ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដើម្បីសន្តិភាព នឹងធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីបង្ហាញសារពីសុខសន្តិភាព និងសុខទុក្ខរបស់កងកម្លាំងការពារជួរមុខ ព្រមទាំងជនភៀសសឹក។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ ថា គោលបំណងសំខាន់៣សម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរអង្គរ។ ទី១ រៀបចំឡើងដើម្បីសុខសន្តិភាព ទី២ ដើម្បីការពារសម្បត្តិបេតិភ័ណ្ឌពិភពលោក និងទី៣ដើម្បីរួមចំណែកជួយដល់កម្លាំងកងទ័ពដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។
លោកបានលើកឡើងថា ៖«យើងរៀបចំនេះឡើងដើម្បីសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ពីររត់ដើម្បីការពារបេតិកភ័ណ្ឌមនុស្សជាតិដែលកំពុងត្រូវបានខូចខាត និងទី៣ រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរជនកងទ័ពរបស់យើង និងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីជម្លោះព្រំដែន។ ខ្លឹមសារទាំង៣សំខាន់នេះគឺមិនមែនចេះដាក់ទេ ប៉ុន្តែសុទ្ធតែទទួលបានការណែនាំពីថ្នាក់ដឹកនាំដើម្បីសារឲ្យពិភពលោកបានឃើញ»។
ចំណែក លោក សែម ផល្លា នាយកម៉ារ៉ាតុងកម្ពុជា បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរអង្គរ។ ជាពិសេសសូមបងប្អូនកុំមានការព្រួយបារម្ភអ្វីទាំងអស់ ពីព្រោះគណៈកម្មការរៀបចំការប្រកួត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានរៀបចំយ៉ាងល្អក្នុងការធានាបានដល់អ្នកចូលរួមទទួលបានភាពកក់ក្តៅ និងសុខសុវត្ថិភាព។
លោកបានទទួចថា សូមបងប្អូនដែលចូលរួម កុំមានអារម្មណ៍ភិតភ័យដោយប្រការណាមួយ ប៉ុន្តែផ្ទុយទៅវិញ ការចូលរួមគឺជាកម្លាំងរួមចំណែកដើម្បីប្រទេសជាតិស្វែងរកសុខសន្តិភាព។
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅមុខប្រាសាទអង្គរវត្តនឹងរំលេចសារសំខាន់ៗទាំងភាសាខ្មែរ និងភាសាអង់គ្លេសដើម្បីឲ្យពិភពលោកឃើញពីកម្ពុជាត្រូវការសុខសន្តិភាព។ ចំនួនអ្នកចុះឈ្មោះ ពលរដ្ឋខ្មែរប្រមាណជាង ៣០០០នាក់ និងជនបរទេស ប្រមាណ ១០០០នាក់ ដែលនឹងចូលរួមរត់នេះ៕
ប្រភព៖ KAMPUCHEATHMEY