ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ទទួលធ្វើម្ចាស់ផ្ទះរៀបចំ ការប្រកួតជម្រុះក្នុងពូល G ពានរង្វាន់យុវជនអាស៊ី AFC U23 Asian Cup 2026 ជាថ្មី បន្ទាប់ពីធ្លាប់ទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលបែបនេះពីរដងហើយ។
ក្រុម U23 កម្ពុជា ស្ថិតនៅជាមួយក្រុមខ្លាំង អ៉ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន។ តាមមើលសមាសភាពក្រុមគឺ សុទ្ធតែខ្លាំងមិនដាច់ឆ្ងាយពីគ្នាប៉ុន្មានឡើយ។ តាមរូបមន្តនៃការប្រកួតគឺ ក្រុម ៤៤ ត្រូវបែងចែកជា១១ពូល ក្នុង១ពូលមាន៤ក្រុម។ ក្រុមលេខ១ក្នុងពូលទាំង១១ និងក្រុមលេខ២ល្អបំផុតចំនួន៤ សរុប ១៥ ក្រុម បូកនឹងម្ចាស់ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត គឺចំនួន១៦ក្រុមនៅជុំចុងក្រោយ។
កម្ពុជាមិនធ្លាប់មានប្រវត្តិឈានដល់ជុំចុងក្រោយឡើយ ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលរហូត។ ឆ្នាំ ២០២៥ គឺជាការទទួលធ្វើម្ចាស់ផ្ទះលើកទី ៣ បន្ទាប់ពីធ្លាប់ធ្វើម្ចាស់ផ្ទះឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។ តើកម្ពុជាអាចបង្កើតប្រវត្តិសាស្ត្រលើកដំបូងក្នុងការឡើងទៅជុំចុងក្រោយទេ? ក្រឡេកមើលប្រវត្តិរបស់ក្រុមទាំង៤សម្រាប់ពូល G ក្នុងពានរង្វាន់អាស៊ី។
U23 អ៉ីរ៉ាក់ ជាក្រុមខ្លាំងមិនធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះក្នុងពូលឡើង។ ចាប់តាំងពីពាននេះបង្កើតក្នុងឆ្នាំ ២០១៣ ពួកគេបានធ្វើល្អដោយឡើងដល់ជុំចុងក្រោយរហូត។ អ្វីដែលកាន់តែពិសេស នៅឆ្នាំដំបូង ២០១៣ ពួកគេបានឈ្នះជើងឯកតែម្តង។ ឆ្នាំ ២០១៦ ពួកគេទទួលបានលេខ៣។ ឆ្នាំ ២០១៨ ពួកគេទទួលបានលេខ ៦។ ឆ្នាំ ២០២០ ពួកគេធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ហើយឆ្នាំ ២០២២ ទទួលបានលេខ៦ និងចុងក្រោយឆ្នាំ ២០២៤ ពួកគេទទួលបានលេខ៣។
កម្ពុជា
U23 កម្ពុជា មិនធ្លាប់បានឆ្លងផុតវគ្គជម្រុះក្នុងពូលឡើយ ប៉ុន្តែតែងតែចូលរួមប្រកួតជម្រុះក្នុងពូលរហូតគិតចាប់តាំងពីឆ្នាំដំបូង ២០១៣។
- ឆ្នាំ ២០១៣ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ៣ ប្រកួត
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០១៨ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២០ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០២២ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២៤ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ១ និងចាញ់ ១ ប្រកួត
អូម៉ង់
U23 អូម៉ង់ មានកំណត់ត្រាល្អគួរសមដោយធ្លាប់បានឡើងដល់ជុំចុងក្រោយ២លើក ប៉ុន្តែបើគិតពិន្ទុជារួម ពួកគេមានតិចជាងកម្ពុជា ដូច្នេះហើយបានជាតារាងចំណាត់ថ្នាក់នៅក្រោមកម្ពុជា។
- ឆ្នាំ ២០១៣ បានឡើងដល់ជុំចុងក្រោយ ក្រោយឈ្នះ៣ ស្មើ១ និងចាញ់១។ នៅជុំចុងក្រោយ ពួកគេធ្លាក់ក្នុងពូល ក្រោយ ឈ្នះ១ និងចាញ់២។
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ២ប្រកួត និងស្មើ២ប្រកួត
- ឆ្នាំ ២០១៨ បានឡើងជុំចុងក្រោយ បន្ទាប់ពីឈ្នះទាំង២ប្រកួត។ នៅជុំចុងក្រោយ ពួកគេចាញ់ទាំង៣ប្រកួតនៅវគ្គក្នុងសន្សំពិន្ទុក្នុងពូល។
- ឆ្នាំ ២០២០ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ១ប្រកួត និងស្មើ១ប្រកួត
- ឆ្នាំ ២០២២ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ១ប្រកួត និងចាញ់២ប្រកួត
- ឆ្នាំ ២០២៤ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ២ប្រកួត និងចាញ់១ប្រកួត
ប៉ាគីស្ថាន
U23 ប៉ាគីស្ថាន មិនសូវមានស្ថិតិល្អទេក្នុងពានរង្វាន់ AFC U23 Asian Cup ដោយធ្លាប់បានចូលរួមប្រកួតជម្រុះក្នុងពូល ៣ ដង និងមិនបានចូលរួម៣ដង។
- ឆ្នាំ ២០១៣ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយស្មើ១ប្រកួត និងចាញ់៤ប្រកួត
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ១ប្រកួត និងចាញ់៣ប្រកួត
- ឆ្នាំ ២០១៨ មិនបានចូលរួមប្រកួតជម្រុះក្នុងពូល
- ឆ្នាំ ២០២០ មិនបានចូលរួមប្រកួតជម្រុះក្នុងពូល
- ឆ្នាំ ២០២២ មិនបានចូលរួមប្រកួតជម្រុះក្នុងពូល
- ឆ្នាំ ២០២៤ ធ្លាក់ជម្រុះក្នុងពូល ក្រោយចាញ់ទាំង៣ប្រកួត
កម្មវិធីប្រកួត
- អ៉ីរ៉ាក់ vs ប៉ាគីស្ថាន (ថ្ងៃទី៣ កញ្ញា)
- កម្ពុជា vs អូម៉ង់ (ថ្ងៃទី៣ កញ្ញា)
- អូម៉ង់ vs អ៉ីរ៉ាក់ (ថ្ងៃទី៦ កញ្ញា)
- ប៉ាគីស្ថាន vs កម្ពុជា (ថ្ងៃទី៦ កញ្ញា)
- អូម៉ង់ vs ប៉ាគីស្ថាន (ថ្ងៃទី៩ កញ្ញា)
- អ៉ីរ៉ាក់ vs កម្ពុជា (ថ្ងៃទី៩ កញ្ញា)
ប្រភព៖ KAMPUCHEATHMEY