អ្នកគាំទ្រ Everton រំភើបចិត្ត និងសរសើរបរិយាកាសកីឡដ្ឋានថ្មីតម្លៃជាង ១ពាន់លានដុល្លារ

ក្លិប Everton ផ្លាស់ទៅប្រើប្រាស់កីឡដ្ឋានថ្មី ​Hill Dickinson តម្លៃជាង ១ពាន់លានដុល្លារ ជំនួសកីឡដ្ឋានចាស់ Goodison Park។ ឆ្លងកាត់ការប្រកួតដំបូងនៅទឹកដីថ្មី Everton យកឈ្នះក្រុម Brighton & Hove Albion លទ្ធផល ២-០ ក្នុងជំនួប Premier League ថ្ងៃទី២៤ សីហា​។ អ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ពីបរិយាកាស បទពិសោធន៍ថ្មី ហើយពួកគេថែមទាំងបង្ហាញក្តីរំភើប​ចំពោះសមិទ្ធផលដ៏សម្បើមនេះ។

កីឡដ្ឋាន ​Hill Dickinson ដំបូងមានឈ្មោះថាជាកីឡដ្ឋាន Bramley Moore Dock ស្ថិតនៅជាប់មាត់ទឹក ក្នុងតំបន់ Merseyside បានបើកដំណើរផ្លូវការ សម្រាប់រៀបចំរាល់ការប្រកួតរបស់ក្លិប Everton ពេលពួកគេធ្វើជាម្ចាស់ផ្ទះ។ កីឡដ្ឋានថ្មីសាងសង់អស់ទឹកប្រាក់សរុបប្រមាណ ៨០០លានផោន(១,១លានដុល្លារ) ជាផ្ទះថ្មីរបស់​ Everton ក្រោយក្លិបវ័យចំណាស់មួយនេះ ប្រើកីឡដ្ឋាន Goodison Park ផ្ទុកមនុស្សបាន ៣៩ ៥៧២នាក់ អស់ពេល ១៣៣ឆ្នាំ​រួចមក។

​ទោះសប្តាហ៍ដំបូង Everton ភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើង Leeds United លទ្ធផល ១-០ ប៉ុន្តែប្រកួតលើទឹកដីថ្មី លើកដំបូង ក្នុងកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានប្រមាណ ៥២ ៧៦៩នាក់ ក្រុមរហស្សនាមស្កគ្រាប់ ធ្វើឱ្យអ្នកគាំទ្រខ្លួនកាន់ផ្ទុះក្តីរំភើប ដោយយកឈ្នះក្រុម Brighton & Hove Albion ដណ្តើមបាន ៣ពិន្ទុ។ ជ័យជម្នះសម្រាប់ក្រុមដឹកនាំដោយលោក David Moyes ក៏ដើម្បីអបអរ ការប្រើប្រាស់កីឡដ្ឋានថ្មីផងដែរ។

អ្នកគាំទ្រ Everton បានភ្លក់រសជាតិអង្គុយមើលការប្រកួតក្នុងកីឡដ្ឋានតម្លៃជាង ១ពាន់លានដុល្លារ ហើយក៏បានលាន់មាត់សរសើរគ្រប់គ្នា ពីបរិយាកាស និងបទពិសោធន៍ថ្មី មិនចាញ់ក្លិបធំៗ ក្នុងលីគ និងក្នុងតំបន់អឺរ៉ុបឡើយ។ អ្នកគាំទ្រភាគច្រើនបញ្ចេញមតិ សរសើរ និងបង្ហាញអារម្មណ៍រំភើបលើបណ្តាញសង្គម ពីបទពិសោធន៍ទទួលបាន នៅកីឡដ្ឋាន Hill Dickinson។

អ្នកគាំទ្រខ្លះទៀត បានសាទរ ពីសមិទ្ធផល ក្លិបសម្រេចបាននៅដើមរដូវកាល ២០២៥-២៦ និងនាំគ្នានិយាយមិនដាច់ពីមាត់ ចំពោះបរិយាកាសកីឡដ្ឋានថ្មី ដែលកសាងឡើងមានរចនាបទស្រស់ស្អាត បំពាក់ប្រព័ន្ធទំនើបៗ និងជាពិសេសប្រព័ន្ធសំឡេងក្នុងកីឡដ្ឋាន។ អ្នកគាំទ្រផ្សេងទៀតបង្ហោះថា ការប្រកួតដំបូងរបស់ Everton ក្នុងផ្ទះថ្មី គឺទទួលបានអារម្មណ៍រំភើប ធំជាងការទិញកីឡាករល្បីៗថ្លៃកប់ពពកយកទៅចូលរួមក្រុមទៅទៀត ហើយសរសើរថាក្លិបបានបង្កើតប្រវត្តិសាស្ត្រថ្មី។

គូសរំលឹកថា កីឡដ្ឋានជាទឹកដីថ្មីរបស់ Everton សាងសង់ឡើងតាមបែបបទកីឡដ្ឋានបាល់ទាត់ទំនើប ដោយយកគំរូតាម ប្រភេទកីឡដ្ឋានរបស់ក្រុម Tottenham Hotspur, Wembley និងកីឡដ្ឋាន Santiago Bernabeu របស់ក្លិប Real Madrid ជាដើម ដែលអាចផ្លាស់រៀបចំព្រឹត្តិការណ៍កីឡាដទៃ ឬការប្រគំតន្រ្តីបាន ក្រៅពីការរៀបចំបាល់ទាត់តែមួយមុខ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top