អតីត​អ្នក​ប៉ះសេ​ច្រើន​ជំនាន់​លោក​ ហួត​ សុភា​ លើក​ពី​ការ​លំបាក​រក​ធនធាន​ផ្នែក​ប៉ះ​សេ​

អតីត​អ្នក​ប៉ះ​សេ​ជា​ច្រើន​ជំនាន់​គឺ​លោក​ ហួត​ សុភា​ ថា​មែនទែន​ទៅ​គឺ​ពិបាកក្នុង​ការ​ស្វែង​រក​ធនធាន​ផ្នែក​នេះ​ខ្លាំង​ដោយ​សារ​តែ​យុវជន​ភាគ​ច្រើន​ស្រឡាញ់​តែ​តំណែង​ស្មាត់​ ឬ​តំណែង​ផ្សេងៗ​ទៀត​ក្រៅ​​ពី​តំណែង​នេះ។​

លោក​ ហួត​ សុភា​ បាន​លើក​ឡើងថា​ រូប​លោកធ្លាប់​បាន​ស្វែង​រក​ធនធាន​ប៉ះសេ​​នេះ​រហូត​មក​ដែរ​ ប៉ុន្តែ​ជាក់ស្ដែង​យុវជន​ភាគ​ច្រើន​គឺ​មិន​ចង់​លេង​នៅ​តួនាទី​នេះ​ឡើយ។​ ពួកគេ​ភាគ​ច្រើន​យល់​ថា​តួនាទី​ស្មាត់​ ឬតំណែង​ក្រៅ​ពី​ប៉ះ​សេ​នេះ​គឺ​មាន​គេស្រឡាញ់​គាំទ្រ​ច្រើន​ ដូច្នេះ​ហើយ​ទើប​ស្វែង​រក​ធនធាន​ប៉ះ​សេ​នេះ​មិន​សូវ​បាន។​

ថ្នាក់ដឹកនាំ​សហព័ន្ធ​បាល់ទះ​ក៏​បាន​ធ្លាប់​លើក​ឡើង​ដែរ​ថា​ មាន​ការ​លំបាក​ក្នុង​ការ​រក​ធនធាន​ប៉ះសេ​នេះ​មែន​ដើម្បី​ចូល​ជំរុំ​ជម្រើស​ជាតិ​ ឬ​ជំនួស​រៀមច្បង​ចាស់ៗ​ពី​មុន។​ ដោយ​សារ​ធនធាន​ផ្នែក​នេះ​មិន​សូវ​មាន​ឡើយ​ ដូច្នេះ​សំណូមពរ​ដល់​បណ្ដា​ក្លឹប​ជួយ​បណ្តុះអ្នក​ប៉ះ​សេ​ឲ្យ​បាន​ច្រើន​ផង។​

បញ្ជាក់​ដែរ​ថា​ លោក​ ហួត​ សុភា ជា​អតីត​កីឡាករ​ប៉ះសេ​នៅ​ក្លឹប​បាល់ទះកងពលធំ​អន្តរាគមលេខ៣​ ដែល​លេង​តំណែង​ប៉ះ​សេ​នេះ​ជា​ច្រើន​ឆ្នាំ​ច្រើន​ជាន់​កីឡាករ​មក​ហើយ។​ ថ្មីៗ​​នេះ​លោក​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ​បន្ទាប់​ពី​វ័យ​កាន់​តែចំណាស់​ និង​រាងកាយ​លែង​អំណោយ​ទៅ​ហើយ។​ កីឡាករ​ប៉ះ​សេ​នៅ​កម្ពុជា​គេមើល​ឃើញ​ថា​មិន​សូវ​មាន​ធនធានច្រើន​​មែន​ ពិសេស​នោះ​មិន​ទាន់​អាច​រក​អ្នក​ល្អ​ហួស​កីឡាករ​ចាស់​វស្សា​ សួន​ ចាន់ណារ៉ូ​ បាន​ទៅ​ទៀត៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top