Manuel Ugarte ខ្សែបម្រើក្រុម Manchester United មានទំនាក់ទំនងជាមួយនាង Georgia May Heath ដែលជាអតីតមិត្តស្រីរបស់ Kylian Mbappe ខ្សែប្រយុទ្ធ Real Madrid។
ពេលថ្មីៗនេះ Ugarte និងនាង May Heath ដែលជាមិត្តស្រីថ្មីរបស់គេ ត្រូវបានគេឃើញដើរលេងក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងឡុងដ៍ កាលពីសប្តាហ៍មុន។ បើតាមការចុះផ្សាយរបស់កាសែត The Sun គូស្នេហ៍ទាំងពីរបង្ហាញភាពស្និទ្ធស្នាលខ្លាំង នៅមុនពេលចាកចេញពីផ្សារទំនើបមួយនោះ។
ខ្សែបម្រើវ័យ ២៤ឆ្នាំ របស់បិសាចក្រហមរូបនេះ បានបង្ហាញមិត្តស្រីថ្មី ដែលជាអតីតមិត្តស្រីរបស់ Mbappe ជាសាធារណៈលើកដំបូង។ អំឡុងពេល Ugarte និង Mbappe នៅប្រកបអាជីពក្នុងក្រុម Paris Saint Germain នាង May Heath នៅជាមិត្តស្រីរបស់ខ្សែប្រយុទ្ធបារាំងនៅឡើយ នៅចន្លោះឆ្នាំ ២០២១ ដល់ ២០២៤។
មិត្តស្រី Ugarte មានសញ្ជាតិអង់គ្លេស វ័យ២៧ឆ្នាំ ជាបុគ្គលមានឥទ្ធិពលលើកបណ្តាញសង្គមមួយរូប ដែលមានអ្នកចុចតាមដានលើ Instagram ប្រមាណជា ២៣ម៉ឺននាក់ ដោយនាងជាអ្នកផលិតមាតិកាលើ ពាក់ព័ន្ធនឹងសម្លៀកបំពាក់ និងសម្រស់។
កាលពីខែកក្កដា ខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ បានបង្ហោះរូបភាពខ្លួនជិះទូកដើរលេងកម្សាន្ត នៅប្រទេសអេស្ប៉ាញ ជាមួយនឹង May Heath ហើយ អតីតមិត្តរួមក្រុមកាលនៅ PSG កីឡាករសញ្ជាតិបារាំង ក៏បានចុចតាមដានលើការបង្ហោះនោះ។
សមាជិកក្រុម Man Utd រូបនេះ ផ្តើមអាជីពដំបូងនៅក្លិប Fenix ទៅប្រទេសកំណើត បន្ទាប់មកផ្លាស់ទៅលេងក្លិប Famalicao និង Sporting Lisbon ប្រទេសព័រទុយហ្កាល់ មុនទៅចូលរួមក្លិប PSG ក្នុងតម្លៃ ៦៨លានដុល្លារ។ យ៉ាងណាពេលនេះ លេងនៅក្លិបយក្សអង់គ្លេស កីឡាករអ៊ុយរូហ្គាយ នៅមិនទាន់អាចប្រជែងកៅអីជម្រើស ១១នាក់ ដំបូងបាននៅឡើយ៕
ប្រភព៖ THMEYTHMEY



