Kai ជាពន្លក​ថ្មី របស់ក្រុមបាល់ទះ ជប៉ុន មានសមត្ថភាពអាចស្នងតំណែង Ishikawa បាន

កីឡាករ Masato Kai ជាពន្លក​ថ្មី​ដ៏មានទេពកោសល្យរបស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ត្រូវបានគេចាត់ទុកជាកីឡាករ មានសក្តានុពល​ម្នាក់ ​ដែល​អាចក្លាយជាអ្នកស្នងតំណែងប្រធានក្រុម Yuki Ishikawa នាពេលអនាគត។

ជាការពិត នៅក្នុងក្រុមបាល់ទះជម្រើសជាតិ ជប៉ុន គឺសម្បូរទៅដោយធនធានកីឡាករល្អៗជាច្រើន។ ជាពិសេស កីឡាករ Ishikawa ដែលជាប្រធានក្រុម និងជាកីឡាករមិនអាចខ្វះបានរបស់ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ។ ទោះបីជាយ៉ាងណា បច្ចុប្បន្នគាត់បានឈានចូលវ័យ ៣០ ឆ្នាំទៅហើយ ដូច្នេះពេលវេលា ក្នុងអាជីពបាល់ទះក៏ទំនងជាមិនយូរទៀតដែរ។ ទោះបីជាយ៉ាងណា ជប៉ុន ត្រូវស្វះស្វែងរកកីឡាករជំនាន់ក្រោយ ដើម្បីជំនួសកន្លែងកីឡាកររបស់ក្រុម Sir Susa Vim Perugia រូបនេះ នាពេលអនាគត។

Masato Kai បច្ចុប្បន្នមានវ័យ ២២ ឆ្នាំ ត្រូវបានគេចាត់ទុកជាកីឡាករដ៏សក្តិសម ដែលអាចមកជំនួសរៀមច្បង Ishikawa បាន ខណៈបច្ចុប្បន្ន រូបគេក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមធំនៃជម្រើសជាតិបាល់ទះ ជប៉ុន ផងដែរ។

Masato Kai ត្រូវបានក្រុមបាល់ទះ ជប៉ុន កោះហៅចូលក្រុមជម្រើសជាតិដំបូង នៅក្នុងឆ្នាំ ២០២៣ ដែលពេលនោះ គេមានវ័យ ២០ ឆ្នាំគត់។ លុះក្រោយមកគេមិនដែលបានបាត់មុខនោះទេ ទាំងការប្រកួតតូច ធំបែបណា ដូចជានៅក្នុងព្រឹត្តិការណ៍ World Cup, Asian Championships, កីឡាអូឡាំពិក ២០២៤, Volleyball Nations League ២០២៤ និងក្នុងឆ្នាំ ២០២៥ ដែលទើបបញ្ចប់ថ្មីៗនេះ រូបគេក៏មានឈ្មោះផងដែរ។

កីឡាករវ័យក្មេង ដែលជាមិត្តរួមក្រុមរបស់ Yuji Nishida នៅក្លិប Osaka Bluteon រូបនេះមានកម្ពស់ដល់ទៅ ២.០០ ម៉ែត្រ។ ជឿជាក់ ច្បាស់ជាមានគេសួរថា តើ Masato Kai អាចជំនួសតំណែង Ishikawa បានដោយរបៀបណា? ចម្លើយនោះ គឺ Kai ជាកីឡាករម្នាក់ ដែលលេងតួនាទីស្មាត់ស្តាំ ដូចគ្នាទៅនឹងរៀមច្បង Ishikawa ផងដែរ។

សមត្ថភាពពិសេសរបស់គេ គឺមានកម្លាំងដៃវាយផ្តាច់ខ្លាំង ហក់បានខ្ពស់។ ម្យ៉ាង​វិញទៀត រូបគេអាចវាយបានទាំងបាល់កៀក និងបាល់ឆ្ងាយ ៣ ម៉ែត្រ។ ​រឿង​ដែលមិនអាចមើលរំលងបាន គឺគេអាចវាយសេវាបានខ្លាំង និងលឿន។ ជាក់ស្តែង អំឡុងពេលប្រកួតពានសកលវិទ្យាល័យ រូបគេតែងតែឈ្នះពានអ្នកវាយសេវាល្អបំផុតជាញឹកញាប់។

Masato Kai ជាកីឡាករវ័យក្មេង ហើយអនាគតរបស់គេក៏នៅវែងឆ្ងាយ។ ដូច្នេះជឿជាក់ថា រូបគេនឹងក្លាយជាកីឡាករដ៏លេចធ្លោ​មួយរូបរបស់ក្រុមបាល់ទះ ជប៉ុន។ យ៉ាងណាមិញ នាការប្រកួតព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ ឆាប់ៗខាងមុខនេះ រូបគេក៏​មានវត្តមានជាមួយក្រុមបាល់ទះជប៉ុនផងដែរ ដោយបច្ចុប្បន្នរូបគេកំពុងតែហ្វឹកហាត់យ៉ាងសកម្មក្នុងជំរំហ្វឹកហាត់៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top