ក្រុម​នារី​ភ្នំពេញ​ក្រោន មានជប៉ុន ២​នាក់ ត្រៀម​ប៉ះ​ជើង​ឯក​លីគនារីឥណ្ឌា ថ្ងៃ​ចន្ទ​នេះ

ក្រុម​បាល់ទាត់​នារី ភ្នំពេញ​ក្រោន បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ នារី​​កំពូល​អាស៊ី AFC Women’s​ Champions League ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់ ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ក្រុម​នារីភ្នំពេញ​ក្រោន ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​ដោយ​នៅ​ក្នុង​ពូល E គឺ មាន​ក្រុម​ជើង​ឯក​លីគ​នារី​ឥណ្ឌា East Bengal និង​ក្រុម​ជើង​ឯក​លីគ​នារី​ហុងកុង Kitchee។ ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​កម្រិត​គុណភាព និង​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ក្រុម​ជើង​ឯក​លីគ​នារី​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​នាំ​ចូល​សមាជិក​ថ្មី​​ជា​កីឡាការិនី​បរទេស​១​រូប​ទៀត​ដើម្បី​ពង្រឹង​ក្រុម​សម្រាប់​ការ​ប្រកួត​ពានអាស៊ី​លើក​ដំបូង​របស់​ខ្លួន​នេះ។ កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ ២០២៥ ក្លិប​បាន​ប្រកាស​នាំ​ចូល​កីឡាការិនី Kuroki Airi ដែល​លេង​ក្នុង​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល មក​ពី​ក្លិប Loveledge Nagoya របស់ប្រទេស​ជប៉ុន។

វត្តមាន​របស់​កីឡាការិនី Kuroki Airi បន្ថែម​កីឡាការិនី​ជប៉ុន Ichikawa Miki ​ដែល​លេង​ក្នុង​តួនាទី​ជា​ខ្សែ​បម្រើ​ការពារ។ ភ្នំពេញ​ក្រោន​បាន​នាំ​ចូល Miki ពីក្លិប Loveledge ក្នុងក្របខណ្ឌលីគទី ២ របស់ប្រទេសជប៉ុន កាល​ពីខែ​សីហា ឆ្នាំ ២០២៤។

ទាំង​កីឡាការិនី Ichikawa Miki និង Kuroki Airi សុទ្ធ​តែ​មាន​សិទ្ធិ​ប្រកួត​ក្នុង​ពាន​លីគ​នារី​កម្ពុជា Cambodian Women’s League និង​ពាន​រង្វាន់​អន្តរជាតិ។

សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​នារី​អាស៊ី AFC Women’s​ Championship League ក្រុម​នារី ភ្នំពេញ​ក្រោន ត្រូវ​ប្រកួត​ជា​មួយ East Bengal នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែ​សីហា និង​ចុង​ក្រោយ ប្រកួត​ជា​មួយ Kitchee នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។ ក្រុម​លេខ​១ ក្នុង​ពូល​នឹង​បាន​កៅអី​ឡើង​ទៅ​ជុំ​ចុង​ក្រោយ ឆ្នាំ ២០២៦៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top