អ្នកលេងគុនខ្មែរ សុខ ធី និង បឺត សង្ឃឹម ពិតជាមានការផ្គូផ្គងឲ្យប៉ះគ្នាមែនមុនផ្ទុះបញ្ហាព្រំដែន ខ្មែរ-សៀម ខណៈមកដល់ឥលូវនេះមិនទាន់មានការផ្សព្វផ្សាយពីដំណឹងថ្មីពាក់ព័ន្ធការប្រកួតរវាងអ្នកទាំងពីរនៅឡើយទេ។
ថ្លែងក្នុងកិច្ចសម្ភាសមួយ បឺត សង្ឃឹម បានបញ្ជាក់ថា ពីមុនមានការផ្គូផ្គងឲ្យប៉ះកីឡាករ សុខ ធី មែនក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ដោយសារខាងកីឡាករ សុខ ធី មិនអាចចុះមកវាយទម្ងន់ ៥៧គីឡូក្រាមបាន ដូច្នេះខ្លួនក៏យល់ព្រមឡើងទៅវាយទម្ងន់ ៦០គីឡូក្រាមវិញ ប្រសិនបើបានជួបប្រកួតមែន។ គម្រោងនៃការប៉ះគ្នាពីមុនមកនេះគឺគ្រោងប្រកួតអំឡុងខែតុលា ឆ្នាំ២០២៥។
ចំណែកកីឡាករ សុខ ធី ក៏បានបញ្ជាក់ដូចគ្នាដែរថាមានការផ្គូផ្គងឲ្យប៉ះកីឡាករជើងខ្លាំង បឺត សង្ឃឹម មែនអំឡុងមុនពេលមានបញ្ហាព្រំដែន ខ្មែរ-សៀម ។ ការផ្គូផ្គងពេលនោះគឺទម្ងន់ ៦០គីឡូក្រាម និងវាយហ្គង់ធំ ប៉ុន្មានទឹកក៏បាន។ សុខ ធី បញ្ជាក់ដែរថា ខ្លួនពិបាកធ្វើទម្ងន់ចុះមកណាស់ ដោយសារឥលូវធ្ងន់ខ្លាំងវាយត្រឹម ៦០គីឡូក្រាមនេះរៀងពិបាកធ្វើចុះមកផង ដូច្នេះបើប៉ះ សង្ឃឹម សុំវាយតាមទម្ងន់របស់ខ្លួន។
បញ្ជាក់ដែរថា ការផ្គូផ្គង និងព័ត៌មានដែលផ្សព្វផ្សាយពីការប៉ះគ្នារវាង សុខ ធី និង បឺត សង្ឃឹម មុនពេលមានបញ្ហាព្រំដែន ខ្មែរ-សៀម នេះគឺជារឿងពិតមែន។ អ្នកលេងគុនខ្មែរទាំងពីររូបនេះគឺជាជើងខ្លាំងលំដាប់ប្រទេសកម្ពុជាហើយនាពេលបច្ចុប្បន្ននេះដោយគ្រាន់តែ សុខ ធី កន្លងទៅប្រកួតទម្ងន់ ៦០គីឡូក្រាម និង បឺត សង្ឃឹម ប្រកួតក្នុងទម្ងន់ ៥៧គីឡូក្រាម។ ដំណឹងពីការប្រកួតរវាងអ្នកទាំងពីរជាថ្មីទៀតនៅមិនទាន់ផ្សព្វផ្សាយនោះទេ បន្ទាប់ពីបញ្ហាព្រំដែនបានធូរស្រាលហើយក្ដី៕
ប្រភព៖ KAMPUCHEATHMEY