លោក ខូវ ឆាយ បញ្ជាក់​ពី​ការ​ព្រមាន​អប់រំ​អាជ្ញា​កណ្តាល ឃឹម សុជាតិ បាន​បញ្ចប់

លោក ឃឹន សុជាតិ អាជ្ញា​កណ្តាល​ប្រដាល់​គុន​ខ្មែរ​បាន​យក​ដៃ​ទៅ​ទះ​កីឡាករ​ចិន ឃ្វីន ជីន បន្ទាប់​ពី​កីឡាករ​ចិន​រូប​នេះ​បាន​ទះ​លើ​​ផ្នែក​ខាង​ក្រោយ​របស់​លោក សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ឈុត សេរីវ៉ាន់ថង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ ២០២៥ នៅ​សង្វៀន​ប្រដាល់​ថោន។

សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ផ្ទះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន ដោយ​មាន​អ្នក​ខ្លះ​គាំទ្រ​សកម្មភាព​របស់​លោក ឃឹម សុជាតិ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​មិន​គាំទ្រ។ ករណី​នេះ លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រាប់សារព័ត៌មាន​«កម្ពុជា​ថ្មី​»​ថា លោក ឃឹម សុជាតិ បាន​ប្រព្រឹត្ត​ខុស​នឹង​គោល​ការ​អាជ្ញា​កណ្តាលពិត​មែន ដូច្នេះ​សហព័ន្ធ​បាន​អញ្ជើញ​លោក​ទៅ​ណែនាំ អប់រំ និង​ព្រមាន​ផ្ទាល់​មាត់​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ ២០២៥។

លោក ខូវ ឆាយ បាន​លើក​ឡើង​ថា ៖«ទាក់​ទង​ករណី​លោក​គ្រូ ឃឹម សុជាតិ ខាង​គណៈកម្មការ​បច្ចេកទេស និង​គណៈកម្មការ​វិន័យ បាន​អញ្ជើញ​លោក​កាល​ពី​ម្សិល​មិញ (ទី១ ខែ​កញ្ញា) ​ដើម្បី​ធ្វើ​ការ​អប់រំ ណែនាំ និង​ពិន័យ​ផ្ទាល់​មាត់​ ចំពោះ​គាត់ ដោយសារ​គាត់​បាន​ប្រព្រឹត្តកំហុស ផ្ទុយ​ពី​បទ​បញ្ជា បច្ចេកទេស​នៃ​ការ​ប្រកួត ក្នុង​នាម​ជា​អាជ្ញា​កណ្តាល​ដែល​មាន​តួនាទី​ដឹក​នាំការ​ប្រកួត។ តួនាទី​នេះ​មាន​សិទ្ធិ​ដឹក​នាំ គ្រប់​គ្រង និង​បញ្ជា​ការ​ប្រកួត ប៉ុន្តែ​គ្មាន​សិទ្ធិ​បង្ក​ហឹង្សា​ទៅ​លើកីឡាករ​ទេ»។

លោក​បាន​បន្ត​ថា ៖«ទោះ​បី​ជា​កីឡាករ​បាន​ល្មើស​នឹង​បទ​បញ្ជា​នៃ​ការ​ប្រកួត ប្រើ​ហិង្សា ឬ​រំលោភ​បំពាន​លើមន្ត្រី​រៀប​ចំ​ការ​ប្រកួត គឺ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​នូវ​បទ​បញ្ជា ការ​ណែនាំ ព្រមាន ដាក់​ពិន័យ កាត់​ពិន្ទុ ឬ​ក៏​បញ្ឈប់​ការ​ប្រកួត ដេញ​ចេញ​ពី​សង្វៀន និង​មាន​ការ​ដាក់​ពិន័យ​ជា​បន្ត​បន្ទាប់​ទៀត​ក្នុង​ករណី​ធ្ងន់​ធ្ងរ ប៉ុន្តែមិន​មាន​សិទ្ធិ​ក្នុង​ការ​តប​ត​ទេ។ ដោយមើល​ឃើញ​នេះ​ជា​កំហុស​លើក​ទី១ ហើយ​ក៏​ជា​កំហុស​ក្នុង​ការការពារ​ខ្លួន ហើយ​មិន​បាន​បង្ក​គ្រោះ​ថ្នាក់ ឬ​របួស​ស្នាម ដែលកីឡាករគ្មាន​រង​គ្រោះ​ទេ ដូច្នេះ​យើង​ត្រឹម​តែ​ព្រមាន​ផ្ទាល់​មាត់ ការ​អប់រំណែនាំ កុំ​ឲ្យ​កើត​មាន​ទង្វើ​បែប​នេះ​ទៀត​ដែល​ជា​គំរូ​មិន​ល្អ​នៅ​ក្នុង​វិស័យ​គុន​ខ្មែរ​យើង»៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top