គ្រូបង្វឹករបស់ ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey នៅតែទទូចឱ្យខ្សែប្រយុទ្ធរបស់ក្រុមលោកបញ្ចប់ទីឱ្យបានច្បាស់ជាងហ្នឹងបន្ថែមទៀត ទោះជាការប្រកួតទល់នឹង បឹងកេត ក្រុមរបស់លោកបានយកឈ្នះក្នុងលទ្ធផលយ៉ាងធំធេងក៏ដោយ។
ក្រុម ព្រះខ័នរាជស្វាយរៀង នៅតែបន្តធ្វើបានល្អសម្រាប់ការប្រកួតក្នុងលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ នេះ ខណៈការប្រកួតសប្តាហ៍ទី ៣ នៃក្របខណ្ឌលីគកំពូល កម្ពុជា កាលពីល្ងាច អាទិត្យ ទី ២៤ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានយកឈ្នះលើក្រុមនាគខៀវ បឹងកេត ក្នុងលទ្ធផល ៣-០។
ក្រោយការប្រកួតលោក McConkey ត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកគ្រូយល់ឃើញបែបណា ចំពោះការខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់របស់ក្រុមនៅនាទីចុងក្រោយ បន្ទាប់ពីនាំមុខ បឹងកេត ៣-០? បុរសសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានឆ្លើយតបថា៖ «សម្រាប់យើងក៏បានលើកឡើងពីមុនមកដែរ ពាក់ព័ន្ធឱកាសនៅតំបន់ប្រយុទ្ធយើងគួរតែបញ្ចប់ទីឱ្យបានច្បាស់ជាងហ្នឹងទៀត គឺមិនអាស្រ័យលើពេលយើងឈ្នះ ៣-០ ហើយ យើងលេងរៀងលក្ខណៈធម្មតាៗនោះទេ។ អ្វីដែលយើងចង់បាន គឺចង់បានឱ្យការប្រកួតនេះ ធ្វើម៉េចចំពោះការបញ្ចប់ទី ក៏ដូចជាការខំប្រឹងលេងរហូតដល់ចប់ម៉ោង។ ពាក់ព័ន្ធរឿងនេះក៏យើងត្រូវតែកែប្រែផងដែរ»។
ការប្រកួតកាលពីម្សិលមិញ ក្រុម ព្រះខ័នរាជស្វាយរៀង បានធ្វើរឿងមិននឹកស្មាន ដោយចាយពេលត្រឹម ៥ នាទី ពួកគេរកបានគ្រាប់បាល់ដល់ទៅ ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយ Kwame Peprah ទាំង ២ គ្រាប់។ ចំណែកវគ្គទី ២ នៅនាទីទី ៨៣ ប្រធានក្រុមសឿយ វិសាល ក៏បានបន្ថែមមួយគ្រាប់ទៀត ដែលជាក្រុមទី ៣។ យ៉ាងណា ក្រោយរកបាន ៣ គ្រាប់នេះ ព្រះខ័នរាជស្វាយរៀង នៅមានឱកាសល្អៗបន្ថែមទៀតនៅមុខទីរបស់ បឹងកេត ប៉ុន្តែពួកគេមិនអាចសម្រេចទីបាននោះទេ។
ជុំវិញនឹងរឿងនេះ លោក McConkey នឹងព្យាយាមកែតម្រូវក្រុម ដើម្បីបញ្ចប់ទីឱ្យបានច្បាស់ជាងនេះ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ផងដែរ ថាក្រុមត្រូវតែព្យាយាមរកបានគ្រាប់បាល់ និងប្រឹងលេងរហូតដល់បញ្ចប់ ៩០ នាទី ទោះបីជាការប្រកួតកំពុងនាំមុខគូប្រកួតក៏ដោយ៕
ប្រភព៖ KAMPUCHEATHMEY