ក្លិប Everton ផ្លាស់ទៅប្រើប្រាស់កីឡដ្ឋានថ្មី Hill Dickinson តម្លៃជាង ១ពាន់លានដុល្លារ ជំនួសកីឡដ្ឋានចាស់ Goodison Park។ ឆ្លងកាត់ការប្រកួតដំបូងនៅទឹកដីថ្មី Everton យកឈ្នះក្រុម Brighton & Hove Albion លទ្ធផល ២-០ ក្នុងជំនួប Premier League ថ្ងៃទី២៤ សីហា។ អ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ពីបរិយាកាស បទពិសោធន៍ថ្មី ហើយពួកគេថែមទាំងបង្ហាញក្តីរំភើបចំពោះសមិទ្ធផលដ៏សម្បើមនេះ។
កីឡដ្ឋាន Hill Dickinson ដំបូងមានឈ្មោះថាជាកីឡដ្ឋាន Bramley Moore Dock ស្ថិតនៅជាប់មាត់ទឹក ក្នុងតំបន់ Merseyside បានបើកដំណើរផ្លូវការ សម្រាប់រៀបចំរាល់ការប្រកួតរបស់ក្លិប Everton ពេលពួកគេធ្វើជាម្ចាស់ផ្ទះ។ កីឡដ្ឋានថ្មីសាងសង់អស់ទឹកប្រាក់សរុបប្រមាណ ៨០០លានផោន(១,១លានដុល្លារ) ជាផ្ទះថ្មីរបស់ Everton ក្រោយក្លិបវ័យចំណាស់មួយនេះ ប្រើកីឡដ្ឋាន Goodison Park ផ្ទុកមនុស្សបាន ៣៩ ៥៧២នាក់ អស់ពេល ១៣៣ឆ្នាំរួចមក។
ទោះសប្តាហ៍ដំបូង Everton ភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើង Leeds United លទ្ធផល ១-០ ប៉ុន្តែប្រកួតលើទឹកដីថ្មី លើកដំបូង ក្នុងកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានប្រមាណ ៥២ ៧៦៩នាក់ ក្រុមរហស្សនាមស្កគ្រាប់ ធ្វើឱ្យអ្នកគាំទ្រខ្លួនកាន់ផ្ទុះក្តីរំភើប ដោយយកឈ្នះក្រុម Brighton & Hove Albion ដណ្តើមបាន ៣ពិន្ទុ។ ជ័យជម្នះសម្រាប់ក្រុមដឹកនាំដោយលោក David Moyes ក៏ដើម្បីអបអរ ការប្រើប្រាស់កីឡដ្ឋានថ្មីផងដែរ។
អ្នកគាំទ្រ Everton បានភ្លក់រសជាតិអង្គុយមើលការប្រកួតក្នុងកីឡដ្ឋានតម្លៃជាង ១ពាន់លានដុល្លារ ហើយក៏បានលាន់មាត់សរសើរគ្រប់គ្នា ពីបរិយាកាស និងបទពិសោធន៍ថ្មី មិនចាញ់ក្លិបធំៗ ក្នុងលីគ និងក្នុងតំបន់អឺរ៉ុបឡើយ។ អ្នកគាំទ្រភាគច្រើនបញ្ចេញមតិ សរសើរ និងបង្ហាញអារម្មណ៍រំភើបលើបណ្តាញសង្គម ពីបទពិសោធន៍ទទួលបាន នៅកីឡដ្ឋាន Hill Dickinson។
អ្នកគាំទ្រខ្លះទៀត បានសាទរ ពីសមិទ្ធផល ក្លិបសម្រេចបាននៅដើមរដូវកាល ២០២៥-២៦ និងនាំគ្នានិយាយមិនដាច់ពីមាត់ ចំពោះបរិយាកាសកីឡដ្ឋានថ្មី ដែលកសាងឡើងមានរចនាបទស្រស់ស្អាត បំពាក់ប្រព័ន្ធទំនើបៗ និងជាពិសេសប្រព័ន្ធសំឡេងក្នុងកីឡដ្ឋាន។ អ្នកគាំទ្រផ្សេងទៀតបង្ហោះថា ការប្រកួតដំបូងរបស់ Everton ក្នុងផ្ទះថ្មី គឺទទួលបានអារម្មណ៍រំភើប ធំជាងការទិញកីឡាករល្បីៗថ្លៃកប់ពពកយកទៅចូលរួមក្រុមទៅទៀត ហើយសរសើរថាក្លិបបានបង្កើតប្រវត្តិសាស្ត្រថ្មី។
គូសរំលឹកថា កីឡដ្ឋានជាទឹកដីថ្មីរបស់ Everton សាងសង់ឡើងតាមបែបបទកីឡដ្ឋានបាល់ទាត់ទំនើប ដោយយកគំរូតាម ប្រភេទកីឡដ្ឋានរបស់ក្រុម Tottenham Hotspur, Wembley និងកីឡដ្ឋាន Santiago Bernabeu របស់ក្លិប Real Madrid ជាដើម ដែលអាចផ្លាស់រៀបចំព្រឹត្តិការណ៍កីឡាដទៃ ឬការប្រគំតន្រ្តីបាន ក្រៅពីការរៀបចំបាល់ទាត់តែមួយមុខ៕
ប្រភព៖ THMEYTHMEY