លិបទាំងពីរ សុទ្ធតែបង្ហាញ​គោលជំហរយ៉ាងរឹងមាំ ក្នុងការដណ្ដើម ៣ពិន្ទុ ឲ្យទាល់តែបាន ពីការប្រកួតមួយនេះ។

ឆ្លងកាត់២សប្ដាហ៍ ក្នុងក្របខ័ណ្ឌលីគ ក្រុមណាហ្គាវើលដ៍ ស្មើ១ និងចាញ់ ១ប្រកួត។ លទ្ធផល​នេះ ណាហ្គាវើលដ៍ ដែលមានលោក ឃឹម បូរី ជាគ្រូបង្វឹក មិនពេញចិត្តទាល់តែ​សោះ។ ដោយឡែក ការប្រកួតនៅ AIA KMH Park ដែលជាការប្រកួតក្នុងទឹកដីក្រុមអាយ អេស អាយ ដង្កោសែនជ័យ នាថ្ងៃទី២៣ សីហា វេលាម៉ោង ៦:០០ល្ងាច លោក ឃឹម បុរី ប្ដេជ្ញាថា ក្រុមណាហ្គាវើលដ៍ នឹងយក៣ពិន្ទុ ឲ្យទាល់តែបាន។

ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត នាថ្ងៃទី២២ សីហា គ្រូបង្វឹករូបនេះ បាននិយាយថា​៖«​យើងត្រូវការរក ៣ពិន្ទុឲ្យទាល់តែបាន។ នេះជាការប្រកួត ដែលយើងត្រូវការប្រយ័ត្ន​ប្រ​យែង​មែន​ទែន ព្រោះពីរប្រកួតហើយដែលយើង ធ្វើមិនបានល្អ។ ដូច្នេះចំពោះយើង ចំពោះ​កីឡាករទាំងអស់ ប្ដេជ្ញាចិត្តសម្រាប់ យក៣ពិន្ទុ លើកដំបូង ក្នុងការប្រកួត។»។

ដោយឡែក ការប្ដេជ្ញាចិត្តរបស់គ្រូបង្វឹករូបនេះ ហាក់បីដូចជាមិនបានបង្ហាញពីជំនឿចិត្តថា​ក្រុមខ្លួន អាចឈ្នះ ១០០ភាគរយឡើយ។ នោះគឺដោយសារតែលោក ឃឹម បូរី សម្លឹងឃើញ​ពីសមាសភាពកីឡាករ របស់គូប្រកួត មានសក្ដានុពលខ្លាំង។ ម្យ៉ាងទៀត ការប្រកួតនេះ គឺ​ស្ថិតនៅទឹកដីរបស់ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ហើយក្រុមនេះ បានចាញ់ ១​ប្រ​កួត​ដំបូងរួច​ហើយ ក្នុងរដូវកាលថ្មីនេះ​ ដែលក៏ជាមូលហេតុជំរុញឲ្យកីឡាករ ស្រេកឃ្លាន​ជ័យ​ជម្នះខ្លាំង ដើម្បីក្រុម និងអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន AIA KMH Park។

លោក ឃឹម បូរី បាននិយាយថា៖«យើង យល់ថា អាយ អេស អាយ ឆ្នាំនេះ ប្រែប្រួលច្រើន​ជាពិសេស​កីឡាករបរទេស។ ដូច្នេះ យើង ត្រូវការប្រយ័ត្នប្រយែងការប្រកួត​ថ្ងៃស្អែកនេះ​មែនទែន ព្រោះការប្រកួតទី១ គាត់បានចាញ់ ហើយនឹងលេងនៅទឹកដីរបស់គាត់ទៀត។»។

ក្នុងសន្និសីទដដែលនោះ ខ្សែការពារណាហ្គាវើលដ៍ កីឡាករ សុះ ស៊ូហាណា ក៏តាំងចិត្តដូច​គ្រូបង្វឹកខ្លួនដែរ ដោយនឹងយក ៣ពិន្ទុឲ្យបានសម្រាប់ក្រុម បន្ទាប់ពីបរាជ័យ ២សប្ដាហ៍ជាប់​គ្នា​។ «សម្រាប់ខ្ញុំ ដូចជាលោកគ្រូបាននិយាយអំបាញ់មិញចឹង ២ប្រកួតនេះ យើងធ្វើមិនបាន​សូវបានល្អ។ ប៉ុន្ដែប្រកួតនៅថ្ងៃស្ងែកនេះ យើងធ្វើយ៉ាងមិចដណ្ដើម ៣ពិន្ទុពីម្ចាស់ផ្ទះឲ្យ​ទាល់តែបាន។»។ កីឡាកររូបនេះ បានតាំងចិត្តបែបនេះ។

រីឯគ្រូបង្វឹកអាយ អេស អាយ ដង្កោសែនជ័យ លោក ទុំ សារ៉ាយ ក៏ប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹង​យក ៣ពិន្ទុ ពីណាហ្គាវើលដ៍ ផងដែរ។ ដ្បិតការប្រកួតដំបូងក្នុងទឹកដីខ្លួន ជាមួយគិរីវង់សុខសែន ក្រុមរបស់លោក ទុំ សារ៉ាយ បានចាញ់ម្ដងរួចហើយ ក្នុងលទ្ធផល២-១។ ចំណែកក្នុងជំនួបជាមួយណាហ្គាវើលដ៍ កីឡាករអាយ អេស អាយ ដង្កោសែនជ័យ ដែលដឹកនាំដោយលោក ទុំ សារ៉ាយ ប្ដេជ្ញាចិត្តមិនឲ្យបរាជ័យ ក្នុងទឹកដីខ្លួន ម្ដងទៀតឡើយ។

គ្រូបង្វឹកអាយ អេស អាយ ដង្កោសែនជ័យ បាននិយាយថា៖«ការប្រកួតលើកទី១ យើងធ្វើ​មិនសូវបានល្អ​ យើងសង្ឃឹមថាការត្រៀមខ្លួនជាមួយណាហ្គាវើលដ៍នៅថ្ងៃស្អែកនេះ យើង​នឹងអាចរៀបចំឲ្យបានល្អជាងការប្រកួតលើកទី១។ យើងប្ដេជ្ញាទាំងអស់គ្នាថា នឹងអាចរក ៣ពិន្ទុ។ ក្នុងទឹកដីរបស់យើងសារជាថ្មីបាន។»។

គ្រូបង្វឹកទាំង២ក្រុម គឺលោក ឃឹម បូរី និងលោក ទុំ សារ៉ាយ មិនមានអំនួតលើក្រុមរបស់ខ្លួន​ពេកឡើយ ទោះជាភាគីទាំង២ រំពឹងថាដណ្ដើមបាន ៣ពិន្ទុដូចគ្នា ក៏ដោយ។ តំណាងក្រុម​ទាំង​ពីរ សុទ្ធតែយល់ថា ក្រុមក្នុងលីគកម្ពុជា នារដូវកាលនេះ កីឡាករជាតិ និងអន្ដរជាតិ សុទ្ធ​តែមានកម្រិត និងគុណភាពខ្ពស់ជាងរដូវកាលមុន។

ក្នុងថ្ងៃជាមួយគ្នានោះ ក្នុងពេលទន្ទឹមគ្នា កងយោធពលខេមរភូមិន្ទ ត្រូវទទួល ភ្នំពេញក្រោន នៅ​កីឡដ្ឋានស្ដាតចាស់។

គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២ ព្រះខ័នរាជស្វាយរៀង នៅចំណាត់ថ្នាក់លេខ១ ឆ្លង​កាត់២​ប្រកួត មាន៦ពិន្ទុ។ ចំណែកលេខ២ បឹងកេត មាន៤ពិន្ទុ ស្មើគ្នាជាមួយកង​យោធ​ពល​ខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៣។ អង្គរថាយហ្គឺរ លេខ៤, វិសាខា លេខ៥, អឹម អូ អាយ កំពង់ដេវ៉ា លេខ៦ និងគិរីវង់សុខសែនជ័យ លេខ៧ សុទ្ធតែមាន ៣ពិន្ទុស្មើគ្នា។

ភ្នំពេញក្រោន ឆ្លងកាត់ ១ប្រកួត មាន១ពិន្ទុ នៅចំណាត់ថ្នាក់លេខ៨ តាមពីក្រោយ​ដោយ​ណាហ្គារើលដ៍ មាន១ពិន្ទុស្មើគ្នា ដែលនៅចំណាត់ថ្នាក់លេខ៩។ ចំណែកអាយ អេស អាយ ដង្កោសែនជ័យ នៅចំណាត់ថ្នាក់លេខ១០ និង ឡាយហ្វ៍ ព្រះសីហនុ នៅលេខ១១ មិនមាន​ពិន្ទុ ដូចគ្នា៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top