Messi ចាត់ទុកជ័យជម្នះថ្ងៃនេះ ជាក្តីសុបិនរបស់​ខ្លួន​ សម្រាប់ការលេងចុងក្រោយនៅទឹក​ដី អាហ្សង់ទីន

ប្រធានក្រុម Lionel Messi បានបង្ហាញអារម្មណ៍ក្តុកក្តួល ក្រោយការប្រកួតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក ២០២៦ ទល់នឹងក្រុមជម្រើសជាតិ វ៉េណេស៊ុយអេឡា នាព្រឹកថ្ងៃ សុក្រ ទី ៥ ខែ កញ្ញា ឆ្នាំ ២០២៥ ត្រូវជាការប្រកួតចុងក្រោយរបស់ខ្លួន​ នៅ​លើ​ទឹក​ដី​ប្រទេស​ អាហ្សង់ទីន។

ក្រុមជម្រើសជាតិ អាហ្សង់ទីន ពិតជាធ្វើបានល្អខ្លាំងមែនទែន សម្រាប់ការប្រកួតវគ្គជម្រុះជើងឯកពិភពលោកប្រចាំតំបន់ អាមេរិកខាងត្បូង ដោយពួកគេបានទទួលជ័យជម្នះលើក្រុមជម្រើសជាតិ វ៉េណេស៊ុយអេឡា ក្នុងលទ្ធផល ៣ ទល់នឹង ០។ ក្នុងនោះ Leo Messi ស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង នៅនាទីទី ៣៩ និង ៨០។ ចំណែកមួយគ្រាប់ទៀត គឺរកបានដោយ Lautaro Martinez នៅនាទីទី ៧៦។

ក្រោយបញ្ចប់ការប្រកួត ប្រធានក្រុមវ័យ ៣៨ ឆ្នាំ បាននិយាយលាអ្នកគាំទ្រ ចំពោះការប្រកួតចុងក្រោយរបស់ខ្លួននៅទឹកដី អាហ្សង់ទីន ដូច្នេះ ថា៖ «វាមានអនុស្សាវរីយ៍ច្រើន ដែលខ្ញុំធ្លាប់មានបទពិសោធលេងនៅលើទីលានមួយនេះ។ ខ្ញុំតែងតែរីករាយ ដើម្បីលេងតំណាងឱ្យ អាហ្សង់ទីន ជាមួយប្រជាជនរបស់ពួកយើង។… ខ្ញុំរីករាយខ្លាំងណាស់ ដែលអាចបញ្ចប់តាមរបៀបនេះ ក្នុងការលេងនៅទីនេះ ហើយវាជាអ្វី ដែលខ្ញុំតែងតែសុបិនចង់បាន»

នេះគឺជាសារមួយ ដែល Messi បានប្រាប់ទៅកាន់អ្នកគាំទ្រ ជាពិសេសប្រជាជនអាហ្សង់ទីន ថា នេះគឺជាការប្រកួតចុងក្រោយរបស់គាត់ ក្នុងការលេងឱ្យជម្រើសជាតិ អាហ្សង់ទីន នៅទឹកដី អាហ្សង់ទីន។ ពេលវេលាសំខាន់របស់របស់ខ្សែប្រយុទ្ធក្រុម Inter Miami ជាមួយក្រុមរហស្សនាមពពកស គឺនៅសល់ការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ មួយទៀតប៉ុណ្ណោះ។ ដូច្នេះ បន្ទាប់ពីព្រឹត្តិការណ៍នោះ Messi ទំនងជានឹងប្រកាសចូលនិវត្តន៍ហើយ ដោយសារបច្ចុប្បន្នវ័យ​កាន់តែជ្រែខ្លាំង ដែលមិនអាចឱ្យអាជីពជាកីឡាករបាល់ទាត់របស់គាត់ ដំណើរការក្នុងរយៈពេលវែងឆ្ងាយបានទៀតនោះទេ។

Messi គឺជាកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ហើយគាត់ត្រូវបានគេ ចាត់ទុកជាវីរបុរសម្នាក់របស់ អាហ្សង់ទីន ដោយគាត់បានជួយឱ្យជម្រើសជាតិមួយនេះឈ្នះពានជាច្រើន ដូចជាពាន World Cup ១ លើក, Copa America ២ លើក និងពាន CONMEBOL-UEFA Cup of Champions ១លើក៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top