ថ្លៃណាស់! សំបុត្រទស្សនា World Cup ២០២៦ មានតម្លៃខ្ពស់​បំផុត​ជាង​ ៦ ​ពាន់​ដុល្លារ

តម្លៃសំបុត្រនៃការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ដែលធ្វើសហម្ចាស់ផ្ទះនៅ សហរដ្ឋអាមេរិក ម៉ិកស៊ិក និង កាណាដា ឆ្នាំ ២០២៦ នឹងមានតម្លៃថ្លៃបំផុតរហូតដល់ទៅជាងកន្លះម៉ឺនដុល្លារអាមេរិក។

យោងតាមប្រភពពី GOAL បានឱ្យដឹងថា តម្លៃសំបុត្រ World Cup ២០២៦ គឺបែងចែកទៅតាមវគ្គនីមួយៗ។ សម្រាប់ការប្រកួតនៅក្នុងវគ្គចែកពូល គឺសំបុត្រនឹងត្រូវដាក់លក់ចាប់ពី ៦០ ដុល្លារអាមេរិកឡើងទៅ។ ចំណែកនៅវគ្គផ្តាច់ព្រ័ត្រ តម្លៃសំបុត្រនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦,៧៣០ ដុល្លារអាមេរិក។

តាមរយៈតម្លៃនេះ ត្រូវបានគេដឹងថា ជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានមួយនៅក្នុងប្រវត្តិសាស្ត្រ ជើងឯកពិភពលោក ខណៈព្រឹត្តិការណ៍កាលពីឆ្នាំ ២០២២ នៅប្រទេស កាតា គឺតម្លៃសំបុត្រថ្លៃបំផុតត្រឹម ១,៦០៥ ដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះ តម្លៃសំបុត្រក្នុងព្រឹត្តិការណ៍ ២០២៦ គឺមានការកើនឡើងដល់ទៅ ៤០០% បើធៀបនឹងឆ្នាំ ២០២២។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ នៅប្រទេស អាមេរិក ម៉ិកស៊ិក និង កាណាដា ចាប់ពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top