អតីតអ្នកប៉ះសេជាច្រើនជំនាន់គឺលោក ហួត សុភា ថាមែនទែនទៅគឺពិបាកក្នុងការស្វែងរកធនធានផ្នែកនេះខ្លាំងដោយសារតែយុវជនភាគច្រើនស្រឡាញ់តែតំណែងស្មាត់ ឬតំណែងផ្សេងៗទៀតក្រៅពីតំណែងនេះ។
លោក ហួត សុភា បានលើកឡើងថា រូបលោកធ្លាប់បានស្វែងរកធនធានប៉ះសេនេះរហូតមកដែរ ប៉ុន្តែជាក់ស្ដែងយុវជនភាគច្រើនគឺមិនចង់លេងនៅតួនាទីនេះឡើយ។ ពួកគេភាគច្រើនយល់ថាតួនាទីស្មាត់ ឬតំណែងក្រៅពីប៉ះសេនេះគឺមានគេស្រឡាញ់គាំទ្រច្រើន ដូច្នេះហើយទើបស្វែងរកធនធានប៉ះសេនេះមិនសូវបាន។
ថ្នាក់ដឹកនាំសហព័ន្ធបាល់ទះក៏បានធ្លាប់លើកឡើងដែរថា មានការលំបាកក្នុងការរកធនធានប៉ះសេនេះមែនដើម្បីចូលជំរុំជម្រើសជាតិ ឬជំនួសរៀមច្បងចាស់ៗពីមុន។ ដោយសារធនធានផ្នែកនេះមិនសូវមានឡើយ ដូច្នេះសំណូមពរដល់បណ្ដាក្លឹបជួយបណ្តុះអ្នកប៉ះសេឲ្យបានច្រើនផង។
បញ្ជាក់ដែរថា លោក ហួត សុភា ជាអតីតកីឡាករប៉ះសេនៅក្លឹបបាល់ទះកងពលធំអន្តរាគមលេខ៣ ដែលលេងតំណែងប៉ះសេនេះជាច្រើនឆ្នាំច្រើនជាន់កីឡាករមកហើយ។ ថ្មីៗនេះលោកបានប្រកាសចូលនិវត្តន៍ហើយបន្ទាប់ពីវ័យកាន់តែចំណាស់ និងរាងកាយលែងអំណោយទៅហើយ។ កីឡាករប៉ះសេនៅកម្ពុជាគេមើលឃើញថាមិនសូវមានធនធានច្រើនមែន ពិសេសនោះមិនទាន់អាចរកអ្នកល្អហួសកីឡាករចាស់វស្សា សួន ចាន់ណារ៉ូ បានទៅទៀត៕
ប្រភព៖ KAMPUCHEATHMEY